រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ប្រកាសថា ក្រសួងមិនអនុញ្ញាតឲ្យអ្នកជំងឺ Covid-19 បំប្លែងថ្មីប្រភេទ DELTA ឬអ្នកដែលមានការសង្ស័យថាមានជំងឺប្រភេទថ្មីនេះព្យាបាលនៅផ្ទះឡើយ ទាំងអ្នកដែលបានឆ្លងក្នុងសហគមន៍ និងអ្នកដែលនាំចូលពីក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទៅដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងមណ្ឌលព្យាបាលជំងឺ Covid-19 ទាំងអស់ថា អ្នកដែលវិជ្ជមានវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ឬអ្នកដែលសង្ស័យថាមានជំងឺប្រភេទថ្មីនេះ ត្រូវតែបញ្ជូនទៅព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺ Covid-19 ដែលបានកំណត់ជាកំហិត។
បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ជាបន្តបន្ទាប់ទាំងអ្នកដែលមកពីក្រៅប្រទេស និងអ្នកដែលរស់នៅក្នុងសហគមន៍។
ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំថា អ្នកដែលសង្ស័យ ឬរកឃើញថាមានវិជ្ជមានវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ទាំងឡាយ នឹងត្រូវធ្វើតេស្ដម្តងទៀតនៅថ្ងៃទី១៦ ក្នុងអំឡុងនៃការសម្រាកព្យាបាលរយៈពេល ២១ថ្ងៃរបស់ពួកគេ។
ប្រភពដដែលអះអាងថា ប្រសិនបើការធ្វើតេស្ដតាមរយៈម៉ាស៊ីន PCR នៅថ្ងៃទី១៦ នៃការធ្វើចត្តាឡីស័កបានរកឃើញថាវិជ្ជមានវីរុស Covid-19 បំប្លែងថ្មី DELTA នោះពួកគេនឹងត្រូវបន្តធ្វើតេស្ដនៅថ្ងៃទី១៩ ម្តងទៀត។ ក្រសួងបានឲ្យដឹងទៀតថា ប្រសិនបើនៅតែរកឃើញថាវិជ្ជមានទៀត នោះពួកគេនឹងត្រូវបន្តព្យាបាលរយៈពេល ២១ថ្ងៃបន្ថែមទៀត។
ដោយឡែកអ្នកដែលធ្វើតេស្ដនៅថ្ងៃទី១៦ នៃការធ្វើចត្តាឡីស័កបង្ហាញលទ្ធផលអវិជ្ជមាន នោះគឺត្រូវបន្តសម្រាកព្យាបាលដើម្បីធ្វើតេស្ដតាមរយៈម៉ាស៊ីន PCR ឡើងវិញរៀងរាល់ ៤៨ម៉ោងម្តងរហូតទទួលបានលទ្ធផលអវិជ្ជមានពីរដងបន្តបន្ទាប់គ្នាក្នុងរយៈពេល ៧២ម៉ោង នឹងត្រូវបញ្ចប់ការព្យាបាលនៅថ្ងៃទី២១ គិតពីថ្ងៃដែលអ្នកជំងឺបានចាប់ផ្តើមទទួលការព្យាបាលមក ប៉ុន្តែពួកគេនឹងតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្ថែមទៀត។
ជុំវិញការឆ្លងវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA នេះ ក្រសួងសុខាភិបាលបានអះអាងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងវីរុស Covid-19 ប្រភេទថ្មីនេះបានកើនឡើងដល់ ៣៨៥នាក់ហើយ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត។ បន្ថែមពីនេះ ត្រូវកាត់បន្ថយការជួបជុំ កុំនៅកន្លែងបិទជិត និងប៉ះពាល់គ្នា ជាដើម ដើម្បីចៀសវាងនូវការចម្លងជាយថាហេតុណាមួយដែលបណ្តាលឲ្យមានការរីករាលដាលកាន់តែខ្លាំងនៃជំងឺនេះបន្ថែមទៀត។
រហូតមកទល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៤៩៩នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៨៨២នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៧នាក់។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៨ម៉ឺន ២ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៧ម៉ឺន ៧ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៦០០នាក់ហើយមកទល់នឹងពេលនេះ៕