31 C
Phnom Penh

វិភាគ៖ ចិន​គួរតែ​លេប​តៃវ៉ាន់​ដូច​រុស្ស៊ី​លេប​គ្រីមៀរ តែ​ជាង​៧០​ឆ្នាំ​មក​ហើយ​បែរជា​ចិន​មិន​ធ្វើ​ដូចនេះ តើ​មូលហេតុ​អ្វី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​ចាប់ផ្ដើម​អធិប្បាយ​អំពី​តៃវ៉ាន់ យើង​សូម​រំឭក​ត្រួសៗ​អំពី​ប្រវត្តិ​ដែនដី​គ្រីមៀរ អតីត​តំបន់​ស្វយ័ត​នៃ​ប្រទេស​អ៊ុយក្រែន។

គ្រីមៀរ ជា​ឧបទ្វីប​មួយ​នៃ​ដែនដី​ប្រទេស​អ៊ុយក្រែន តែ​អ៊ុយក្រែន ធ្លាប់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សហភាព​សូវៀត រាប់​ទសវត្ស គឺ​ទើប​តែ​ផ្ដាច់​ចេញពី​សូវៀត​នៅ​ឆ្នាំ​១៩៨៩ ចំ​ពេល​មហាអំណាច​នៃ​សង្គ្រាម​ត្រជាក់​មួយ​នេះ​ដួល​រលំ ដោយសារ​មិន​អាច​ប្រជែង​សព្វាវុធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ស្រប​ពេល​ដែល​ប្រជាជន​រស់នៅ​ក្រោម​របប​សង្គម​និយម​នេះ​បន្ត​ទៀត​បាន។

ក្រោយ​ពី​សហភាព​សូវៀត​ដួល​រលំ គឺ​សហព័ន្ធ​រុស្ស៊ី ក៏​មក​ចាប់​រូបរាង​ឡើងវិញ។ តែ​រុស្ស៊ី នៅតែ​ជា​ប្រទេស​មហាអំណាច​ដដែល។ នៅ​មួយ​ទសវត្ស​ចុងក្រោយ​នេះ រុស្ស៊ី ដែល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ពង្រីក​មាឌ និង​ឥទ្ធិពល​របស់​សូវៀត ឡើងវិញ ដោយ​ការ​ដាក់​ផែនការ​យក​រដ្ឋ​ខ្លះ​ដែល​ធ្លាប់​ចំណុះ​ឲ្យ​សហភាព​សូវៀត​មក​វិញ។

តែ​មក​ដល់​ពេលនេះ ពុំ​ឃើញ​មាន​រដ្ឋ​ណា​មួយ​ត្រូវ​បាន​រុស្ស៊ី យក​បាន​មក​វិញ​នោះ​ទេ លើកលែង​តំបន់​គ្រីមៀរ មួយ​គត់ ដែល​រុស្ស៊ី យក​បាន​ពី​អ៊ុយក្រែន តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន​ឱ្យ​មក​ចំណុះ​ក្នុង​ដែនដី​រុស្ស៊ី។ ក្រៅពី​នោះ រដ្ឋ​តូចៗ​ជាច្រើន​សម្រេច​បង្កើត​រដ្ឋាភិបាល​ដែនដី​ពួកគេ​ទៅ​ហើយ ដោយ​រដ្ឋ​ខ្លះ​ជា​សម្ពន្ធមិត្ត​នឹង​សហភាព​អឺរ៉ុប និង​អាមេរិក​ទៀត​ផង។

តើ​កត្តា​អ្វី​ខ្លះ​ដែល​រុស្ស៊ី​ដណ្ដើម​ដែនដី​គ្រីមៀរ បាន​ពី​អ៊ុយក្រែន?

កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៤ ប្រទេស​រុស្ស៊ី បាន​លេប​ត្របាក់​យក​ឧបទ្វីប​គ្រីមៀរ (Crimea) ដែល​ជា​ទឹកដី​ស្វយ័ត​មួយ​របស់​ប្រទេស​អ៊ុយក្រែន ទៅ​ដាក់​បញ្ចូល​ជា​ដែនដី​រណប​របស់​ខ្លួន។ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រំជើបរំជួល និង​ថ្កោលទោស​ជា​ខ្លាំង​ពី​លោក​ខាងលិច ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី ទៀត​ផង។

ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម រួម​ទាំង​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​កាន់កាប់​ឧបទ្វីប​គ្រីមៀរ ដោយ​មហាអំណាច​រុស្ស៊ី គឺជា​អំពើ​ខុស​ច្បាប់។ តែ​សម្រាប់​ប្រទេស​រុស្ស៊ី អះអាង​ថា ការ​ដាក់​បញ្ចូល​ទឹកដី​គ្រីមៀរ ទៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី នោះ គឺជា​អំពើ​ស្រប​ច្បាប់ ធ្វើឡើង​តាម​សំណើ និង​ឆន្ទៈ​របស់​ពលរដ្ឋ​គ្រីមៀរ ខ្លួនឯង។

ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដែល​គេ​ហៅ​ថា​បុរស​ខ្លាំង កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៤ បាន​ចុះហត្ថលេខា​ផ្តល់​សច្ចាប័ន​ចុងក្រោយ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​រុស្ស៊ី ដើម្បី​ដាក់​បញ្ចូល​ទឹកដី​គ្រីមៀរ ជា​ផ្នែក​មួយ​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ ដំណើរការ​បញ្ចូល​ទឹកដី​គ្រីមៀរ ឱ្យ​ទៅ​ជា​ទឹកដី​រណប​របស់​ប្រទេស​រុស្ស៊ី នេះ គឺ​ក្រុង​ម៉ូស្គូ មិន​បាច់​លើក​ទ័ព​នោះ​ទេ គឺ​លេប​យក​ដោយ​សន្តិវិធី​តាមរយៈ​ក្រុម​អន្តោប្រវេសន៍​រុស្ស៊ី ដែល​បាន​តាំង​ទីលំនៅ​តាំងពី​សម័យ​សហភាព​សូវៀត​ដាក់​ត្រួតត្រា និង​កាន់កាប់​អ៊ុយក្រែន​ជា​រដ្ឋ​ចំណុះ​របស់​ខ្លួន។

គេ​នៅ​ចាំ​បាន​ថា រយៈពេល ៦​ថ្ងៃ​មុន​ការ​ចុះហត្ថលេខា​ជា​ចុងក្រោយ​នៅ​ឯ​វិមាន​ក្រឹមឡាំង ដោយ​ប្រធានាធិបតី ពូទីន គឺ​នៅ​ក្នុង​ដែនដី​ស្វយ័ត​អ៊ុយក្រែន ពេល​នោះ តំបន់​គ្រីមៀរ បាន​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ក្នុង​ចំណោម​ពលរដ្ឋ​រស់នៅ​នៅ​តំបន់​គ្រីមៀរ មាន​ទាំង​ជនជាតិ​អ៊ុយក្រែន និង​ជនជាតិ​រុស្ស៊ី។

សន្លឹកឆ្នោត​ដាក់​ថា តើ​ចង់​ឲ្យ​ដាក់​បញ្ចូល​ទឹកដី​គ្រីមៀរ ទៅ​ជា​ទឹកដី​រណប​របស់​ប្រទេស​រុស្ស៊ី ឬ​ទេ ហើយ​ទីបំផុត សំឡេង​គាំទ្រ​លើសលប់​គូស​ថា​ចង់​ឲ្យ​គ្រីមៀរ ជា​ដែនដី​ចំណុះ​ឱ្យ​រុស្ស៊ី។

ការ​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៤ មាន​លក្ខណៈ​បើកចំហ ដោយ​មាន​អ្នក​សង្កេតការណ៍​មកពី ២៣​ប្រទេស រួម​នឹង​អ្នក​សង្កេតការណ៍​ដែល​ជា​តំណាង​ឱ្យ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​នានា​ចំនួន​ជិត ៤០០​នាក់​ចូលរួម​តាមដាន​ដំណើរការ​បោះឆ្នោត​ប្រជាមតិ​ដែល​ផ្ដាច់​ខ្លួន​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន។ នៅទីបំផុត លទ្ធផល​បង្ហាញ​ថា​ប្រជាជន​ដល់​ទៅ ៩៧% នៃ​អ្នក​បោះឆ្នោត​ទាំងអស់​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​គ្រីមៀរ ធ្លាក់​នៅ​ក្រោម​ប្រទេស​រុស្ស៊ី។

