មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា អះអាងថា ក្នុងស្ថានភាពនេះ កម្ពុជាកំពុងឈានទៅរកការឆ្លងរីករាលដាលជំងឺ Covid-19 ទ្រង់ទ្រាយធំក្នុងសហគមន៍ ដែលនឹងបង្កគ្រោះមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល និងធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជនកាន់តែច្រើន រួមទាំងបង្កឲ្យមានផលវិបាកសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជាកាន់តែធ្ងន់ធ្ងរផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំដល់អាជ្ញាធរទាំង ២៥រាជធានីខេត្តនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឲ្យអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងផ្លាស់ប្ដូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស Covid-19 តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។
លោកអំពាវនាវឲ្យអាជ្ញាធរតាមបណ្តាខេត្តទាំងអស់នៅកម្ពុជា ប្រឹងប្រែងទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លងជំងឺ Covid-19 ប្រភេទថ្មី DELTA ដែលមានលក្ខណៈធ្ងន់ធ្ងរ និងកាចសាហាវជាងមុន ឲ្យខ្លាំងជាទីបំផុត ដើម្បីកុំឲ្យជ្រៀតចូលក្នុងសហគមន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យឯកជនដែលជាគន្លឹះក្នុងការកាត់បន្ថយការឆ្លងវីរុស Covid-19 នេះ។
លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារដោយការបើកយុទ្ធនាការទូទាំងប្រទេស ដើម្បីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់នៃវីរុស Covid-19 និងការរៀនរស់តាមគន្លងថ្មី គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុត។
សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងការឆ្លងវីរុស Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការទប់ស្កាត់ជំងឺ Covid-19 បំប្លែងខ្លួនថ្មី DELTA នៅពេលនេះ។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថារដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ ដើម្បីទប់ស្កាត់ជំងឺ Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាព។
យុទ្ធសាស្ត្រទាំងនោះរួមមាន៖
- ការទប់ស្កាត់ការនាំចូលនូវមេរោគ Covid-19 បំប្លែងថ្មី
- ការកាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឲ្យមានកម្រិតទាប
- បន្តព្យាបាលអ្នកឆ្លងឲ្យជាសះស្បើយ និងកាត់បន្ថយអ្នកស្លាប់
- គ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺ Covid-19
- ការរៀបចំសព និងបូជាសពឲ្យមានភាពល្អប្រសើរ
- និងជំរុញការចាក់វ៉ាក់សាំងបានលឿនតាមដែលអាចធ្វើទៅបាន។
ជុំវិញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្ដីពីកាបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ដែលចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 ដែលស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ដែលមានតួនាទីជាអនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 នៅពេលនេះ។
ទាក់ទងនឹងការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល បានអះអាងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា ក្រសួងរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៧៧៨នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៦៨៦នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២២នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៧ម៉ឺន ៣ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៦ម៉ឺន ៥ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៣០៥នាក់ហើយមកទល់នឹងពេលនេះ៕