29 C
Phnom Penh

គ្រឿងញៀន​ជិត ៨​តោន​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រឿងញៀន​ជិត ៨​តោន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​បែប​ណា​ក្ដី។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ជិត ៨​តោន ឬ​ស្មើ​នឹង ៧៦២៤,៣១​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។

បើ​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត ៨​តោន​ដែល​សមត្ថកិច្ច​ដុត​បំផ្លាញ​នៅ​ថ្ងៃ​នេះ គឺ​ទទួល​បាន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ឆ្នាំង ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ។

របាយការណ៍​ដដែល​បញ្ជាក់​ថា គ្រឿងញៀន​ដែល​ត្រូវ​ដុត​បំផ្លាញ​នោះ​រួម​មាន៖

  • ហេរ៉ូអ៊ីន អឹមដេអឹមអា (ថ្នាំ​គ្រវី)
  • កញ្ឆា
  • កាទីណូន
  • មេតំហ្វេតាមីន
  • កេតាមីន
  • និង​នីមេតាហ្សេប៉ាម ដែល​ជា​សារធាតុ​គីមី​ផ្សំ​ជាដើម។

អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​ដុត​កម្ទេច​គ្រឿងញៀន នា​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​បង្ក្រាប​បាន​គ្រឿងញៀន​ច្រើន​បែប​នេះ ដោយសារ​សមត្ថកិច្ច​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​ការ​បង្ក្រាប និង​រឹបអូស​បាន​ពី​ជនល្មើស។ លោក​បន្ត​ថា គ្រប់​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ ត្រូវ​បាន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

កាលពី​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ចាប់​មេខ្លោង​គ្រឿងញៀន​មក​ដាក់​ទោស​ឲ្យខាងតែ​បាន ប៉ុន្តែ​យុទ្ធនាការ​នេះ​ត្រូវ​គេ​មើលឃើញ​ថា​បរាជ័យ ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការប្រើប្រាស់ ជួញដូរ ផលិត និង​ចែកចាយ​គ្រឿងញៀន​បាន​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ជនបទ។

ការ​កើន​ឡើង​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចរាចរ​គ្រឿងញៀន ដោយ​លើកឡើង​ថា បើ​មិន​ស្រុះ​គ្នា​ធ្វើ​កិច្ចការ​នេះ​ទេ ថ្ងៃ​ណាមួយ​គ្រឿងញៀន​នឹង​ត្រួតត្រា​កម្ពុជា។

បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រាល់​ថ្ងៃ បង្ហាញ​ថា សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ​ពី ១០ ទៅ ២០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ហើយ​ជនល្មើស​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា កា​រដាក់​ចេញ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នា​ពេល​កន្លងមក​រហូត​ដល់​បច្ចុប្បន្ន ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឱ្យ​ការប្រើប្រាស់ ជួញដូរ ផលិត និង​ចែកចាយ​គ្រឿងញៀន​រីក​រាល​សាយភាយ​កាន់តែ​ខ្លាំង​ឡើង ដោយសារតែ​ឧក្រិដ្ឋជន​ធំ​ដែល​កំពុង​ជួញដូរ​គ្រឿងញៀន​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

លោក យង់ គិមអេង បន្ត​ថា ប្រសិនជា​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់ និង​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ធំ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ទេ នោះ​ពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​ចំពោះ​វិធានការ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​កន្លង​មក។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​មិន​បាន​ទេ គ្រឿងញៀន​នឹង​បំផ្លាញ​អនាគត​យុវជន បង្ក​អសន្តិសុខ​ក្នុង​សង្គម ហើយ​រដ្ឋ​នឹង​ខាតបង់​ថវិកា​កាន់តែ​ច្រើន​ទៅលើ​កម្មវិធី​ស្ដារ​នីតិសម្បទា។ លោក​បន្ត​ថា នា​ពេល​ខាង​មុន កម្ពុជា​នឹង​ក្លាយ​ជា​ទីតាំង​របស់​ក្រុម​ឧក្រិដ្ឋជន​ធំៗ​សម្រាប់​ប្រើប្រាស់ ជួញដូរ ផលិត និង​ចែកចាយ​គ្រឿងញៀន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​លើកឡើង​ដែរ​ថា រដ្ឋាភិបាល​ពុំ​មាន​វិធី​កម្ចាត់​គ្រឿងញៀន​នៅ​កម្ពុជា​ឡើយ ដោយសារ​កម្ពុជា​មិន​បាន​ដាក់​គុក​មេ​ឈ្មួញ​គ្រឿងញៀន​នោះ​ទេ ទោះបី​ដឹង​ដែរ​ថា គ្រឿងញៀន​នេះ​គឺជា​ជំនួញ​កើប​ផលប្រយោជន៍​របស់​អ្នក​ដឹកនាំ​ប្រទេស​ដែល​មាន​ឧកញ៉ា​ខ្លះ និង​មន្ត្រី​ធំៗ​មួយ​ចំនួន​ជា​មេ​បណ្ដាញ​ជួញដូរ​ដោយ​ផ្ទាល់​ក៏ដោយ។

លោក​បន្ត​ថា ការ​បង្ក្រាប​គ្រឿងញៀន​នៅ​កម្ពុជា គ្រាន់តែ​ជា​យុទ្ធនាការ​សិល្បៈ​របស់​ពួក​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​គ្រឿងញៀន ក្នុង​ការ​រក​ប្រយោជន៍​ពី​គ្រឿងញៀន ពីព្រោះ​តំណែង​របស់​មន្ត្រី​ទាំងនោះ​កាន់តែ​ធំ​ក្នុង​តួនាទី​បង្ក្រាប​គ្រឿងញៀន ពួកគេ​កាន់តែ​មាន​ទ្រព្យសម្បតិ្ត​ស្ដុកស្ដម្ភ ដោយសារតែ​អ្នក​ចែកចាយ​គ្រឿងញៀន​ជា​ភ្នាក់ងារ​រក​លុយ​ឱ្យ​ពួកគេ មិន​មែន​ជា​ជនល្មើស​ដែល​ពួកគេ​ត្រូវ​បង្ក្រាប​នោះ​ទេ។

លោក គឹម សុខ បន្ត​ថា នៅ​កម្ពុជា ឈ្មួញ​គ្រឿងញៀន​កាន់តែ​ធំ គឺ​កាន់តែ​មាន​អំណាច​ក្នុង​ការ​រកស៊ី​ចែក​ប្រយោជន៍​ជាមួយ​មន្ត្រី ហើយ​ពួក​ឈ្មួញ​គ្រឿងញៀន​ទាំងនោះ​មិន​ដែល​ខ្លាច​គុក​ឡើយ ដោយ​ពួកគេ​ចាត់ទុក​មេ​គុក និង​មន្ត្រី​គុក គ្រាន់តែ​ជា​អ្នក​ចាំ​សុំ​លុយ​របស់​ពួកគេ​ចាយ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នឹង​កំពុង​ក្លាយ​ជា​ឋានសួគ៌​របស់​ក្រុម​ឧក្រិដ្ឋជន និង​ឈ្មួញ​គ្រឿងញៀន​ធំៗ​ទៅ​ហើយ។

កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​ថា កម្ពុជា​គឺ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ បើ​ទោះបីជា​កម្ពុជា​កំពុង​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ក្តី។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ខែ​មករា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ជាង ១​ម៉ឺន​ករណី (១០៤៦១​ករណី) និង​រឹបអូស​បាន​ភស្តុតាង​គ្រឿងញៀន​ចំនួន​ជាង ៣​តោន (៣១៨៩​គីឡូក្រាម) និង​សារធាតុ​គីមី​ផ្សំ​ចំនួន​ជាង ៥​តោន (៥០២៥​គីឡូក្រាម)។

របាយការណ៍​ដដែល​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​នោះ សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​ជាង ២​ម៉ឺន ១​ពាន់​នាក់ (២១៥៦៦​នាក់) មាន​ជនបរទេស ៣៨៩​នាក់ ក្នុង​នោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ កែច្នៃ រក្សាទុក និង​ដាំដុះ​ចំនួន​ជាង ១​ម៉ឺន ២​ពាន់ (១២៧៣៩​នាក់) និង​អ្នក​ប្រើប្រាស់​ចំនួន ៨៨២៧​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស