42 C
Phnom Penh

កាសែត​ជប៉ុន៖ ដោយសារ​តែ​ប្រជាធិបតេយ្យ​កម្ពុជា​រងគ្រោះ វា​ជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ផ្ទេរ​ទៅ​ឱ្យ​កូន​របស់​គាត់ គឺជា​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ស្ថាបនា​ឡើង​ដោយ​កម្លាំង​នយោបាយ​របស់​សហគមន៍​អន្តរជាតិ ដែល​ជួយ​ធ្វើ​ឱ្យ​សង្គ្រាម​ស៊ីវិល​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ហើយ​រុញ​ឱ្យ​ប្រទេស​អតីត​កុម្មុយនីស្ត​មួយ​នេះ​ប្រកាន់​យក​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ។

តែ​នៅ​ពេលនេះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​វាយ​កម្ទេច​រួច​ទៅ​ហើយ​ជាមួយ​នឹង​គោលដៅ​កម្ទេច​ក្រុម​ប្រឆាំង ដែល​កាសែត​ជប៉ុន​មួយ​ឈ្មោះ​ថា The Yomiuri Shimbun បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា «ស្ថានភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​រងគ្រោះ គឺជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ប្រទេស​ជប៉ុន» ដែល​ជា​ប្រទេស​ដ៏​ធំ​មួយ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

កាសែត​ដដែល​នេះ​បន្ត​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ផ្ដាច់ការ ដែល​ធ្វើ​ឱ្យ​ជប៉ុន មាន​ស្លាកស្នាម​ជាប់​នឹង​អារម្មណ៍​របស់​ខ្លួន គឺ​វិប្បដិសារី ព្រោះ​ជា​ប្រព័ន្ធ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ជិត ៤០​ឆ្នាំ នៅ​បន្ត​នយោបាយ​យ៉ាង​សកម្ម​ក្នុង​ឋានៈ​ជា​មេដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា បើ​ទោះជា​លោក​ទម្លាក់​អំណាច​ខ្លួនឯង ហើយ​ផ្ទេរ​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ក៏ដោយ។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជាន់ខ្ពស់​កាលពី​ពេល​ថ្មីៗ​នេះ បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ភ្លូកទឹកភ្លូកដី​ដោយ​ទទួល​បាន ៥៥​អាសនៈ​នៃ​អាសនៈ​សរុប​៥៨។ លោក ហ៊ុន សែន ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​ឆក់​យក​អំណាច​មួយ​ទៀត គឺ​ប្រធាន​ស្ថាប័ន​ព្រឹទ្ធសភា។

តំណែង​ស្ថាប័ន​មួយ​នេះ​វា​មាន​សារសំខាន់​មួយ​ផង​ដែរ បើ​និយាយ​ពី​ឋានានុក្រម​នៃ​ស្ថាប័ន​ជាតិ​ធំៗ​របស់​ប្រទេស។ ប្រធាន​ស្ថាប័ន​នេះ​អាច​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ក្នុង​ប្រទេស។ មាន​ន័យ​ថា ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្ដីទី ក៏​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​កិច្ចការ​ធំៗ​របស់​ជាតិ និង​កិច្ចការ​របស់​រាជបល្ល័ង្គ​ផង​ដែរ។

ជ័យជម្នះ​ដែល​គេ​ថា​ឈ្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជាន់​ទាប​កាលពី​ឆ្នាំ​ទៅ​មិញ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ដួល​គណបក្ស​ប្រឆាំង​ធំៗ​រួច​ទៅ​ហើយ ជាពិសេស​គឺ​គណបក្ស​ភ្លើង​ទៀន ដែល​បក្ស​នេះ​មាន​ប្រជាប្រិយភាព និង​មាន​ថាមពល​ធនធាន​កម្លាំង​អ្នកគាំទ្រ​យ៉ាង​ធំ​ជាងគេ​ទាំងអស់​ក្នុង​ចំណោម​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ​មាន​តុល្យភាព​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បក្ស​នេះ​ត្រូវ​បាន​គេ​ដកហូត​សិទ្ធិ​បោះឆ្នោត​ក្រោម​ហេតុផល​ដែល​គេ​ថា​ខ្វះ​ឯកសារ​គតិយុត្តិ។

ឥឡូវ​នេះ ស្ថានភាព​នយោបាយ​នៅតែ​បន្ត​គាប​សង្កត់​គំរាមកំហែង​បក្ស​ប្រឆាំង ទោះ​បក្ស​ប្រឆាំង​កើត​ថ្មី គឺ​ត្រូវ​មាន​គោលដៅ​កម្ទេច​កម្លាំង​ប្រឆាំង​ដដែល បើ​ទោះបីជា​រាជាណាចក្រ​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ​នោះ ដែល​នេះ​បញ្ជាក់​ថា រាជាណាចក្រ​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ត្រកូល​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពី​ខែ​មុន សភា​ប្រថាប់ត្រា​បាន​សម្រេច​បោះឆ្នោត​អនុម័ត​ឱ្យ​កូនប្រុស​ពៅ​ទី​បី​របស់​លោក ហ៊ុន សែន ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី។

