រដ្ឋាភិបាលនៃប្រទេសគុយបា ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ថា រដ្ឋាភិបាលសម្រេចលើកលែងទោសដល់អ្នកទោសនយោបាយសរុបចំនួន ២០១០នាក់ ដើម្បីជាកាយវិការមនុស្សធម៌មួយនៅមុនបុណ្យសាសនាគ្រិស្ត Easter ឈានចូលមកដល់ ស្របពេលដែលសហរដ្ឋអាមេរិក កំពុងបង្កើនសម្ពាធខ្លាំងលើទីក្រុងឡាហាវ៉ាន់។
សេចក្តីប្រកាសស្ដីពីការដោះលែងអ្នកទោសនេះ ធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយការបិទខ្ទប់លំហូរប្រេងទៅកាន់ប្រទេសគុយបា តាមរយៈការអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី បើកចូលទៅឱ្យប្រទេសដែនកោះតំបន់សមុទ្រការីបៀន (Caribbean) មួយនេះ ដែលកំពុងជួបវិបត្តិប្រេងឥន្ធនៈធ្ងន់ធ្ងរ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានទាមទារឱ្យមានការផ្លាស់ប្ដូរក្នុងប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសគុយបា ដែលគ្រប់គ្រងដោយរបបដឹកនាំបែបកុម្មុយនីស្ត ដែលលោកប្រធានាធិបតីអាមេរិកតែងតែលើកឡើងពីលទ្ធភាពកាន់កាប់ប្រទេសនេះ ប្រសិនបើមានអំពើបះបោរប្រឆាំងរដ្ឋាភិបាល។
ទាំងទីក្រុងវ៉ាស៊ីនតោន ទាំងទីក្រុងឡាហាវ៉ាន់ មួយរយៈចុងក្រោយនេះ បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយគ្នា ប៉ុន្តែនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១២ ខែមីនា រដ្ឋាភិបាលគុយបា បានប្រកាសថានឹងដោះលែងអ្នកទោសត្រឹម ៥១នាក់ប៉ុណ្ណោះ ដើម្បីជាសញ្ញានៃសុច្ឆន្ទៈចំពោះបុរីវ៉ាទីកង់ ដែលបានដើរតួនាទីជាអ្នកសម្រុះសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡាហាវ៉ាន់។
តែកាលពីពេលថ្មីៗនេះ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ទទួលស្គាល់ថា កិច្ចពិភាក្សាដែលមានទំនុកចិត្តនឹងគ្នា ត្រូវបានធ្វើឡើងរវាងក្រុមមន្ត្រីគុយបា និងក្រុមមន្ត្រីអាមេរិក ប៉ុន្តែរដ្ឋាភិបាលគុយបា មិនបានប្រាប់ឱ្យច្បាស់អំពីករណីអ្នកទោសដែលត្រូវបានលើកលែងទោស ឬបទល្មើសដែលពួកគេបានប្រព្រឹត្តអំឡុងអ្នកទោសត្រូវដោះលែងនោះទេ។
ការទាមទារដោះលែងអ្នកទោសនយោបាយ គឺជាគោលបំណងរបស់រដ្ឋការលោក ដូណាល់ ត្រាំ។
ការិយាល័យប្រធានាធិបតីគុយបា បាននិយាយថា នេះគឺជាលើកទី៥ ហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលរដ្ឋាភិបាលបានលើកលែងទោសដល់អ្នកទោសដែលប្រឆាំងរបបកុម្មុយនីស្តមានចំនួនដ៏ច្រើនដូចនេះ។
ចាប់តាំងពីឆ្នាំ២០១១ មក យ៉ាងហោចណាស់មានអ្នកទោសជាង ១ម៉ឺន ១ពាន់នាក់ត្រូវបានដោះលែង ក្នុងនោះភាគច្រើនជាអ្នកទោសនយោបាយ។
ក្រោយពីទ័ពអាមេរិកចាប់ខ្លួនជនផ្ដាច់ការវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ផលិតផលប្រេងរបស់វេណេហ្ស៊ុយអេឡា ធ្លាក់ក្នុងដៃអាមេរិកទាំងស្រុង។
ប្រទេសគុយបា ដែលពឹងខ្លាំងពីការនាំប្រេងពីវេណេហ្ស៊ុយអេឡា ត្រូវបានរដ្ឋការលោក ដូណាល់ ត្រាំ បិទខ្ទប់ បណ្ដាលឱ្យប្រទេសកុម្មុយនីស្តមួយនេះពុំមានភ្លើងអគ្គិសនី និងប្រេងឥន្ធនៈប្រើប្រាស់គ្រប់គ្រាន់ ជាហេតុបង្កឱ្យផ្ទុះវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ មនុស្សអត់ការងារធ្វើកាន់តែកើនឡើង។
ប្រជាជនគុយបា ដែលហត់នឿយដោយវិបត្តិសេដ្ឋកិច្ចអស់ជាច្រើនឆ្នាំមកហើយ ឥឡូវនេះត្រូវរស់ដោយគ្មានអគ្គិសនីប្រើប្រាស់ច្រើនសប្តាហ៍។ ការកើនឡើងថ្លៃចំណាយ តម្លៃប្រេងឥន្ធនៈ និងកង្វះថ្នាំពេទ្យ ជំរុញឱ្យមនុស្សជាច្រើនទ្រាំទ្រលែងបាន ទើបបង្កឱ្យផ្ទុះកំហឹងពីសំណាក់យុវជន។
ការផ្ទុះកំហឹងរបស់ប្រជាជនគុយបា បើទោះជាផ្ទុះចេញពីខេត្តមួយក៏ដោយ តែវាជាសញ្ញាអាសន្នធ្ងន់ធ្ងរថាប្រទេសដែនកោះដ៏តូចមួយក្បែរអាមេរិកនេះ អាចនឹងធ្លាក់ក្នុងរលកបដិវត្តន៍ផ្ដួលរដ្ឋាភិបាលរបស់ខ្លួនដូចនឹងប្រទេសនៅអាស៊ីខាងត្បូង ហើយចង់មិនចង់ អាមេរិកចូលជ្រៀតជ្រែកទៀត រលកបះបោរផ្ដួលរំលំរបបផ្ដាច់ការនៃរដ្ឋាភិបាលកុម្មុយនីស្តអាចជៀសមិនរួចឡើយ។
លោក ត្រាំ នៅតែបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលជាក់ស្ដែងពេលនេះ អាមេរិកហ៊ុមព័ទ្ធប្រេងឥន្ធនៈមិនឱ្យចូលគុយបា ស្របពេលដែលអាមេរិកជាអ្នកគ្រប់គ្រងប្រេងរបស់ប្រទេសវេណេហ្ស៊ុយអេឡា។
តើប្រទេសគុយបា មានប្រវត្តិដូចម្ដេច?
គុយបា មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋគុយបា។ ទោះជាដាក់ជាប្រទេសសាធារណរដ្ឋពិតមែន តែប្រទេសដែនកោះមួយនេះនៅបន្តប្រកាន់របបកុម្មុយនីស្តតាំងពីក្រោយសង្គ្រាមលោកលើកទី២។
ប្រទេសដែលកោះនៃសមុទ្រការីបៀន មានផ្ទៃដីសរុបចំនួន ១១ពាន់ ៨៦០គីឡូម៉ែត្រការ៉េ និងប្រជាជនចំនួនប្រមាណ ១១លាននាក់។ ប្រទេសនេះមានរាជធានីឈ្មោះថា ហាវ៉ាន់ណា (Havana)។ គុយបា មានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះរវាងសមុទ្របីធំៗ គឺមហាសមុទ្រអាត្លង់ទិចខាងជើង (North Atlantic Ocean) ឈូងសមុទ្រម៉ិចស៊ីកូ (Gulf of Mexico) និងសមុទ្រការីបៀន (Caribbean Sea)។ ប្រទេសនេះមានរយៈចម្ងាយត្រឹមតែប្រមាណ ១៦៥គីឡូម៉ែត្រពីរដ្ឋ Florida នៃសហរដ្ឋអាមេរិក។
បើទោះបីជាគុយបា ទទួលបានឯករាជ្យ ក៏សហរដ្ឋអាមេរិកនៅតែអាចបន្តចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគុយបា បាន ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគីឈ្មោះថា Platt Amendment ដែលក្នុងនោះមានលក្ខខណ្ឌ ៨ចំណុច ដែលរដ្ឋាភិបាលគុយបា ផ្តល់សច្ចាប័នមិនឱ្យសហរដ្ឋអាមេរិកចូលអន្តរាគមន៍រាល់កិច្ចការជាតិ និងអន្តរជាតិ ដើម្បីធានា និងការពារនូវឯករាជភាពរបស់ខ្លួន។
ការគាបសង្កត់ និងអំពើពុករលួយគ្រប់ទម្រង់ផ្សេងៗទូទាំងប្រទេស ជាពិសេសការមិនចុះសម្រុងរវាងមេដឹកនាំបានបន្តជាបញ្ហាប្រឈមជាបន្តបន្ទាប់។
រហូតដល់ឆ្នាំ១៩៥៩ គុយបា បានផ្លាស់ប្ដូររបបដឹកនាំពីប្រទេសដែលកំពុងស្ថិតក្នុងអន្តរកាលនៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ទៅជាកុម្មុយនីស្តផ្ដាច់ការរណបសហភាពសូវៀត តាមរយៈបដិវត្តន៍ដែលដឹកនាំដោយលោក ហ្វីដែល កាស្ត្រូ (Fidel Castro) ជាប្រធានាធិបតី។
បដិវត្តន៍នៅគុយបា នៅ១៩៥៣ ដល់ឆ្នាំ១៩៥៩
ព្រោះតែបរាជ័យមិនអាចពង្រឹងរបបប្រជាធិបតេយ្យ ជាឱកាសផ្ដល់ឱ្យបុរសខ្លាំង លោក ហ្វីដែល កាស្ត្រូ ក្ដោបក្ដាប់អំណាចពេញដៃជាមួយក្រុមបក្សពួក និងគ្រួសាររបស់គាត់ ក្នុងការដឹកនាំប្រទេសផ្អែកលើមនោគមវិជ្ជា ម៉ាក្សស៊ីស-លេនីននិយម។ មេដឹកនាំរូបនេះហើយដែលបានប្រកាសជាផ្លូវការថា គុយបាជារដ្ឋកុម្មុយនីស្ត និងជាសម្ពន្ធមិត្តជាមួយសហភាពសូវៀត អំឡុងពេលសង្គ្រាមត្រជាក់ និងរហូតមកដល់ពេលនេះ។
បន្ទាប់ពីបដិវត្តន៍សម្រេចបានជោគជ័យនៅឆ្នាំ១៩៦១ សហរដ្ឋអាមេរិកបានផ្ដាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយប្រទេសគុយបា ព្រមទាំងបានចាប់ផ្ដើមដាក់សម្ពាធទៅលើប្រទេសដែនកោះមួយនេះតាមរយៈទណ្ឌកម្មសេដ្ឋកិច្ចរហូតមកដល់សព្វថ្ងៃនេះ។
គេនៅចងចាំអំពីវិបត្តិមីស៊ីលនៅគុយបា នៅក្នុង១៩៦២
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងគុយបា បានបង្កលក្ខណៈឱ្យសហភាពសូវៀត ពង្រឹងវិស័យការពារជាតិប្រទេសគុយបា ព្រោះដែនកោះមួយនេះមានទីតាំងភូមិសាស្ត្រនៅជិតប្រកៀកនឹងសហរដ្ឋអាមេរិក បំផុត ដែលជាហេតុធ្វើឱ្យមេដឹកនាំសហភាពសូវៀត កាលនោះ គឺលោក Nikita Khrushchev មានឱកាសពង្រីកវិសាលភាពនៃយុទ្ធសាស្ត្រត្រៀមប្រយុទ្ធ ដោយបានកសាងមូលដ្ឋានទ័ពជើងទឹកឈរជើងនៅប្រទេសគុយបា។
សូវៀត បានបញ្ជូនអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាច្រើនទៅដាក់ពង្រាយនៅគុយបា គឺជាការគំរាមអាមេរិកដ៏គ្រោះថ្នាក់។ ក្នុងស្ថានភាពដ៏ផុយស្រួយដូចនេះ បាននាំឱ្យពលរដ្ឋអាមេរិកបារម្ភថាប្រទេសខ្លួនកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ដោយសារតែសង្គ្រាមនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត អាចនឹងផ្ទុះឡើង។
ក្រោយការចរចារយៈពេល ១៣ថ្ងៃរវាងប្រធានាធិបតីអាមេរិក John F. Kennedy និងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីសូវៀត Nikita Khrushchev ភាគីសូវៀត យល់ព្រមដកអាវុធនុយក្លេអ៊ែរចេញពីប្រទេសគុយបា ប៉ុន្តែភាគីសហរដ្ឋអាមេរិកវិញក៏ត្រូវសន្យាថាខ្លួននឹងមិនចូលឈ្លានពានប្រទេសគុយបា។
យ៉ាងណា ភាពតានតឹងរវាងប្រទេសគុយបា និងអាមេរិក នៅតែបន្តកើតមានជាបន្តបន្ទាប់ បើទោះបីជាវិបត្តិមីស៊ីលគុយបា ត្រូវបានដោះស្រាយ។
និយាយទៅ តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ពេលនេះ បើទោះជាគុយបា អនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារសេរីក្រោយសហភាពសូវៀត ដួលរលំក៏ដោយ ក៏អាមេរិកនៅតែចិញ្ចឹមចិត្តបង្កភាពតានតឹង និងដាក់ទណ្ឌកម្មលើគុយបា ដដែល៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

