22 C
Phnom Penh

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​កំពុង​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាស​អាសន្ន ខណៈ​ក្រសួង​រង់ចាំ​ថវិកា​ពី​ចិន​ដើម្បី​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក

បទវិភាគ

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​ជាង ២​ពាន់​ខ្នង ក្នុង​សង្កាត់​ចំនួន​១០ នៃ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ ដោយសារ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​ជា​កញ្ចប់​ថវិកា​របស់​ភាគី​ចិន។

អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹកនាំ​កម្លាំង​របស់​ខ្លួន​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ក្នុង​កម្រិត​ប្រកាស​អាសន្ន​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​គង់នយ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស ជាដើម ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​រក​ទី​ទួល​សុវត្ថិភាព​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ នេះ។

លោក ឃួង ស្រេង បាន​បញ្ជា​ឱ្យ​កម្លាំង​អាជ្ញាធរ​ប្រើ​ទូ​កុងតឺន័រ​ដាក់​ឃាំង​ធ្វើជា​ទំនប់​បណ្ដោះអាសន្ន ត្រង់​ចំណុច​ដែល​ទឹក​ហូរ​ច្រោះ​ថ្នល់​ប្រមាណ​ជាង ១០០​ម៉ែត្រ។

ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​បន្ត​ហក់​ឡើង​ឥត​ឈប់ឈរ​នេះ កំពុងតែ​ហូរ​ចេញពី​ភូមិ​កន្ទួតទឹក ក្នុង​សង្កាត់​ទៀន ទៅកាន់​តំបន់​ផ្សេង​ទៀត ដូចជា​តំបន់​កួរស្រូវ និង​ផ្នែក​ខាងត្បូង​ឆ្ពោះ​ទៅ​វត្ត​ព្រះធាតុ និង​ផ្លូវជាតិ​លេខ​២ ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ហើយ​នៅ​ពេលនេះ។

នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ដោយ​ទឹកភ្លៀង​ក្នុង​ស្ទឹង​ព្រែកត្នោត កំពុងតែ​ហក់​ឡើង​ខ្លាំង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មាន​ដូចជា​សង្កាត់​គង់នយ សង្កាត់​សាក់សំពៅ នៃ​ខណ្ឌ​ដង្កោ និង​សង្កាត់​បឹងធំ សង្កាត់​ប្រទះឡាង នៃ​ខណ្ឌ​កំបូល ជាដើម ដែល​បណ្តាល​ឱ្យ​វត្ត​អារាម​ជិត ១០​វត្ត​ត្រូវ​បាន​លិច​ទាំងស្រុង រួម​មាន​វត្ត​សាក់សំពៅ វត្ត​ចំការខ្សាច់ វត្ត​ព្រែកជ្រៃ វត្ត​ហារាម វត្ត​ទឹកថ្លា និង​វត្ត​កំពុងក្តុល ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រសួង​ធនធាន​ទឹក អាច​គ្រប់គ្រង​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែកត្នោត បាន ប្រសិនបើ​ភ្លៀង​ធ្លាក់​មិន​ខ្លាំង ហើយ​ទំហំ​ទឹក​មិន​មាន​ច្រើន​ដូច​ឆ្នាំ​មុនៗ​ទេ​នោះ។

អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា ក្រសួង​កំពុង​សិក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​តាមរយៈ​ការ​ស្ដារ​ឡើងវិញ​ផង​ដែរ ប៉ុន្តែ​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ​បន្តិច ដោយសារ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​ជា​កញ្ចប់​ថវិកា​របស់​ភាគី​ចិន ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា នេះ​ថា ដើម្បី​អភិវឌ្ឍ​គម្រោង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ហេតុ​អ្វី​បាន​ជា​ក្រសួង​ធនធាន​ទឹក នៅ​រង់ចាំ​កញ្ចប់​ថវិកា​ប្រទេស​ចិន​ដូច្នេះ? ចុះ​បើ​ឆ្នាំ​២០២២ ចិន​មិន​បាន​ផ្តល់​ថវិកា​នោះ តើ​គួរតែ​បន្ត​ទុក​ឱ្យ​តំបន់​នេះ​ឲ្យ​លិចលង់​បន្ត​ទៀត​ឬ​យ៉ាង​ណា។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា គម្រោង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ត្រូវតែ​ធ្វើ​ជាដាច់ខាត​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​កណ្តាល​បន្ត​ទៀត ខណៈ​កម្ពុជា​ក៏​មាន​ថវិកា​ជាតិ​ល្មម​អាច​សាងសង់​បាន​ទៅ​ហើយ​នោះ។ ដោយឡែក​ប្រជាពលរដ្ឋ​ក៏​អាច​នឹង​ចូលរួម​ក្នុង​ការ​កសាង​ទំនប់​ការពារ​គ្រោះ​ទឹកជំនន់​នេះ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា នេះ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ថា​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា រាជធានី-ខេត្ត​ចំនួន​១៤ របស់​កម្ពុជា រួម​មាន​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្ដាល ដូចជា​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន ដូចជា​ខេត្ត​កំពង់ចាម រួម​ទាំង​បណ្តា​ខេត្ត​នៅ​តាម​តំបន់​មាត់សមុទ្រ ដូចជា​ខេត្ត​ព្រះសីហនុ ជាដើម នឹង​ប្រឈម​ទៅ​នឹង​ជំនន់​ទឹកភ្លៀង និង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស