ក្រសួងសុខាភិបាល ឱ្យដឹងថា រយៈពេល ២ថ្ងៃ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺ Covid-19បំប្លែងខ្លួនថ្មីប្រភេទ «ដែលតា» ដែលមានប្រភេទចេញពីប្រទេសឥណ្ឌា បានកើតឡើងលើមនុស្សជាង ១០០នាក់ហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា រយៈពេលត្រឹម ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងបានរកឃើញអ្នកវិជ្ជមាន Covid-19 បំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) ចំនួន ១០៩នាក់ ក្នុងនោះពលករមកពីថៃ និងឆ្លងក្នុងសហគមន៍។
ក្រៅពីពលករខ្មែរទាំងនោះ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក្រសួងបានឲ្យដឹងថា អ្នកជំងឺម្នាក់មកពីមន្ទីរពេទ្យកាល់ម៉ែត ខណៈពីរនាក់ទៀតត្រូវបានរកឃើញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងនោះបុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់។
ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន កាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ ខណៈ Covid-19 បំប្លែងថ្មីប្រភេទ ដែលតា (Delta) កំពុងរាតត្បាតចូលក្នុងសហគមន៍ ដែលជំងឺនេះចម្លងមានសន្ទុះលឿន។
បច្ចុប្បន្ន ជំងឺ Covid-19 បំប្លែងថ្មីនេះកំពុងឆ្លងរាលដាលនៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសជិតខាងកម្ពុជា ដូចជានៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង សៀមរាប ត្បូងឃ្មុំ ប៉ៃលិន កំពង់ធំ កំពង់ចាម ព្រៃវែង និងរាជធានីភ្នំពេញ។
នៅថ្ងៃនេះដែរ សាលារាជធានីភ្នំពេញសម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រយៈពេល ១៤ថ្ងៃ ក្រោយពីមានការឆ្លងរាលដាលមេរោគ Covid-19 បំប្លែងថ្មីប្រភេទ Delta ខណៈភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ក៏ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់រយៈពេល ០៧ថ្ងៃ គឺចាប់ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។
ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង Covid-19 ប្រភេទ ដែលតា «Delta» ចំនួន ២២៣នាក់។
ក្រសួងសុខាភិបាលកម្ពុជា បានអះអាងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥៦០នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៧៦៣នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២២នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៧ម៉ឺន ៨ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៧ម៉ឺន ១ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៤០០នាក់ហើយ៕