អ្វី​ដែល​ធ្វើ​ឱ្យ​គ្រីមៀរ របូត​ពី​អ៊ុយក្រែន ទៅ​នៅ​ក្រោម​រុស្ស៊ី គឺ​ក្នុង​ចំណោម​អ្នក​ដែល​បោះឆ្នោត​ដែល​គាំទ្រ​ការ​ផ្ដាច់​ខ្លួន​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​រុស្ស៊ី ដែល​បាន​មក​តាំង​លំនៅ​ក្នុង​ឧបទ្វីប​គ្រីមៀរ តាំងពី​សម័យ​សហភាព​សូវៀត រហូត​ដល់​មាន​ចំនួន​ច្រើន​ជាង​ជនជាតិ​អ៊ុយក្រែន និង​ជនជាតិ​ដើម​ម្ចាស់​ស្រុក។

តាម​ស្ថិតិ គឺ​នៅ​តំបន់​គ្រីមៀរ មាន​ជនជាតិ​រុស្ស៊ី រស់នៅ​ជិត ៧០% ដែល​នាំ​ឱ្យ​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​បង្ហាញ​ថា​មាន​ប្រជាជន​ជិត ១០០% ឯណោះ​រួម​ទាំង​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ផង​នោះ ចង់​ទៅ​រស់នៅ​ក្រោម​រុស្ស៊ី។ តើ​មូលហេតុ​​​អ្វី? គេ​រក​ឃើញ​ថា​ជនជាតិ​អ៊ុយក្រែន និង​ម្ចាស់​ស្រុក​បាន​ភ្ជាប់​ខ្សែលោហិត​ជាមួយ​អន្តោប្រវេសន៍​រុស្ស៊ី​អស់​ទៅ​ហើយ។

យោង​តាម​លទ្ធផល​នេះ បាន​នាំ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី ពូទីន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដាក់​បញ្ចូល​តំបន់​គ្រីមៀរ ដែល​ទើប​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន នោះ​ទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​សហព័ន្ធ​រុស្ស៊ី មក​ដល់​សព្វថ្ងៃ​នេះ។

នៅ​ពេល​ដឹង​ថា​ខ្លួន​គេ​បាន​ក្លាយ​ជា​រដ្ឋ​របស់​រុស្ស៊ី គឺ​ប្រជាជន​នៃ​តំបន់​គ្រីមៀរ ដែល​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី នោះ នាំគ្នា​រៀបចំ​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​គគ្រឹកគគ្រេង។ គេ​ដុត​កាំជ្រួច គេ​នាំគ្នា​រាំ​ច្រៀង​សើច​សប្បាយ ផឹក​ស្រា​រុស្ស៊ី​វុលកា ពេញ​មួយ​យប់ ដើម្បី​អបអរ​សាទរ​ជោគជ័យ​ក្នុង​ការ​យក​ទឹកដី​បរទេស​ដែល​ខ្លួន​កំពុង​រស់នៅ​ឱ្យ​ក្លាយ​ទៅ​ជា​ទឹកដី​រណប​របស់​ប្រទេស​នៃ​ជនជាតិ​ខ្លួន។ ប៉ុន្តែ​គេ​ឃើញ​អ្នក​ឈឺចាប់​ស្ដាយស្រណោះ គឺ​ជនជាតិ​អ៊ុយក្រែន ជា​ម្ចាស់​ស្រុក​ទាំងឡាយ​ណា​ដែល​ប្រកាន់​ជាតិ​និយម​ខ្លាំង។

គ្រីមៀរ មាន​ព្រំដែន​ជាប់​សមុទ្រ​ស្ទើរ​ជុំវិញ គឺ​ដូច​កោះ​តៃវ៉ាន់ ផង​ដែរ។ គ្រីមៀរ ដែល​ជា​ឧបទ្វីប​មួយ គឺ​ជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​រុស្ស៊ី ព្រោះ​វា​ផ្តល់​ឱ្យ​រុស្ស៊ី នូវ​ច្រក​ចេញ​ទៅកាន់​សមុទ្រ​មេឌីទែរ៉ាណេ។

ដោយសារ​បែប​នេះ រុស្ស៊ី​តែងតែ​ហាម ឬ​ឃារឃាំង​នាវា​បរទេស​មិន​ឱ្យ​ចូល​ច្រក​សមុទ្រ​គ្រីមៀរ នោះ​ទេ។ តែ​លោក​ខាងលិច មាន​សហភាព​អឺរ៉ុប អង់គ្លេស បារាំង កាណាដា អាមេរិក នៅតែ​ចាត់ទុក​ គ្រីមៀរ ជា​ដែនដី​របស់​អ៊ុយក្រែន និង​ច្រក​សមុទ្រ​គ្រីមៀរ ជា​ដែន​ទឹក​របស់​អ៊ុយក្រែន ដដែល។

យើង​បញ្ចប់​ប្រវត្តិ​តំបន់​គ្រីមៀរ ធ្លាក់​នៅ​ក្រោម​សហព័ន្ធ​រុស្ស៊ី ត្រឹម​នេះ ហើយ​ត​ទៅ​នេះ គឺជា​ការ​វិភាគ​អំពី​ការ​ប៉ុនប៉ង​របស់​ចិន ដែល​ចង់​លេប​តៃវ៉ាន់ មក​នៅ​ក្រោម​ដំបូង​បក្ស​កុម្មុយនីស្ត​ចិន។ សម្រាប់​តៃវ៉ាន់ ជាង ៧០​ឆ្នាំ​មក​ហើយ​បែរជា​ចិន មិន​ធ្វើ​ដូច​រុស្ស៊ី លេប​យក​តំបន់​គ្រីមៀរ។ តើ​មូលហេតុ​អ្វី?

តៃវ៉ាន់ ក្លាយ​ជា​តំបន់​ផ្ដាច់​ខ្លួន​ដោយសារ​សង្គ្រាម​ស៊ីវិល ដែល​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩។ នៅ​ឆ្នាំ​នោះ​ហើយ​ដែល​តៃវ៉ាន់​ជា​ជម្រក​របស់​អ្នក​ចាញ់​សង្គ្រាម​រត់​ពី​ទីក្រុង​ប៉េកាំង។

តៃវ៉ាន់ ត្រូវ​បាន​កាត់ផ្ដាច់​ចេញពី​ចិន​ដី​គោក​បន្ទាប់ពី​កងទ័ព​ជាតិ​និយម​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​ចិន លោក ចាង កៃ ចៀក (Chiang Kai-shek) បរាជ័យ​ក្រោម​ថ្វីដៃ​កងទ័ព​កុម្មុយនីស្ត​ចិន ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ សេទុង។

ក្នុង​អំឡុង​ចាញ់​សង្គ្រាម​នៃ​សង្គ្រាម​ស៊ីវិល លោក ចាង កៃ ចៀក បាន​ដឹកនាំ​កងទ័ព​រត់​ទៅ​ឈរ​ជើង​នៅ​ឯ​កោះ​តៃវ៉ាន់ ហើយ​នៅតែ​រក្សា​របប​សាធារណរដ្ឋ​ចិន មក​ទល់នឹង​សព្វថ្ងៃ​នេះ។ ដោយ​ប្រើ​ស្លាក​នៃ​របប​សាធារណរដ្ឋ​ចិន បាន​ធ្វើ​ឱ្យ​តៃវ៉ាន់ ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​តាំងពី​ឆ្នាំ​១៩៤៩ ថា​ជា​ប្រទេស​មួយ​រហូត​ដល់​ឆ្នាំ​១៩៧១។

តែ​នៅ​ឆ្នាំ​១៩៧១ ចិន​ប្រជាមានិត​បញ្ចុះបញ្ចូល​បាន​សម្រេច​នៅ​ឯ​អង្គការ​សហប្រជាជាតិ ដោយ​ទទួល​បាន​អាសនៈ​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​ក៏​ដណ្ដើម​យក​អាសនៈ​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ​តែម្ដង។ ក្រោម​ស្លាក​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​មាន​ឋានៈ​ជា​ប្រទេស ឬ​រដ្ឋ​ដាច់ដោយឡែក​ពី​តៃវ៉ាន់។

សម្រាប់​តៃវ៉ាន់ ដែល​បាត់បង់​អាសនៈ​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ តែ​ដែន​កោះ​មួយ​នេះ​ប្រៀប​បាន​ជា​រដ្ឋ​មួយ​មាន​អធិបតេយ្យ។ ជា​រដ្ឋ​មួយ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​មួយ​រឹងមាំ មាន​ប្រជាជន​ជិត ២៤​លាន​នាក់​មក​ទល់នឹង​សព្វថ្ងៃ​នេះ។

