31 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​របស់​ជប៉ុន​ឱ្យ​កម្ពុជា​ទប់ស្កាត់​បទល្មើស​ឆបោក​ឱ្យ​ខ្លាំងក្លា ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ស្នើ​របស់​ភាគី​ជប៉ុន ដែល​ឲ្យ​កម្ពុជា​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន ថា​ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ឆបោក​ទ្រង់ទ្រាយ​ធំ​បែប​ម៉ាហ្វីយ៉ា​នៅ​កម្ពុជា។

ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​នគរបាល​ជាតិ​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៣ បាន​ស្នើ​មក​កាន់​នគរបាល​ជាតិ​កម្ពុជា​ឲ្យ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា និង​សកម្ម​ថែម​ទៀត។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​លោក ស ថេត និង​លោក Yoshimi Ogata អគ្គនាយករង​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ទីភ្នាក់ងារ​ជាតិ​នគរបាល​ជប៉ុន និយាយ​ថា បច្ចុប្បន្ន ពលរដ្ឋ​ជប៉ុន​កំពុង​រងគ្រោះ​ខ្លាំង​ពី​បទល្មើស​នេះ ដែល​ខាតបង់​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា នេះ​ជា​ការ​យកចិត្ត​ទុកដាក់​របស់​ជប៉ុន​ចំពោះ​កម្ពុជា ខណៈ​ជប៉ុន​កំពុង​បង្ហាញ​ការ​បារម្ភ​របស់​ខ្លួន​អំពី​វិបត្តិ​ប្រឈម​របស់​កម្ពុជា​ដែល​មាន​រដ្ឋាភិបាល​ដឹកនាំ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​ជប៉ុន​រួម​ចំណែក​ដ៏​ធំ ទាំង​ការ​ចូលរួម​កម្លាំង និង​ថវិកា​ក្នុង​ការ​ប្រឹងប្រែង​ស្ដារ​ប្រទេស​កម្ពុជា​ឡើងវិញ។

លោក​យល់​ឃើញ​ថា ភាគី​ជប៉ុន​កំពុង​ព្យាយាម​រំឭក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ជ្រមុជ​កម្ពុជា និង​រអិល​ធ្លាក់​ក្នុង​វិបត្តិ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អំពើ​ម៉ាហ្វីយ៉ា​ឆបោក​ទ្រង់ទ្រាយ​ធំ និង​កម្សោយ​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​បណ្ដាញ​អំណាច​នៃ​រដ្ឋាភិបាល។

អ្នកវិភាគ​រូប​នេះ​ថា ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទឹកដី​ដែល​មិត្ត​បរទេស​ល្អៗ ទាំង​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​ខ្លាច​រអើល​ខ្លាំង​ណាស់ ហើយ​រឿង​នេះ​វា​ធ្វើ​ឲ្យ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ៊ុន ម៉ាណែត នៅ​ឯ​វេទិកា​អង្គការ​សហប្រជាជាតិ​ថ្មីៗ​នេះ​អំពី​ការ​សន្យា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នោះ​ក្លាយ​ជា​អាសា​ឥត​ការណ៍។

លោក គឹម សុខ និយាយ​ថា សារ​របស់​ជប៉ុន​ជា​សញ្ញា​ដែល​បញ្ជាក់​អំពី​ការ​អស់​ភាព​អត់ធ្មត់​របស់​ជប៉ុន ដែល​បង្ហាញ​ជំហរ​ងាក​ចេញ​កាន់តែ​ច្បាស់​ពី​កិច្ច​សហការ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​បណ្ដើរៗ និង​ដក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ធំ​លើស​ពេល​កន្លង​មក។

គិត​ចាប់តាំងពី​ខែ​មេសា ដល់​ខែ​តុលា ឆ្នាំ​២០២៣ មាន​ជនជាតិ​ជប៉ុន ជិត ៥០​នាក់​ហើយ​ត្រូវ​រដ្ឋាភិបាល​បណ្ដេញ​ចេញពី​កម្ពុជា ដោយ​សង្ស័យ​ថា អ្នក​ទាំងនោះ​បាន​បង្ខាំង​មនុស្ស និង​ក្នុង​អំពើ​ឆបោក​តាម​ទូរសព្ទ។

ការ​ស្នើ​របស់​អគ្គនាយក​រង​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ទីភ្នាក់ងារ​ជាតិ​នគរបាល​ជប៉ុន លោក Yoshimi Ogata លើកឡើង​ដូច្នេះ ខណៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហៅ​ថា UNODC កាលពី​ចុង​ខែ​កញ្ញា បាន​ចេញ​របាយការណ៍​ថ្មី​មួយ ដោយ​បង្ហាញ​ថា កម្ពុជា​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ។

ចំណែក​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស UN បាន​ចេញ​របាយការណ៍​មួយ​ដោយ​រក​ឃើញ​ថា មនុស្ស​ចំនួន ១០​ម៉ឺន​នាក់​កំពុង​ទទួល​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស