រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងវីរុស Covid-19 បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងដែលបានកើតឡើងលើកុមារាម្នាក់អាយុ ៨ឆ្នាំម្នាក់។
ប្រភពថា កុមារនោះជាអ្នកធ្វើដំណើរត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនឡែម ហើយបានធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កុមារាខាងលើនេះបានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ហើយបន្តធ្វើចត្តាឡីស័កនៅថ្ងៃទី៧ ខែសីហា ត្រូវក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ដវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផលគឺវិជ្ជមានជំងឺ Covid-19 បំប្លែងថ្មីប្រភេទ Delta។
ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