ទីនោះ​មាន​ស្ថាប័ន​ជាតិ​ធំៗ​ដូច​នឹង​ប្រទេស​មួយ​ដែរ គឺ​មាន៖

  • ក្រសួង​ការពារ​ជាតិ
  • ក្រសួង​មហាផ្ទៃ
  • ក្រសួង​អប់រំ​ជាតិ
  • ក្រសួង​សុខាភិបាល
  • ក្រសួង​ពាណិជ្ជកម្ម
  • រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំណុះ​ឱ្យ​រដ្ឋាភិបាល​កណ្ដាល
  • អង្គការ​សង្គម​ស៊ីវិល​សមាគម​ដូច​នឹង​ប្រទេស​មួយ​ទៅ​ហើយ
  • អាវុធ​គ្រប់​ប្រភេទ​ដើម្បី​ការពារ​ដែនដី​របស់​ខ្លួន ដែល​មិន​សម្រាប់​ធ្វើ​សង្គ្រាម​ជាមួយ​ចិន​នោះ​ទេ គឺ​ប្រទេស​ណា​ក៏​តៃវ៉ាន់​អាច​វាយបក​វិញ​ដែរ
  • របប​ប្រជាធិបតេយ្យ​មួយ​រឹងមាំ
  • ទំនាក់ទំនង​សហប្រតិបត្តិការ​មនុស្សធម៌​ជាមួយ​នឹង​បរទេស
  • រចនាសម្ព័ន្ធ​ជាមួយ​នឹង​បរទេស​ក្នុង​កម្រិត​មួយ​ដែល​សម​ល្មម​នឹង​ក្លាយ​ជា​រដ្ឋ​មួយ​នឹង​គេ​ដែរ ដូចជា​មាន​ស្ថាន​កុងស៊ុល និង​ស្ថានទូត​ជាមួយ​ប្រទេស​មួយ​ចំនួន​ដែល​តំណាង​តៃវ៉ាន់ ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ ហើយ​ថ្មីៗ​នេះ សហភាព​អឺរ៉ុប ២៧​ប្រទេស រួម​នឹង​ប្រទេស​អង់គ្លេស ជប៉ុន ឥណ្ឌា អូស្ត្រាលី អាមេរិក ចាត់ទុក​តៃវ៉ាន់​ជា​ដៃគូ​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​សន្តិសុខ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

បើ​និយាយ​អំពី​វិស័យ​ការពារ​ជាតិ​វិញ តៃវ៉ាន់​កំពុង​ធ្វើ​ខ្លួន​គេ​ឱ្យ​ក្លាយ​ជា​ដៃគូ​នៃ​កតិកាសញ្ញា​យោធា​ជាមួយ​ប្លុក ៤​ប្រទេស គឺ​ឥណ្ឌា អាមេរិក ជប៉ុន និង​អូស្ត្រាលី ហៅ​ថា​កិច្ចសន្ទនា​ដៃគូ​ចតុភាគី Quad។ ជាមួយ​គ្នា​នេះ តៃវ៉ាន់​កំពុង​សម្លឹង​ទៅ​រក​កតិកាសញ្ញា​យោធា ៣​ប្រទេស មាន​អង់គ្លេស អាមេរិក អូស្ត្រាលី ហៅ​ថា Aukus ដែល​ទើប​បង្កើត​នៅ​ពេល​ថ្មីៗ​នេះ។

មក​ដល់​ពេល​នេះ តៃវ៉ាន់​នៅតែ​ប្រើ​ស្លាក​របប​ដឹកនាំ គឺ​របប​សាធារណរដ្ឋ​ចិន ដែល​ធ្លាប់​គ្រប់គ្រង​ក្រុង​ប៉េកាំង រាប់​ទសវត្ស​មុន​ការ​ធ្លាក់​នៅ​ក្រោម​របប​កុម្មុយនីស្ត​ចិន ឆ្នាំ​១៩៤៩។

