មន្ត្រីអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា ដើម្បីឲ្យវិស័យទេសចរណ៍នៅកម្ពុជាអាចងើបឡើងវិញបាន រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធត្រូវធានានូវសុវត្ថិភាពជូនភ្ញៀវទេសចរដែលចូលទៅកម្ពុជាជាចម្បង ទាំងសុវត្ថិភាពផ្នែកសុខាភិបាល និងសុវត្ថិភាពផ្នែកសន្តិសុខសង្គម។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ខែកញ្ញា ថា ក្រៅពីសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងស្រុក និងភ្ញៀវទេសចរបរទេស ក្រសួងទេសចរណ៍ត្រូវតែជួយរៀបចំ និងពង្រឹងសេវាផ្សេងៗក្នុងវិស័យនេះតាមគ្រប់មធ្យោបាយរបស់ខ្លួន ដូចជាវិស័យសណ្ឋាគារ ជាដើម ដើម្បីជំរុញឲ្យមានដំណើរការល្អ និងមានលទ្ធភាពពេញលេញក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរឡើងវិញនៅពេលនេះ។
លោកអះអាងថា នៅកម្ពុជាសម្បូរតំបន់ទេសចរណ៍ធម្មជាតិពិតៗ ដូចជាតំបន់ភូមិភាគឦសាន តំបន់ភ្នំ តំបន់សមុទ្រ និងតំបន់អង្គរជាដើម ដែលមានទេសភាពស្រស់ស្អាតខុសៗគ្នា ដូច្នេះក្រសួងទេសចរណ៍អាចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសម្រួលដល់មធ្យោបាយធ្វើដំណើរ ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទៅស្នាក់នៅ និងកម្សាន្តគ្រប់រមណីយដ្ឋាននៃតំបន់ទេសចរណ៍ទាំងនោះ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបើកកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែនៃដើមឆ្នាំ២០២១ និងដាក់ចេញផែនការបន្ត ដើម្បីស្ដារវិស័យទេសចរណ៍នៅកម្ពុជាឲ្យងើបឡើងវិញនៅឆ្នាំបន្ទាប់ ក្រោយពីរងការជាប់គាំងដោយសារជំងឺរាតត្បាតសកលកន្លងមកនេះ។
លោក ថោង ខុន បានអះអាងថា ដើម្បីជោគជ័យក្នុងការបើកទទួលភ្ញៀវទេសចរឡើងវិញ កម្ពុជាត្រូវពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដូចជាកត្តាខាងក្នុង គឺកម្ពុជាត្រូវត្រៀមអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី និងចំណុចគន្លឹះអាទិភាព ដូចជាមធ្យោបាយធ្វើដំណើរ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជាដើម។
លោកបញ្ជាក់ថា ចំពោះកត្តាខាងក្រៅ សំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ពោលគឺការឲ្យតម្លៃខ្ពស់ទៅលើភាពស្អាតនៃតំបន់ទេសចរណ៍នីមួយៗ លើអនាម័យ ផលិតផល និងមានសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញរបាយការណ៍ពីចរន្តភ្ញៀវទេសចរផ្ទៃក្នុងរបស់ខ្លួនទាំង ២៥រាជធានី-ខេត្តក្នុងសប្តាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ នេះ ដែលមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១១ និងថ្ងៃទី១២ កន្លងទៅនេះ ថាមានចរន្តភ្ញៀវទេសចរសរុបជាង ៦ម៉ឺន ៣ពាន់នាក់ ក្នុងនោះខេត្តចំនួន៦ ដែលមានភ្ញៀវទេសចរទៅកម្សាន្តចាប់ពីជាង ៣ពាន់នាក់រហូតជិត ២ម៉ឺននាក់។
ទាក់ទិននឹងបញ្ហានេះ ក្រសួងទេសចរណ៍ធ្លាប់បានអះអាងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ថា ដើម្បីទទួលបានជោគជ័យលើការជំរុញវិស័យទេសចរណ៍ឲ្យងើបឡើងវិញនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ នេះ កម្ពុជាត្រូវតែកសាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរគ្រប់ផ្នែកទាំងអស់ ប៉ុន្តែនៅពាក់កណ្តាលខែកញ្ញា ចុងត្រីមាសទី៣ នៃឆ្នាំ២០២១ នេះ ភ្ញៀវទេសចរហាក់នៅមានចំនួនតិចតួចនៅឡើយ។
កាលពីចុងឆ្នាំ២០២០ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា អ្នកស្រី Sunniya Durrani-Jamal បានអះអាងថា ជំងឺ Covid-19 បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅកម្ពុជា ដែលបណ្តាលឲ្យវិស័យមួយនេះបានធ្លាក់ចុះដល់ទៅជាង ៩៨% ដែលបណ្តាលឲ្យអាជីវកម្មជាង ៣ពាន់កន្លែងត្រូវដួលរលំ ហើយកម្មករដែលបម្រើក្នុងវិស័យនេះជាង ៤ម៉ឺននាក់ត្រូវបាត់បង់ការងារទាំងស្រុង។
រីឯក្រសួងទេសចរណ៍វិញធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណត្រឹមតែជាង ១លាន ៣សែននាក់ប៉ុណ្ណោះ គឺបានថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩លាននាក់ គឺបានថយចុះ ២០% នេះបើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ក្រសួងថា បញ្ហានេះបណ្តាលឲ្យឧស្សាហកម្មទេសចរណ៍នៅកម្ពុជាបាត់បង់ចំណូលជាង ៣ពាន់លានដុល្លារអាមេរិកឯណោះ៕