ហេតុការណ៍​នេះ ក៏​គេ​ដឹង​ថា​ចិន​គាំទ្រ​ជា​ខ្លាំង​ក្នុង​អំណាច​កណ្ដាប់ដៃ​គ្រួសារ​និយម​របស់​រាជាណាចក្រ​នេះ ដែល​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​អាច​រំលង​ពី​ភ្នែក​ចិន​បាន​ឡើយ។

ចិន​ជា​កម្លាំង​ធនធាន និង​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​លើ​រាជាណាចក្រ​កម្ពុជា។ អ្វី​ដែល​សំខាន់ ចិន​ក្លាយ​ជា​អ្នក​ផ្ដល់​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​មាន​លំនឹង មាន​កម្លាំង​សេដ្ឋកិច្ច​រឹងមាំ ប៉ុន្តែ​ចិន​នៅ​ពី​លើ។ ចិន​ជា​ប្រទេស​ដ៏​ធំ​មួយ​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​មិន​ត្រឹមតែ​លើ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍។

ត្បិត​គេ​មិន​អាច​ប្រកែក​បាន​ចំពោះ​ជំនួយ​របស់​ចិន កម្លាំង​វិនិយោគទុន​របស់​ចិន ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តែ​គេ​នៅតែ​ឆ្ងល់​ថា តើ​គ្រួសារ​លោក ហ៊ុន សែន នឹង​ប៉ុនប៉ង​រក្សា​អំណាច​បាន​យូរ​ប៉ុណ្ណា​ជាមួយ​នឹង​ការ​ពឹង​ផ្អែក​ទៅ​លើ​ឥទ្ធិពល និង​ធនធាន​របស់​ចិន។

គេ​មិន​ត្រូវ​ភ្លេច​ថា​ប្រទេស​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ រួម​មាន​ជប៉ុន សហរដ្ឋ​អាមេរិក អឺរ៉ុប ក៏​ជា​កម្លាំង​ជំនួយ​ដ៏​ធំ​ផង​ដែរ​ដល់​កម្ពុជា ហើយ​ក៏​ជា​កម្លាំង​ដែល​ជំរុញ​ឱ្យ​កម្ពុជា​បញ្ចប់​សង្គ្រាម​ស៊ីវិល​មាន​រយៈពេល​ជាង ២០​ឆ្នាំ​ដែល​ផ្ទុះឡើង​ចាប់តាំងពី​ទសវត្ស​១៩៧០។

ជា​ថ្មី​ម្ដង​ទៀត និយាយ​ពី​ប្រទេស​ជប៉ុន ជប៉ុន​ដូចជា​ប្រទេស​ពិសេស​មួយ ឬ​សំខាន់​មួយ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា និង​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ ការ​ស្ដារ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ក្រោម​អ្វី​ដែល​គេ​ហោ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ការ​កសាង​កម្ពុជា​ដោយ​ឆ្លងកាត់​ការ​សម្លាប់​រង្គាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សម្រាប់​ប្រទេស​ជប៉ុន ក៏​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​របស់​ខ្លួន​មក​ជួយ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ គឺ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​ជប៉ុន ព្យាយាម​អត់ធ្មត់​កសាង​ទំនាក់ទំនង​ល្អ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន ហើយ​តែងតែ​ស្នើ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បន្ត​អនុញ្ញាត​ឱ្យ​មាន​កម្លាំង​ប្រឆាំង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើងវិញ តែ​ទីបំផុត ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រង​គ្រោះថ្នាក់​ទៅ​ហើយ។

ជប៉ុន បាន​ធ្វើ​ពលិកម្ម​គ្រប់​យ៉ាង​ដើម្បី​ប្រព័ន្ធ​ប្រជាធិបតេយ្យ​កម្ពុជា​ជាមួយ​នឹង​ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ ទោះបីជា​ជប៉ុន​ប្រឈមមុខ​នឹង​ផលវិបាក​រង​ការ​រិះគន់​យ៉ាងណា​ក៏ដោយ គឺ​ធ្វើ​ម្ដេច​ឱ្យ​តែ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដំណើរការ​ល្អ​ប្រសើរ តែ​ពេលនេះ គឺជា​រឿង​ខកចិត្ត ក្បត់​នឹង​ការ​រំពឹង​របស់​ប្រទេស​ជប៉ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស