ប្រជាសហគមន៍ព្រៃឈើនៅខេត្តតាកែវ សម្ដែងមោទកភាព និងអបអរសាទរចំពោះរដ្ឋបាលឃុំត្រពាំងធំខាងត្បូង ដែលបានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដើម្បីការពារព្រៃសហគមន៍ត្រពាំងធំខាងត្បូង ពីការរុករានកាន់កាប់ជាកម្មសិទ្ធិពីឈ្មួញ និងក្រុមហ៊ុនឯកជននាពេលកន្លងមក។
ការសាទររបស់ប្រជាសហគមន៍ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានចេញសេចក្តីជូនដំណឹង និងដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការទន្ទ្រានដីសហគមន៍ធ្វើជាកម្មសិទ្ធិឯកជនកាលពីពេលថ្មីៗនេះ។
ប្រធានសហគមន៍ត្រពាំងធំខាងត្បូង លោក សំ សារូ បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ដើម្បីឲ្យព្រៃសហគមន៍ត្រពាំងធំខាងត្បូងនេះអាចគង់វង្សបានយូរអង្វែង គឺត្រូវតែមានការការពារយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដូចជាមេភូមិ មេឃុំ និងមន្ទីរបរិស្ថាន ជាដើម។
លោកអះអាងថា នៅពេលដែលព្រៃសហគមន៍នេះត្រូវបានការពារថែរក្សាបានល្អត្រឹមត្រូវហើយនោះ ប្រជាកសិករក្នុងឃុំត្រពាំងធំខាងត្បូងទាំងអស់នឹងអាចទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីព្រៃសហគមន៍នេះ ប៉ុន្តែប្រសិនបើគ្មានការអភិរក្សឲ្យបានត្រឹមត្រូវទេ នោះផលប្រយោជន៍នឹងបានតែទៅលើមនុស្សមួយក្តាប់តូចតែប៉ុណ្ណោះ ហើយនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទូទាំងឃុំថែមទៀត។
លោក សំ សារូ បញ្ជាក់ថា ក្រោមការសម្រេចរបស់រដ្ឋបាលឃុំត្រពាំងធំខាងត្បូង ក្នុងការដាក់ចេញនូវវិធានការការពារព្រៃសហគមន៍នេះ ប្រជាពលរដ្ឋមានមោទកភាព និងភាពរីករាយយ៉ាងខ្លាំង ព្រោះថាចំណាត់ការនេះនឹងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍ដោយខុសច្បាប់ដូចដែលធ្លាប់កើតឡើងកាលពីពេលកន្លងទៅ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលឃុំត្រពាំងធំខាងត្បូង បានសម្រេចដាក់ចេញនូវវិធានការមួយចំនួនដើម្បីការពារដីព្រៃសហគមន៍ខាងត្បូង ដូចជាហាមឃាត់បុគ្គល ឬក្រុមហ៊ុនឯកជនដែលរំលោភចូលដីព្រៃសហគមន៍នេះត្រូវបញ្ឈប់ជាបន្ទាន់ ចំណែកពលរដ្ឋមានកាតព្វកិច្ចចូលរួមថែរក្សាការពារដោយការសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរ។
ដោយឡែកក្រុមហ៊ុន បុគ្គលឯកជនដែលមានប្លង់កម្មសិទ្ធិ ឬសលាកបត្រដែលពាក់ព័ន្ធនឹងដីព្រៃសហគមន៍ខាងត្បូងនេះ ដែលបានចេញដោយនិស្សិតចុះវាស់វែងដីធ្លីរបស់លោក ហ៊ុន សែន កាលពីពេលកន្លងទៅ ត្រូវរក្សាទុកដើម្បីជួបនឹងមន្ត្រីជំនាញពេលបោះបង្គោលកំណត់ព្រំដីក្នុងតំបន់នោះឡើងវិញម្តងទៀត។
វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីពលរដ្ឋឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកើតទុក្ខមិនសុខចិត្តដោយទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យដីព្រៃសហគមន៍ដែលមានការកាប់ទន្ទ្រានពីអ្នកមានលុយ និងក្រុមហ៊ុនឯកជននានា ដើម្បីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យដែលសារព័ត៌មាន The Cambodia Daily បានចុះផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនោះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសឲ្យបង្កើតព្រៃសហគមន៍ត្រពាំងធំខាងត្បូង ដែលមានទំហំផ្ទៃដីសរុប ៥៨៣ហិកតារ ស្ថិតក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីប្រើប្រាស់អនុផលព្រៃឈើ និងអភិរក្សជីវចម្រុះ និងអភិវឌ្ឍព្រៃសហគមន៍នេះឲ្យមាននិរន្តរភាព។
ព្រៃសហគមន៍ក្នុងខេត្តតាកែវ នេះ ត្រូវបានបង្កើតឡើងមាន ៦សហគមន៍ និងត្រូវបានបែងចែកជា ៧កន្លែង ដែលមានទំហំផ្ទៃដីសរុបជាង ៦ពាន់ ៣០០ហិកតារ ក្នុងនោះរួមមានព្រៃសហគមន៍ត្រពាំងធំខាងត្បូង ព្រៃសហគមន៍មហាសី និងព្រៃសហគមន៍ប៉ាយ៉ង់កោរ ជាដើម។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ សីហា ដែរថា លោកសូមចូលរួមអបអរសាទរជាមួយសហគមន៍ត្រពាំងធំខាងត្បូង ដែលទទួលបាននូវយុត្តិធម៌ត្រឡប់មកវិញសម្រាប់ការការពារដីព្រៃសហគមន៍របស់ខ្លួន។
បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវឲ្យប្រជាសហគមន៍ដទៃទៀតយកសហគមន៍ត្រពាំងធំខាងត្បូង ធ្វើជាគំរូនៅពេលខ្លួនមានបញ្ហារំលោភបំពានណាមួយពីអ្នកមានអំណាច ឬក្រុមហ៊ុនឯកជន ត្រូវតែនាំគ្នាតស៊ូមតិតាមផ្លូវច្បាប់ដោយអហិង្សា ដើម្បីរកដំណោះស្រាយរួមមួយដែលអាចទទួលបានផលប្រយោជន៍ទាំងសងខាង និងមិនបង្កឲ្យមានការបែកបាក់ក្នុងសហគមន៍របស់ខ្លួន៕