មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថាបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម លែងជាបញ្ហាចោទទៀតហើយ ក្រោយពីមានការបកស្រាយរបស់លោក ហ៊ុន សែន អស់រយៈពេលជាងប្រាំម៉ោងក្នុងរដ្ឋសភា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៨ ខែតុលា នេះថា អ្នកសារព័ត៌មានខ្លះបានដកស្រង់យកសម្ដីមួយម៉ាត់យកទៅធ្វើការចុះផ្សាយតាមគំនិតរបស់ខ្លួន ដែលបង្កើតទៅជាបញ្ហាខុសពីខ្លឹមសារដើម ព្រោះតែពួកគេមិនបានស្តាប់ប្រធានបទនៃសាច់រឿងទាំងមូល។
ការអះអាងរបស់លោក កែវ រ៉េមី ក្នុងគោលបំណងបញ្ជាក់ទៅកាន់សាធារណជន ក៏ដូចជាពលរដ្ឋខ្មែរទូទៅថា ព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគ្មានបញ្ហានោះទេ ក្រោយការបកស្រាយរបស់មេបក្សកាន់អំណាចកាលពីប៉ុន្មានឆ្នាំកន្លងទៅនោះ។
កាលពីអំឡុងខែសីហា ឆ្នាំ២០១២ លោក ហ៊ុន សែន បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋសភាអំពីបញ្ហាព្រំដែនទឹក និងព្រំដែនគោករវាងកម្ពុជា និងវៀតណាមតែម្នាក់ឯងរយៈពេលជាង ៥ម៉ោង ដោយអះអាងថា កម្ពុជាមិនមានការបាត់បង់ទឹកដីទៅវៀតណាមនោះទេ ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។
ជុំវិញបញ្ហានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានអះអាងក្នុងបទសម្ភាសន៍របស់ VOA កាលពីពេលថ្មីៗនេះថា ប្រសិនបើព្រំដែនកម្ពុជាបានបាត់បង់មែននោះ មេដឹកនាំបក្សកាន់អំណាច គឺលោក ហ៊ុន សែន នឹងត្រូវប្រឈមមុខដោយផ្ទាល់ក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ តុលា នេះថា លោកឯកភាពនឹងការលើកឡើងរបស់លោក កែវ រ៉េមី ថាលោក ហ៊ុន សែន នឹងប្រឈមមុខក្នុងប្រវត្តិសាស្ត្រខ្មែរនៅពេលព្រំដែនកម្ពុជាបាត់បង់ ប៉ុន្តែលោកច្រានចោលនូវការលើកឡើងក្នុងរដ្ឋសភាជាតិអំពីការបកស្រាយលើបញ្ហាព្រំដែនរបស់លោក ហ៊ុន សែន ទាំងស្រុង។

លោករិះគន់ថា លោក កែវ រ៉េមី គាំទ្រការបំភ្លៃប្រវត្តិសាស្ត្ររបស់មេដឹកនាំបក្សកាន់អំណាចដើម្បីផលប្រយោជន៍ក្នុងការរក្សាតំណែងតួនាទីរបស់ខ្លួន ប៉ុន្តែទឹកដីខ្មែរនឹងបាត់បង់បន្តិចម្តងៗដោយសារតែកម្ពុជាមានមន្ត្រីបែបនេះ។ លោក ម៉ែន ណាត បានបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រគ្មានមេដឹកនាំណាអះអាងថាកោះត្រល់ និងចង្កោមកោះក្រចកសេះ ជាទឹកដីរបស់វៀតណាមនោះទេ គឺមានតែមេដឹកនាំដែលវៀតណាមលើកបន្តុបឆ្នាំ១៩៨៥ ប៉ុណ្ណោះ ដែលចេញមុខមកអះអាងបែបនេះ។
លោក ម៉ែន ណាត បញ្ជាក់ថា ដោយសារតែមេដឹកនាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់ជាមួយរដ្ឋាភិបាលក្រុងហាណូយ ដែលសុទ្ធសឹងតែជាសន្ធិសញ្ញាកាត់ទឹកដីឱ្យប្រទេសវៀតណាម ដូចជា៖
- កិច្ចព្រមព្រៀងកំណត់ព្រំដែនទឹកឆ្នាំ១៩៨២
- សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៣
- ការធ្វើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ជាដើម
ដូច្នេះ លោក ហ៊ុន សែន មានតែចូលទៅបកស្រាយក្នុងរដ្ឋសភា ដើម្បីបិទបាំងអំពើក្បត់របស់ខ្លួនពីពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ចាប់តាំងពីលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក មេដឹកនាំខ្មែររូបនេះព្រមទទួលផែនការពីវៀតណាម ដើម្បីបំផ្លាញទឹកដីខ្មែរដោយឥតងាករេគ្រប់បែបយ៉ាង ដូចជា៖
- ការចេញសារាចរបង្ហូរជនជាតិវៀតណាមខុសច្បាប់ឱ្យទៅរស់នៅកម្ពុជា កាលពីឆ្នាំ១៩៨៦
- ការកែប្រែផែនទីរបស់កម្ពុជាខុសពីរដ្ឋធម្មនុញ្ញខ្លួនឯងតាមការណែនាំរបស់វៀតណាម
- និងការកំណត់ខ្សែបន្ទាត់ព្រំដែនដោយស្ងាត់ៗជាមួយវៀតណាម ដោយគ្មានការដឹងឮពីមជ្ឈដ្ឋានអន្តរជាតិ ជាដើម។
ប្រភពដដែលព្រមានថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ តែថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង ព្រោះលោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែនកម្ពុជា-វៀតណាម ដែលខ្លួនបានឃុបឃិតដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