31 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស្រាវជ្រាវ និង​សាកសួរ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ នៅ​ពេលនេះ ប្រសិនបើ​សមត្ថកិច្ច​ចង់​ដឹង​ការពិត​ថា​បាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មែន​ឬ​ក៏​អត់​នោះ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ខែ​មេសា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដែល​ចាត់ទុក​ជា​ត្រឹមត្រូវ លុះត្រាតែ​អ្នក​ផ្ដើម​គំនិត​បាន​ជំរុញ ឬ​អុជអាល​ឱ្យ​អ្នក​ប្រព្រឹត្ត ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ផ្តើម​គំនិត​នោះ ខណៈ​លោក កើត សារ៉ាយ មិន​បាន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ដូច​ការ​ចោទប្រកាន់​ឡើយ។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ក្នុង​រឿង​ចោទប្រកាន់​នេះ​មាន​ពលរដ្ឋ​ដែល​លោក កើត សារ៉ាយ បាន​ជួប​ជាច្រើន​កន្លង​មក​នោះ សុទ្ធតែ​អាច​ធ្វើ​សាក្សី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គាត់​បាន ប្រសិនបើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិត​ជា​ចង់​ស្វែងរក​ការពិត និង​ចង់​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដោយ​សុក្រឹត យុត្តិធម៌​មែន​នោះ។

លោក​បន្ត​ថា អាជ្ញាធរ​ក៏​អាច​បើក​ផ្លូវ​ឱ្យ​អ្នក​សារព័ត៌មាន​គ្រប់​និន្នាការ ចុះ​ទី​យក​ព័ត៌មាន​បន្ថែម​ទៀត​ដែរ ដើម្បី​ឱ្យ​ប្រាកដ​ថា លោក កើត សារ៉ាយ បាន​ប្រព្រឹត្ត​នូវ​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ឬ​ក៏​អត់​មែន​នោះ។

កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រមាណ ១០​នាក់ ចាប់​ក្រៀក​បញ្ចូល​រថយន្ត​ចេញពី​ការិយាល័យ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែល​គាត់​កំពុង​ធ្វើការ ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រោយ​ការ​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា លោក កើត សារ៉ាយ បាន​រៀបចំ​ផែនការ​អូស​ទាញ​ពលរដ្ឋ​ឱ្យ​ប្រព្រឹត្ត​អំពើ​កាប់​ទន្ទ្រាន​កាន់កាប់​ដី​ខុស​ច្បាប់ និង​ចេញ​តតាំង​ដោយ​ហិង្សា​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រមទាំង​បាន​បំផុស​ឱ្យ​ពលរដ្ឋ​មាន​ការ​ភ័យខ្លាច​រត់​ភៀស​ខ្លួន​ចូល​ព្រៃ​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​លើ​អាជ្ញាធរ​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ បាន​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ជុំវិញ​ការ​ដឹកនាំ​និស្សិត​មួយ​ក្រុម​ចុះ​ទៅ​សិក្សា និង​តាមដាន​ករណី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ក្រោយ​ផ្ទះ​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដុត​បំផ្លាញ ក្នុង​នោះ គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ រួម​ទាំង​កុមារ​តូចៗ​រស់នៅ​ក្នុង​ព្រៃ​ទាំង​ភាព​ភិតភ័យ​ជុំវិញ​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ។

ការ​រត់​គេច​ខ្លួន​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ឈូស​ឆាយ​បំផ្លាញ​ដំណាំ ព្រមទាំង​ចាប់​ខ្លួន​ពលរដ្ឋ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយង់ ស្រុក​គូលែន យ៉ាង​ព្រៃផ្សៃ​កាលពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពលរដ្ឋ​ទាំងនោះ​ចេញ​មុខ​តវ៉ា​នឹង​ការ​រំលោភ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សីលាដាម៉ិច ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​ការ​ផឹក​ថ្នាំ​ពុល​សម្លាប់​ស្មៅ​ផង​ដែរ ក្រោយ​ផ្ទះ​របស់​ស្ត្រី​រូប​នោះ​ត្រូវ​អាជ្ញាធរ​ដុត​បំផ្លាញ​ឆេះ​គ្មាន​សល់។

ជុំវិញ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ក្រោយ​ចុះ​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ក្នុង​រដ្ឋ​វិចតូរីយ៉ា និង​ជា​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ដាច់អហង្ការ និង​ចាត់ទុក​ទង្វើ​នោះ​ជា​អំពើ​អនាធិបតេយ្យ​មួយ​ទៀត​នៃ​ការ​ប្រើ​អំណាច​ក្នុង​របប​ផ្ដាច់ការ​របស់​គ្រួសារ «ហ៊ុន» ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។

លោក ហុង លីម លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ ទាំង​កំរោល​ក្នុង​ការិយាល័យ​របស់​គាត់ ក៏​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ទៀត​ដែរ​ថា ប្រទេស​កម្ពុជា​គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ឡើយ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក កើត សារ៉ាយ និង​បញ្ឈប់​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​គាត់​ជាបន្ទាន់ ព្រោះ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ មិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដូច​ការ​ចោទប្រកាន់​ឡើយ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ប្រមាណ​ជា ៥០​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​មួយ​ចំនួន ដូចជា រួម​គំនិត​ក្បត់, ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់, ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថា អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​យ៉ាង​ធ្ងន់ធ្ងរ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បង្ក្រាប​ទៅ​លើ​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស