28 C
Phnom Penh

រដ្ឋ​កុម្មុយនីស្ត​គុយបា​ធ្លាក់​ក្នុង​ចលនា​ប្រជាជន​ទាមទារ​បញ្ចប់​របប​ផ្ដាច់ការ​មួយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាមួយ​នឹង​សម្រែក​ខ្លាំងៗ គឺ​សេរីភាព! បាតុករ​រាប់​ពាន់​នាក់​នៃ​ប្រជាជន​គុយបា ចុះ​ដើរ​តវ៉ា​តាម​ដង​មហាវិថី​នានា​នៅ​ពាសពេញ​ប្រទេស ជាពិសេស​នៅ​រដ្ឋធានី​ឡាហាន់ របស់​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ ដែល​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ច្រើន​ទសវត្ស​មក​នេះ។

បាតុករ​បាន​ស្រែក​ថែមទៀត ដោយ​ថ្កោលទោស​ការ​គាបសង្កត់​ជិះជាន់​ពី​សំណាក់​របប​កុម្មុយនីស្ត ហើយ​ថ្កោលទោស​ទៀត​ចំពោះ​ការ​មិន​គិតគូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ប្រជាជន​កំពុង​ជួប​វិបត្តិ​ស្បៀង និង​ថ្នាំពេទ្យ ខណៈ​ប្រទេស​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន បាន​ចុះ​ផ្សាយ​ថា បាតុកម្ម​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ​នៅ​ថ្ងៃ​នេះ គឺ​នៅតែ​បន្ត​រីក​រាលដាល​នៅ​ពាសពេញ​ប្រទេស ទោះ​ជា​រង​ការ​វាយ​បង្ក្រាប​ពី​កម្លាំង​ប៉ូលិស​ដោយ​បណ្ដាល​ឱ្យ​ស្លាប់​បាតុករ​ម្នាក់ និង​របួស​ជាច្រើន​នាក់។ តែ​នេះ​ជា​ចលនា​របស់​ប្រជាជន​ដែល​ជា​ផែនការ​មួយ​ទាមទារ​ឱ្យ​បញ្ចប់​របប​ម៉ាស៊ីស​ផ្ដាច់ការ​មួយ​នេះ។

Erika Guevara Rosas នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែល​ប្រចាំការ​នៅ​ប្រទេស​ម៉ិចស៊ីកូ បាន​បញ្ចេញ​របាយការណ៍​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា បាតុករ​ជាច្រើន​បាន​រង​របួស​ដោយសារ​ការ​វាយ​បង្ក្រាប ការ​ចាប់​ខ្លួន ហើយ​អ្នកកាសែត​ក៏​រង​ការ​វាយ​បង្ក្រាប​ផង​ដែរ​ពេល​ប៉ូលិស​ការពារ​របប​កុម្មុយនីស្ត។ តាម​ការ​ឱ្យ​ដឹង​របស់​អ្នកស្រី Erika Guevara Rosas អាជ្ញាធរ​គុយបា ចាប់ផ្ដើម​ដាក់​ពង្រាយ​កងទ័ព​ហើយ​នៅ​ពេល​នេះ។

អ្នកស្រី Erika Guevara-Rosas បាន​ហៅ​ការ​ការ​តវ៉ា​របស់​ពលរដ្ឋ​គុយបា ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​រដ្ឋ​កុម្មុយនីស្ត​គុយបា។

តែ​បែប​នេះ​ក្ដី នៅ​លើ​បណ្ដាញ​សង្គម ចលនា​បះបោរ​ប្រឆាំង​របប​ផ្ដាច់ការ​មួយ​នេះ​ក៏​មាន​សកម្មភាព​ពុះកញ្ជ្រោល​ខ្លាំង​ដែរ។ ពលរដ្ឋ​ដែល​មិន​បាន​ចេញ​ដើរ​តាម​ដង​មហាវិថី ពួកគេ​បាន​បញ្ចេញ​រូបភាព និង​សារ​ទាមទារ​ឱ្យ​ក្បាល​ម៉ាស៊ីន​កុម្មុយនីស្ត​បញ្ចប់​របប​ផ្ដាច់ការ​របស់​ខ្លួន ហើយ​ផ្ដល់​សេរីភាព​ទៅ​ឲ្យ​ប្រជាជន។

ក្នុង​ស្ថានភាព​ប្រឈម​នឹង​កំហឹង​របស់​ប្រជាជន ប្រធានាធិបតី Miguel Diaz-Cane បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​បដិវត្តន៍​នៃ​បក្ស​កុម្មុយនីស្ត​គុយបា ចុះ​តាម​ដង​ផ្លូវ​ដើម្បី​ប្រឆាំង​នឹង​ពួក​បាតុករ​ដែល​លោក​ចាត់ទុក​ជា​អ្នកប្រឆាំង​បដិវត្តន៍។