បើ​និយាយ​អំពី​ភាព​ខុសគ្នា​រវាង​គ្រីមៀរ និង​តៃវ៉ាន់ គឺ​ខុស​គ្នា​ដាច់​ស្រឡះ។ គ្រីមៀរ គ្រាន់តែ​ជា​រដ្ឋ​ស្វយ័ត​របស់​អ៊ុយក្រែន គឺ​ពុំ​មាន​រចនាសម្ព័ន្ធ​ស្ថាប័ន​ជាតិ ស្ថាប័ន​បរទេស។ ជា​តំបន់​រង់ចាំ​តែ​ផ្ដាច់​ខ្លួន​ទៅ​ក្រោម​រុស្ស៊ី តែប៉ុណ្ណោះ ព្រោះ​តែ​ជនជាតិ​រុស្ស៊ី មាន​ចំនួន​លើសលប់​លើ​ម្ចាស់​ស្រុក​ដែល​មក​តាំង​នៅ​លើ​ទឹកដី​គ្រីមៀរ បាន​កសាង​កម្លាំង​ផ្ដាច់​ខ្លួន កសាង​រចនាសម្ព័ន្ធ​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន ទៅ​ហើយ។ មាន​ន័យ​ថា ជនជាតិ​រុស្ស៊ី នៅតែ​កាន់​អាវុធ​បាន​មកពី​ក្រុង​ម៉ូស្គូ ធ្វើ​សង្គ្រាម​បំបែក​ដែនដី​ពី​អ៊ុយក្រែន តែប៉ុណ្ណោះ។

ដោយ​ភាព​ខុស​គ្នា​នេះ ទំនង​តៃវ៉ាន់​មិន​ដូច​គ្រីមៀរ នោះ​ទេ ហើយ​តៃវ៉ាន់ នឹង​មិន​បណ្ដោយ​ឱ្យ​ខ្លួន​ធ្លាក់​ដូច​គ្រីមៀរ នោះ​ទេ។

សន្និដ្ឋាន៖ ការពិត ចិន​មិន​ចង់​លើក​ទ័ព​ចូល​កាន់កាប់​ដែន​កោះ​តៃវ៉ាន់​នោះ​ទេ គឺ​ចង់​បាន​ត្រឹម​ដូច​តំបន់​គ្រីមៀរ ដោយ​ពឹង​ខ្លាំង​លើ​ការ​បែកបាក់​ផ្ទៃក្នុង និង​អូសទាញ​ប្រជាជន​តៃវ៉ាន់ ឱ្យ​ងាក​មក​រក​ចិន នៅ​ក្រោម​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដូច​ក្រុង​ហុងកុង។

តែ​នៅ​ពេល​ដាក់​ក្រុង​ហុងកុង ធ្លាក់​ក្រោម​សន្តិសុខ​ពិសេស​របស់​បក្ស​កុម្មុយនីស្ត​ចិន ជាមួយ​នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាជន​ហុងកុង បាន​ធ្វើ​ឱ្យ​ប្រជាជន​តៃវ៉ាន់ ជាង ៧៥% មិន​ចង់​ទៅ​នៅ​ជាមួយ​ចិន នោះ​ទេ ទោះ​ជា​នៅ​ក្រោម​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ក៏ដោយ។ ជាង ៧៥% នៃ​ប្រជាជន​តៃវ៉ាន់ ជិត ២៤​លាន​នាក់ ចង់​ឱ្យ​តៃវ៉ាន់ ជា​រដ្ឋ​អធិបតេយ្យ មាន​ឯករាជភាព​ត្រឹមត្រូវ។

និយាយ​ទៅ គេ​ពុំ​អាច​ប្រៀប​តៃវ៉ាន់ ទៅ​នឹង​តំបន់​គ្រីមៀរ បាន​ទេ ព្រោះ​សូម្បី​ភូមិសាស្ត្រ​ក៏​ខុស​គ្នា​ដែរ។ ចិត្ត​គំនិត​ប្រជាជន និង​មេដឹកនាំ​កាន់តែ​ខុស​គ្នា។ រដ្ឋអំណាច​តំបន់​គ្រីមៀរ មួយ​ចំនួន​ដែល​មាន​ឈាមជ័រ​នឹង​អន្តោប្រវេសន៍​រុស្ស៊ី ចង់​តែ​ជា​រដ្ឋអំណាច​ចំណុះ​រុស្ស៊ី។

តែ​សម្រាប់​តៃវ៉ាន់ បើ​នៅតែ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន ពិត​ណាស់​មិន​អាច​ឱន​ក្បាល​ទៅ​រក​ចិន​ប៉េកាំង​ឡើយ លើកលែងតែ​បក្ស​ប្រឆាំង គួប មីនតាំង ដែល​មេដឹកនាំ​បក្ស​នេះ​ភាគច្រើន​មិន​អាច​រក្សា​តម្លៃ​របស់​ខ្លួន​បាន គឺ​អាច​នាំ​តៃវ៉ាន់​ទៅ​នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន ដែល​នឹង​ផ្ទុយ​ឆន្ទៈ​របស់​ប្រជាជន​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស