33 C
Phnom Penh

កូនស្រី​ពៅ​លោក ថាក់ស៊ីន ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ចាប់​យក​តួនាទី​ដ៏​ធំ​មួយ​ក្នុង​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ប្រទេស​ថៃ គឺ​បក្ស​ភឿថៃ។

ការណ៍​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ត្រកូល ស៊ីណាវ៉ាត្រា ចេញ​មុខ​មក​ប្រឡូក​នយោបាយ​វិញ​ហើយ។ តំណែង​របស់​ស្ត្រី​រូប​នេះ​នៅ​ក្នុង​បក្ស​ភឿថៃ គឺជា​ប្រធាន​នៃ​គណៈកម្មការ​ប្រឹក្សា​នវានុវត្តន៍ និង​បរិយាប័ន្ន​របស់​បក្ស។

ស្ត្រី​ស្រស់​សោភា​រូប​នេះ​មាន​ឈ្មោះ​ថា Paetongtarn “Ing” Shinawatra។ បើ​តាម The strait times ឲ្យ​ដឹង​ថា ការ​បង្ហាញ​ខ្លួន​លើកដំបូង​របស់​អ្នកស្រី បាន​នាំ​ឱ្យ​មាន​ការ​លេច​ឮ​ថា លទ្ធភាព​ក្នុង​ពេល​អនាគត អ្នក​នយោបាយ​ស្ត្រី​វ័យក្មេង​រូប​នេះ​អាច​នឹង​ក្លាយ​ជា​បេក្ខជន​តំណែង​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ភឿថៃ។

លោក Duncan McCargo ដែល​ជា​អ្នកជំនាញ​នយោបាយ​ថៃ មាន​ប្រសាសន៍​ថា បក្ស​ភឿថៃ មាន​បញ្ហា​ផ្ទៃក្នុង​អំពី​អ្នក​នយោបាយ​ខ្លះ​រត់​ចោល​បក្ស ហើយ​ក៏​មាន​ការ​លេច​ឮ​ថា​លោក ថាក់ស៊ីន ប៉ុនប៉ង​បញ្ចូល​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ តែ​អ្នកវិភាគ​រូប​នេះ​ថា លោក​មិន​ភ្ញាក់ផ្អើល​នឹង​ព័ត៌មាន​នេះ​ទេ។

បើ​ទោះបីជា​មិន​បាន​កាន់​តំណែង​ផ្លូវការ​ណា​មួយ​នៃ​អតីត​បក្ស​ក្រោម​ឥទ្ធិពល​របស់​លោក ថាក់ស៊ីន នៅ​ពី​ក្រោយ​បក្ស​ភឿថៃ នៅតែ​គេ​ដឹង​ថា​អតីត​ភរិយា​របស់​លោក ថាក់ស៊ីន ដែល​ជា​ម្ដាយ​របស់​កូនស្រី​ពៅ​រូប​នេះ គឺ​អ្នកស្រី Potjaman Na Pombejra ជា​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​បក្ស​ភឿថៃ។

លោក Isra Sunthornvut នាយក​ប្រតិបត្តិ​ប្រឹក្សា Vriens & Partners ដែល​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា ការ​តែងតាំង​កូនស្រី​លោក ថាក់ស៊ីន គឺជា​ការ​កាន់តែ​បង្ហាញ​ថា​វា​ជា​រឿងរ៉ាវ​របស់​គ្រួសារ​មួយ​នេះ។

លោក ថាក់ស៊ីន បច្ចុប្បន្ន​មាន​អាយុ ៧២​ឆ្នាំ​ហើយ។ លោក​ធ្លាប់​ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​នយោបាយ​ដោយ​រដ្ឋប្រហារ នៅ​ឆ្នាំ​២០០៦ ហើយ​បាន​រស់នៅ​ដោយ​និរទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ យ៉ាង​នេះ​ក្ដី អំណាច​នយោបាយ​របស់​លោក​នៅតែ​ជួយ​ជំរុញ​ឱ្យ​សមាជិក​គ្រួសារ​បាន​ឡើង​ខ្ពស់​ដដែល។ តួយ៉ាង​ដូចជា​ប្អូនថ្លៃ​របស់​លោក គឺ​លោក Somchai Wongsawat និង​ប្អូនស្រី​ពៅ​របស់​លោក គឺ​អ្នកស្រី Yingluck Shinawatra បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក Somchai ហើយ​អ្នក​ទាំង​ពីរ​រូប​ចុងក្រោយ ត្រូវ​បាន​ទាញ​ចេញពី​អំណាច​ដោយ​អំណាច​ច្បាប់​មុន​នឹង​អាណត្តិ​ចូល​មក​បញ្ចប់។

លោក ថាក់ស៊ីន ត្រូវ​គេ​ដឹង​ថា​រស់នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​គេច​ចេញពី​អាជ្ញាយុកាល​នៃ​ទោស​នៅ​ប្រទេស​ថៃ លើ​សំណុំរឿង​ពុករលួយ​ដែល​លោក​ថា​ការ​ចោទប្រកាន់​មក​លើ​រូបលោក គឺជា​រឿង​នយោបាយ។

កាលពី​ខែ​កក្កដា លោក ថាក់ស៊ីន ដែល​អំឡុង​ការ​ចូលរួម​វេទិកា​មួយ​ក្នុង​បណ្ដាញ​សង្គម​នៃ Clubhouse លោក​ប្រកាស​ថា​លោក​ចង់​ចូល​មក​ថៃ​វិញ​តាម​ផ្លូវ​មុខ គឺ​មិនមែន​ផ្លូវ​ក្រោយ​ទេ គឺ​ក្នុង​ពេល​ឆាប់ៗ​នេះ។

បណ្ឌិត Punchada Sirivunnabood អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន YUSOF ISHAK មាន​ប្រសាសន៍​ថា តួនាទី​ថ្មី​របស់​អ្នកស្រី Paetongtarn អាច​បញ្ជាក់​អំពី​នយោបាយ​ថ្មើរ​ជើង​សម្រាប់​លោក ថាក់ស៊ីន វិល​មក​កាន់​ថៃ ហើយ​ទំនង​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​បក្ស​ភឿថៃ អាច​ក្លាយ​ជា​បក្ស​កាន់​អំណាច​ឡើងវិញ​បាន​នោះ។

កូនស្រី​ពៅ​ក្នុង​ចំណោម​កូន​បី​នាក់​របស់​លោក ថាក់ស៊ីន គឺ​អ្នកស្រី Paetongtarn បម្រើ​ការ​ជា​មន្ត្រី​គ្រប់គ្រង​ប្រតិបត្តិ​នៃ​អចលនទ្រព្យ​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ​ថា Rende។ ប្ដី​របស់​អ្នកស្រី គឺ​លោក Pidok “Por” Sooksawas ដែល​ជា​អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម។

អ្នកវិភាគ​ថា​ត្រកូល ស៊ីណាវ៉ាត្រា កំពុង​ដាក់​គោលដៅ​ដល់​កូនស្រី​ត្រកូល ស៊ីណាវ៉ាត្រា នេះ​មាន​អាយុ ៣៥​ឆ្នាំ ក្រោយ​ពី​អ្នកស្រី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ ជូឡាឡុងកន នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ ហើយ​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Surrey នៃ​ប្រទេស​អង់គ្លេស។

លោក ថាក់ស៊ីន នៅតែ​ជា​ទ្រព្យ​កាត់ថ្លៃ​មិន​បាន​នៃ​បក្ស​ភឿថៃ ដែល​ជា​បេះដូង​របស់​ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​សាស្ត្រាចារ្យ McCargo។ លោក​បន្ត​ថា ភឿថៃ ធ្លាប់​ទទួល​បាន​ប្រយោជន៍​ចំពោះ​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ​នៃ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​នៅ​ដើម​ឆ្នាំ​២០០០ ហើយ​ផ្ទុយពី​ការ​ដឹកនាំ​បច្ចុប្បន្ន​នៃ​រដ្ឋាភិបាល​លោក ប្រាយុទ្ធ។

សម្រាប់​អ្នកវិភាគ Isra Sunthornvut បន្ថែម​ថា ឱ្យ​តែ​ឮ​ឈ្មោះ​ត្រកូល ស៊ីណាវ៉ាត្រា គឺ​ល្បី​តែម្ដង ហើយ​បើ​កូនស្រី​មក​ទៀត វា​ទាក់ទាញ​យុវជន​ធ្វើ​ឱ្យ​កាន់តែ​ល្បី​ថែម​ទៀត។

សម្រាប់​ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៅ​ខែ​មីនា ឆ្នាំ​២០២៣ មាន​ពាក្យ​លេចឮ​ថា គណបក្ស​កំពុង​កាន់​អំណាច Palang Pracharath និង​ក្រុម​គណបក្ស​ផ្សេងៗ​ទៀត បាន​ត្រៀម​រួច​ហើយ​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី។ តែ​សម្រាប់​គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​នយោបាយ​ធំ​ជាងគេ នៅ​មិនទាន់​ប្រាប់​ឈ្មោះ​អ្នក​នយោបាយ​រូប​ណា​នឹង​ត្រូវ​បាន​លើក​ឱ្យ​ក្លាយ​ជា​បេក្ខជន​តំណែង​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​នោះ​ទេ ខណៈ​មាន​ការ​លេចឮ​ថា យ៉ាងតិច​មាន​អ្នក​នយោបាយ ៣​រូប​ដែល​ត្រូវ​ស្នើ​ឡើង ក្នុង​នោះ​មាន​ទាំង​កូនស្រី​ពៅ​លោក ថាក់ស៊ីន គឺ​អ្នកស្រី Paetongtarn ផង​ដែរ។

នៅ​ពេល​អ្នក​សារព័ត៌មាន​ចោទ​សួរ​ថា អ្នកស្រី​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​ឬ​ទេ? អ្នកស្រី Paetongtarn និយាយ​ថា គឺ​រឿង​សម្រាប់​ថ្ងៃ​ខាងមុខ។ តែ​អ្នកស្រី​ថា​នៅ​ពេលនេះ អ្នកស្រី​កំពុងតែ​ផ្ដោត​តែ​លើ​តួនាទី​របស់​អ្នកស្រី​នា​ពេលនេះ​តែប៉ុណ្ណោះ។

