ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជាការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋានផងដែរ ប៉ុន្តែមានមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលខ្លះបានរិះគន់ពីការលើកឡើងនេះទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមរយៈគោលនយោបាយកំណែទម្រង់តាមប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការរបស់កម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ខ្លួន ត្រូវតែនាំគ្នាខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។
លោក ស ខេង បញ្ជាក់ថា មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍នគរបាល និងមេភូមិ ត្រូវតែកែលំអការដឹកនាំនៅមូលដ្ឋានរបស់ខ្លួនឡើងវិញ ព្រោះថាមួយភាគធំនៃកិច្ចការរបស់ពួកគេ បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់សំឡេងឆ្នោតគាំទ្រ និងកិត្តិយសរបស់មេដឹកនាំបក្សកាន់អំណាច ដូច្នេះមន្ត្រីទាំងនេះត្រូវតែបើកទូលាយក្នុងការទទួលយកបញ្ហារបស់ប្រជាពលរដ្ឋមកដោះស្រាយឱ្យបានទាន់ពេលវេលា។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យមន្ត្រីនៅមូលដ្ឋានរបស់បក្សកាន់អំណាចយកចិត្តទុកដាក់លើបញ្ហារបស់ពលរដ្ឋ ដើម្បីបង្កើនជំនឿចិត្តរបស់ពលរដ្ឋលើមន្ត្រីមូលដ្ឋាន ស្របពេលដែលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់។
អគ្គហេរញ្ញិករបស់គណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ តុលា នេះថា ការណែនាំរបស់មន្ត្រីកំពូលបក្សកាន់អំណាចទៅកាន់មន្ត្រីមូលដ្ឋានរបស់ខ្លួន គឺជាទម្លាប់របស់ពួកគេទៅហើយដែលតែងតែធ្វើបែបនេះដើម្បីទាក់ទាញសន្លឹកឆ្នោតរបស់ពលរដ្ឋ ប៉ុន្តែប្រសិទ្ធភាពដោះស្រាយការងារនៅមូលដ្ឋាន គឺនៅតែមានបញ្ហាដដែល បើទោះបីជាពួកគេបានដឹកនាំប្រទេសអស់រាប់អាណត្តិមកហើយក៏ដោយ។
លោកអះអាងថា របៀបដឹកនាំរបស់បក្សកាន់អំណាចបច្ចុប្បន្ននេះ គឺមិនអាចផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋដើម្បីអាចទទួលបានមេឃុំបម្រើរាស្ត្រដោយពិតប្រាកដបានទេ ព្រោះច្រើនអាណត្តិកន្លងមក បញ្ហានៅមូលដ្ឋានគ្រប់ទីកន្លែងនៅតែកើតមានដដែល បើទោះបីជាគ្មានសំឡេងប្រឆាំងដែលបានជំទាស់ទៅនឹងការដឹកនាំរបស់ពួកគេក៏ដោយ។ ករណីនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការដឹកនាំមិនរីកចម្រើនរបស់បក្សកាន់អំណាច មិនមែនដោយសារមានគេជំទាស់នោះទេ គឺដោយសារខ្លួនឯងមិនមានសមត្ថភាពប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការលើកឡើងរបស់លោក ស ខេង គឺពិតជាត្រឹមត្រូវ ប៉ុន្តែប្រសិនបើលោកគិតគូរដល់ការពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាមែននោះ បក្សកាន់អំណាចគួរតែផ្តល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឱ្យបក្សប្រឆាំងវិញ ព្រោះអាណត្តិក្រុមប្រឹក្សាឃុំ-សង្កាត់របស់ពួកគេមិនទាន់ផុតកំណត់នៅឡើយទេ។ ជាងនេះទៀត លោក ស ខេង ក៏មិនគួរចូលដៃជាមួយលោក ហ៊ុន សែន ប្លន់តំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិនោះដែរ។
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសផ្តាច់ប្រាក់ខែភ្លាមៗក្រោយពីគណបក្សប្រឆាំងត្រូវបានតុលាការកំពូលសម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្ដីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដូច្នេះការបោះឆ្នោតនៅមិនដល់ ១០ខែទៀតនោះទេ៕