លោក​ប្រធានាធិបតី​គុយបា រូប​នេះ​ចោទ​បាតុកម្ម​នៅ​គុយបា​ពេល​នេះ​រៀបចំ​ដោយ​មនុស្ស​មួយ​ក្រុម​ប្រឆាំង​នឹង​បដិវត្តន៍ និង​ក្រុម​អ្នក​ស៊ីឈ្នួល​ដែល​រដ្ឋការ​សហរដ្ឋ​អាមេរិក​ជា​អ្នក​ផ្ដល់​មូលនិធិ ដើម្បី​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង។

តែ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​លោក Miguel Diaz-Cane ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​អហិង្សា។ បាតុកម្ម​ទាមទារ​បញ្ចប់​របប​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​គុយបា បាន​អង្រួន​ពិភពលោក។

មេដឹកនាំ​ពិភពលោក​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ពលរដ្ឋ​គុយបា ដែល​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំង​ប្រទេស​ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា មក។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប លោក Josep Borrell ដែល​តំណាង​ឱ្យ​ប្រទេស​ចំនួន​២៧ នៅ​អឺរ៉ុប បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គុយបា ទទួល​យក​ការ​ទាមទារ​របស់​ប្រជាជន​គុយបា។

អភិបាល​ក្រុង Miami ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឲ្យ​រដ្ឋការ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដឹកនាំ​កិច្ចប្រឹងប្រែង​ជា​អន្តរជាតិ​មួយ​ដើម្បី​ជួយ​ដល់​ប្រជាជន​គុយបា​ដែល​កំពុង​ទទួល​រង​ការឈឺចាប់ ក្រោម​ការ​ដឹកនាំ​ដ៏​យូរអង្វែង​នៃ​របប​កុម្មុយនីស្ត​នៃ​ប្រទេស​ដែន​កោះ​មួយ​នេះ គឺ​ជាង ៥០​ឆ្នាំ​មក​ហើយ។

លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​រដ្ឋ Florida បាន​ហៅ​បាតុកម្ម​នេះ​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅ​គុយបា។ លោក​ប្រកាស​គាំទ្រ និង​សរសើរ​ប្រជាជន​គុយបា។ លោក Marco Rubio បាន​សម្ដែង​ជំហរ​ដូចនេះ​នៅ​ក្នុង​លិខិត​មួយ​របស់​លោក​ផ្ញើ​ជូន​ប្រធានាធិបតី​អាមេរិក លោក Joe Biden។ លោក​ក៏​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី Biden ជួយ​គាំទ្រ​ស្មារតី​របស់​ប្រជាជន​គុយបា។ ចំណែក​ប្រធានាធិបតី​ម៉ិកស៊ីកូ លោក Andrés Manuel López Obrador បាន​ហៅ​ការ​បះបោរ​របស់​ប្រជាជន​គុយបា កើត​ចេញ​ពី​ការអត់ឃ្លាន​ក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។ លោក​បាន​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក លុបចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​គុយបា ដែល​មាន​អាយុកាល ៥​ទសវត្ស​មក​ហើយ​នេះ។

ដោយឡែក​ប្រទេស​រុស្ស៊ី ដែល​ជា​ខ្នង​បង្អែក​ដ៏​ធំ​នៃ​របប​កុម្មុយនីស្ត​គុយបា បាន​ព្រមាន​កុំ​ឱ្យ​មាន​ការ​ចូល​ជ្រៀតជ្រែក​ណាមួយ​ពី​បរទេស។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស គឺ​រដ្ឋាភិបាល​រុស្ស៊ី បាន​ចេញ​មុខ​គាំទ្រ​របប​នៅ​គុយបា​ដោយ​បញ្ជាក់​ថា រុស្ស៊ី មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​លូកដៃ​របស់​បរទេស​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គុយបា។

មហាអំណាច​រុស្ស៊ី និយាយ​បែប​នេះ​គឺ​ទំនង​សំដៅ​ទៅលើ​សហរដ្ឋ​អាមេរិក ដែល​មហាអំណាច​មួយ​នេះ​កំពុង​រក​បទ​អន្តរាគមន៍​ឱ្យ​មាន​ការផ្លាស់ប្ដូរ​នៅ​គុយបា។

តាម​ព័ត៌មាន​ចុងក្រោយ រុស្ស៊ី​មាន​ផែនការ​បញ្ជូន​កងទ័ព​ដើម្បី​ជួយ​ការពារ​សណ្ដាប់ធ្នាប់ និង​ទ្រទ្រង់​របប​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​រដ្ឋធានី​ឡាហាវ៉ាន់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស