មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និយាយផ្លែផ្កាឌឺដងទៅកាន់មហាអំណាចសហរដ្ឋអាមេរិក ថាលោកមិនខ្វល់នឹងការដាក់ទណ្ឌកម្មរបស់មហាអំណាចនេះនោះទេ ហើយទណ្ឌកម្មនេះគ្រាន់តែជាលេសនយោបាយប៉ុណ្ណោះ។
បុរសខ្លាំងនៅកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បានអះអាងក្នុងពិធីត្រួតពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ថា លោកនឹងទៅចូលរួមធ្វើជាសហប្រធានដឹកនាំអង្គប្រជុំជាមួយលោក ចូ បៃដិន នៅសហរដ្ឋអាមេរិក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅពេលនោះ។
មេដឹកនាំដែលក្រាញអំណាចជិត ៤០ឆ្នាំនៅកម្ពុជារូបនេះ ទាមទារឱ្យសហរដ្ឋអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែឆាប់ ព្រោះលោក ហ៊ុន សែន អះអាងថា គ្មានមន្ត្រីរដ្ឋាភិបាលកម្ពុជាណាម្នាក់យកលុយទៅរក្សាទុកនៅលើទឹកដីសហរដ្ឋអាមេរិកនោះឡើយ។
លោក ហ៊ុន សែន ព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា និងបិទផ្លូវមិនឱ្យលោកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ពេលនោះកិច្ចប្រជុំកំពូលអាស៊ានក៏មិនអាចដំណើរការបានដែរ ហើយលោកក៏មានសិទ្ធិបិទផ្លូវមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកចូលមកកម្ពុជាវិញដូចគ្នា។ ដូច្នេះ លោកមិនញញើតនឹងការគំរាមរបស់សហរដ្ឋអាមេរិក ដោយប្រើច្បាប់លទ្ធិប្រជាធិបតេយ្យសម្រាប់ដាក់ទណ្ឌកម្មលើកម្ពុជាទាំងនោះទេ។

ទាក់ទិននឹងបញ្ហានេះ ប្រភពដ៏ជឿទុកចិត្តមួយ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា កិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិកនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នឹងមានជំនួបក្រៅផ្លូវការមួយផ្សេងទៀតរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងតំណាងមេដឹកនាំប្រទេសទាំងអស់ ដើម្បីពិភាក្សាលើការអនុវត្តគោលការណ៍សិទ្ធិមនុស្សរបស់ប្រទេសជាសមាជិកអាស៊ានទាំងនោះផងដែរ។
ប្រភពដដែលអះអាងថា នៅក្នុងជំនួបនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងដាក់សម្ពាធលើមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ឱ្យដោះស្រាយ និងស្ដារសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ជាងនេះទៀត ក៏នឹងទាមទារឱ្យលោក ហ៊ុន សែន បកស្រាយឱ្យបានច្បាស់លាស់អំពីបញ្ហាកំពង់ផែរាម ដែលមានជាប់ពាក់ព័ន្ធនឹងការផ្តល់ទីតាំងធ្វើជាមូលដ្ឋានយោធាជើងទឹករបស់ចិនថែមទៀត។
ស្របពេលដែលកម្ពុជាកំពុងមានវិបត្តិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹតបន្តឹង ត្រួតពិនិត្យការនាំចេញរបស់កម្ពុជាបន្ថែមទៀត ដើម្បីដាក់សម្ពាធដល់កម្ពុជាដោះស្រាយការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ រួមទាំងកម្លាំងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីកម្ពុជាផងដែរ។
ក្រសួងពាណិជ្ជកម្មអាមេរិក អះអាងថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងអធិបតេយ្យភាពរបស់ប្រជាជនខ្លួនជានិច្ច ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយអំពើពុករលួយ ការគំរាមកំហែងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបញ្ហានានាដែលបង្កឱ្យមានអសន្តិសុខក្នុងតំបន់ផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ទោះបីលោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗធ្វើដូចមិនខ្លាចទណ្ឌកម្មរបស់មហាអំណាចសហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែមេដឹកនាំផ្ដាច់ការរូបនេះតែងបញ្ជូនមន្ត្រីសំខាន់ៗរបស់ខ្លួន ដូចជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ជាដើម ឱ្យដើរបញ្ចុះបញ្ចូលតំណាងរាស្ត្រអាមេរិកជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងនោះមានទាំងការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ក្រុមលោក ហ៊ុន សែន ឲ្យបញ្ចុះបញ្ចូលអាមេរិកដើម្បីជួយទប់ស្កាត់ការអនុម័តច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាថែមទៀត។
របាយការណ៍ក្រសួងយុត្តិធម៌អាមេរិក បង្ហាញថា ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក ជុំ សុន្ទរី បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Qorvis Communications កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយបង់ប្រាក់ជិត ៧ម៉ឺនដុល្លារក្នុងមួយខែៗជាថ្នូរនឹងការផ្តល់សេវាកម្មជួយលុបលាងទង្វើឧក្រិដ្ឋកម្ម និងកេរ្តិ៍ឈ្មោះអាស្រូវរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មនានាពីសហរដ្ឋអាមេរិក។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ធ្នូ នេះថា លោកសោកស្តាយចំពោះការចំអកឡកឡឺយរបស់លោក ហ៊ុន សែន ជុំវិញច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមមេដឹកនាំក្នុងបញ្ជីខ្មៅនៅកម្ពុជា គឺជាការនិយាយបែបប្រជាភិថុតិសុទ្ធសាធ ក្នុងគោលដៅបន្តភូតភរពលរដ្ឋផង និងគោលដៅក្តោបក្តាប់អំណាចត្រកូល ហ៊ុន ផង។

លោក ម៉ែន ណាត អះអាងថា ការផ្ទេរលុយរបស់ក្រុមមេដឹកនាំនៃរដ្ឋាភិបាលលោក ហ៊ុន សែន នៅលើប្រព័ន្ធធនាគារអន្តរជាតិដើម្បីគេចផុតពីទណ្ឌកម្មអាមេរិក គឺពួកគេធ្វើឡើងតាមរបៀបម៉ាហ្វីយ៉ារួចអស់ហើយតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ ដូច្នេះនៅពេលនេះ លោក ហ៊ុន សែន ខ្វល់ខ្វាយតែវិធីក្តោបក្តាប់អំណាចសម្រាប់បន្តត្រកូល ហ៊ុន ប៉ុណ្ណោះ គាត់មិនសូវខ្វល់ខ្វាយពីមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិប៉ុន្មានទេ។
លោកបន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការគំរាមដល់ក្រុមមន្ត្រីពុករលួយនានានៅក្នុងរដ្ឋាភិបាលរបស់គាត់ រួមទាំងលោក ស ខេង ផងដែរ ដើម្បីកុំឲ្យអ្នកទាំងនោះងាករេចេញពីខ្លួន ក្នុងផែនការផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត នៅពេលនេះ ព្រោះថាពួកគេក៏ប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចនៅក្នុងកញ្ចប់ជាមួយគ្នាដែលស្ថិតនៅក្រោមការតាមឃ្លាំមើលនៃប្រព័ន្ធច្បាប់ទណ្ឌកម្មអន្តរជាតិដែរនោះ។

យ៉ាងណាក៏ដោយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងភ្នំពេញចំនួន ៥នាក់ហើយ រួមទាំងឈ្មួញទុច្ចរិតដែលស្និទ្ធនឹងលោក ហ៊ុន សែន ផងដែរ ដែលបានទទួលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការពីសហរដ្ឋអាមេរិក រួមមានលោក ចៅ ភិរុណ លោក ទៀ វិញ លោក ហ៊ីង ប៊ុនហៀង លោក គន់ គីម លោក ទ្រី ភាព។ បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះ UDG ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរក្នុងខេត្តកោះកុង ផងដែរ។
ច្បាប់សម្រាប់ដាក់ទណ្ឌកម្មទាំងមានស្រាប់ និងកំពុងស្នើដោយរដ្ឋសភានៃរដ្ឋាភិបាលលោក ចូ បៃដិន ដែលសហរដ្ឋអាមេរិកប្រើសម្រាប់ដាក់ទណ្ឌកម្មមន្ត្រីពុករលួយរបស់រដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន កាន់តែមានច្រើនហើយនៅពេលនេះ ដូចជាច្បាប់ Cambodia Democracy Act លេខ H.R 4686 សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិមនុស្សលេខ S.3052 និងជាពិសេសច្បាប់ស្ដីពីការទទួលខុសត្រូវខាងផ្នែកសិទ្ធិមនុស្ស Global Magnitsky Human Rights Accountability Acts លេខ១៣៨១៣ ដែលកំពុងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ២រូប គឺលោក ចៅ ភិរុណ និងលោក ទៀ វិញ ក្នុងពេលនេះជាដើម៕