តែ​អ្នកវិភាគ Punchada មើល​ឃើញ​ថា បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ភឿថៃ ទំនង​បាន​ទៅលើ​អ្នកស្រី Paetongtarn។ អ្នកវិភាគ​រូប​នេះ​លើក​យក​ឈ្មោះ​អ្នកស្រី Yingluck Shinawatra មក​ធ្វើការ​ផ្ទៀងផ្ទាត់ ដែល​លោក​ថា អ្នកស្រី យីងឡាក់ គឺ​ការពិត​នាង​ពុំ​មាន​បទពិសោធន៍​នយោបាយ​ច្រើន​ឡើយ។ អ្នកស្រី​បាន​ប្រឡូក​នយោបាយ​នៃ​បក្ស​ភឿថៃ បាន​ជាង ២​ខែ​បន្តិច គឺ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១១ គឺ​អ្នកស្រី​ក៏​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​បក្ស​ភឿថៃ។

លោក​បន្ត​ថា សម្រាប់​អ្នកស្រី Paetongtarn គឺ​រាប់​ពី​ពេលនេះ​រហូត​ដល់​ថ្ងៃ​ជិត​បោះឆ្នោត នៅ​ខែ​មីនា ឆ្នាំ​២០២៣ គឺ​សម​ល្មម​ដែល​ស្ត្រី​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ​អាច​នឹង​ត្រូវ​បក្ស​តែងតាំង​ជា​បេក្ខជន​សម្រាប់​បក្ស​ភឿថៃ ក្នុង​តំណែង​នាយករដ្ឋមន្ត្រី។

តាម​មើល​ទៅ អ្នកវិភាគ​រូប​នេះ​ចង់​និយាយ​ថា ឥទ្ធិពល​របស់​លោក ថាក់ស៊ីន និង​ត្រកូល​ស៊ីណាវ៉ាត្រា នៅតែ​មាន​នៅ​លើ​បក្ស​ភឿថៃ។

តែ​យ៉ាងណា បើ​យោង​តាម​រដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៧ ដែល​ពួក​យោធា​រៀបរៀង​ឡើង​ក្នុង​អន្តរកាល​នៃ​រដ្ឋាភិបាល​កើត​ចេញពី​រដ្ឋប្រហារ ឆ្នាំ​២០១៤ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ គឺ​រដ្ឋធម្មនុញ្ញ​នេះ​បាន​កំណត់​ថា បក្ស​ឈ្នះ​ឆ្នោត​ត្រូវ​យក​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​មក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​មិន​មែន​មាន​តែ​សមាជិក​សភា​ជាប់​ឆ្នោត​ចំនួន ៥០០​រូប​នោះ​ទេ​ជា​អ្នក​សម្រេច គឺ​មាន​សមាជិក​ព្រឹទ្ធសភា​ជ្រើស​តាំង​ចំនួន ២៥០​រូប​ក៏​មាន​សិទ្ធិ​បោះឆ្នោត​ផង​ដែរ។

ករណី​នេះ​ហើយ​បាន​នាំ​ឱ្យ​បក្ស​ភឿថៃ មិន​មាន​លទ្ធភាព​បង្កើត​រដ្ឋាភិបាល ព្រោះ​តែ​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​មិន​ទទួល​បាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់ ហើយ​ក៏​បាន​ទៅលើ​លោក ប្រាយុទ្ធ មកពី​បក្ស Palang Pracharath ដែល​ជា​បក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​២ នៃ​ការ​បោះឆ្នោត​សភា​កាលពី​ខែ​មីនា ឆ្នាំ​២០១៩។ បច្ចុប្បន្ន លោក បា្រយុទ្ធ ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ ១៩​គណបក្ស។

អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ដោយសារតែ​សំឡេង​ឆ្នោត​របស់​សមាជិក​ព្រឹទ្ធសភា ២៥០​រូប បាន​បោះឆ្នោត​ជួយ​បង្គ្រប់​សំឡេង​សមាជិក​សភា​របស់​បក្ស Palang Pracharath និង​បក្ស​ផ្សេងៗ​ទៀត ១៨​គណបក្ស ដែល​អ្នកវិភាគ​យល់​ថា គឺជា​ការ​ផ្ទុយ​នឹង​ឆន្ទៈ​ម្ចាស់​ឆ្នោត។

ក្រុម​យុវជន​ថៃ កំពុង​រុញច្រាន​មិន​ឱ្យ​មាន​ស្ថានភាព​ដូចនេះ​សម្រាប់​ការ​បោះឆ្នោត​សភា​អាណត្តិ​ក្រោយ​នេះ​ទេ គឺ​ក្រុម​យុវជន​ថៃ កំពុង​ទាមទារ​ឱ្យ​រំលាយ​សមាសភាព​ព្រឹទ្ធសភា​ទាំង ២៥០​រូប​នេះ​ចោល​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស