ខ្មែរភាគច្រើនលើសលប់និយាយស្ទើរគ្រប់ៗគ្នាថា ចង់បាន ត្រូវស្វែងរក ឬធ្វើឲ្យមានសាមគ្គីភាព ឯកភាពជាតិរវាងខ្មែរនិងខ្មែរ។ ប៉ុន្តែគេពុំមានចិត្តបរិសុទ្ធប្រតិបត្តិតាមអត្ថន័យនៃពាក្យសាមគ្គី ដែលមានខ្លឹមសារថា ស្មោះត្រង់ទៅវិញទៅមក បម្រើប្រយោជន៍រួមនោះទេ គឺឲ្យស្មោះស្ម័គ្រទៅកាន់បក្សគេតែមួយផ្លូវគត់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំបក្សក្តាប់អំណាច ថែមទាំងហ៊ានប្រើភាសាគំរាមខ្មែរនៅបរទេសទៀតផង។
ក្រោយពីលោក ជុំ ប៊ុនរ៉ុង ទទួលការតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិកនៅខែមិថុនា ឆ្នាំ២០១៥ ហើយចូលកាន់តំណែងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៅខែសីហា ឆ្នាំ២០១៥ ក្នុងអាណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា សកម្មភាពរៀបចំបណ្ដាញសាខាបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកក៏បានចាប់កំណើត។
ភារកិច្ចថ្មីក្នុងបេសកកម្មការទូតប្រចាំស្ថានទូតប្រទេសកម្ពុជានៅបរទេស ទាំងនៅសហរដ្ឋអាមេរិក នៅអូស្ត្រាលី នៅអឺរ៉ុប នៅអាស៊ី ពោលគឺនៅទីណាដែលមានពលរដ្ឋខ្មែររស់នៅច្រើន ផ្តើមពីការទាក់ទងប្រស្រ័យជាមួយសហគមន៍ខ្មែរក្នុងប្រទេសនីមួយៗតាមរយៈមនុស្សជាតំណាងរបស់គេ ដូចជាអ្នកម៉ៅការពីក្រុមហ៊ុន ឬមនុស្សក្នុងសមាគម អង្គការសង្គហកិច្ច សង្គមកិច្ច វត្តអារាម ជាដើម ដោយចូលរួមពិធីបុណ្យផ្សេងៗ។
តាមការសង្កេតរៀងមក សហគមន៍ខ្មែរមួយចំនួនហាក់ដូចជាគិតថាគេមានក្តីសោមនស្សរំភើបរីករាយ មានកិត្តិយសណាស់ដែលមានឯកអគ្គរាជទូតចូលរួមជាភ្ញៀវ។ អ្នកខ្លះនិយាយថា មន្ត្រីទូតក៏ជាខ្មែរដូចគ្នាដែរ ដូច្នេះគួរតែចេះបង្ហាញសាមគ្គីភាពឯកភាពរវាងខ្មែរនិងខ្មែរដូចគ្នា។ បន្ទាប់ពីគេស្ទាបស្ទង់ វាស់វែង ថ្លឹងថ្លែងទឹកចិត្តខ្មែរក្នុងសហគមន៍ដឹងប្រាកដថាដូចជាស្និទ្ធស្នាល ជឿចិត្តគ្នា ស្គាល់មនុស្សណាត្រេកត្រអាលចង់បានអ្វីហើយនោះ គេចាប់ផ្តើមផ្តល់កិត្តិយសផ្តល់ងារ មុខនាទីឲ្យតំណែងអ្នកខ្លះតាមរយៈការតែងតាំង ហើយជួយស្វែងរកសមាជិកទាំងចាស់ទាំងក្មេងឲ្យចូលបក្សប្រជាជនកម្ពុជា។
ប្រមាណមួយឆ្នាំក្រោយមក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញបេសកកម្មនៅសហរដ្ឋអាមេរិកនាខែមេសា ឆ្នាំ២០១៦ ផ្តើមពីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត្ស ភាគឦសានសហរដ្ឋអាមេរិក ក្នុងន័យមកសួរសុខទុក្ខ និងស្តាប់សេចក្តីរាយការណ៍បូកសរុបអំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាក្រៅប្រទេស។ វត្តមានរបស់លោកបានបង្កឲ្យសហគមន៍ខ្មែរបែកសាមគ្គីគ្នារវាងអ្នកគាំទ្រលោក និងអ្នកមិនគាំទ្រ មិនស្វាគមន៍លោក។

រឿងដែលស្ថានទូតអះអាងថា ជាការព្យាយាមបោះដៃរាប់អានខ្មែរដូចគ្នានោះ ក្លាយជាការធ្វើបាតុកម្មប្រឆាំងប្រឈមមុខគ្នារវាងខ្មែរនិងខ្មែរទៅវិញ។ លោក ហ៊ុន ម៉ាណែត ប្រាប់និពន្ធនាយកកាសែត Lowell Sun ថា លោកមិនយល់ តើក្រុមជំទាស់មានទិសដៅអ្វីពិតប្រាកដមកប្រឆាំងនឹងលោកនោះ? លោកថានៅស្រុកខ្មែរ គេមានទូរទស្សន៍ មានឡានជិះសន្ធឹកសន្ធាប់ទៅហើយ។
ក្រុមជំទាស់នឹងវត្តមានលោក ហ៊ុន ម៉ាណែត នៅក្រុងឡូវ៉ែល ដូចជាអ្នកស្រី ផាញ ចម្ប៉ា (Champa Pagne) ថ្លែងថា អ្នកស្រីត្រូវងើបតវ៉ាជំនួសពលរដ្ឋខ្មែររាប់លាននាក់ដែលមិនអាចបញ្ចេញសំឡេងរបស់គេបាននៅប្រទេសកម្ពុជា។
លោក កៃ កាម៉ារ៉ា ថាលោកខកចិត្តនឹងខ្មែរ-អាមេរិកាំងខ្លះដែលទៅជួបអបអរទទួលលោក ហ៊ុន ម៉ាណែត។ យ៉ាងណាមិញ មន្ត្រីអាមេរិកាំងនៃរដ្ឋបាលក្រុងឡូវ៉ែល ជាច្រើនបានលុបចោលគម្រោងជួបលោក ហ៊ុន ម៉ាណែត។
សមាជិកសភាតំណាងរាស្ត្រថ្នាក់រដ្ឋនៃរដ្ឋម៉ាស្សាឈូសិត្ស លោក ម៉ុម រ៉ាឌី ប្រាប់កាសែតថា នយោបាយនៅប្រទេសកម្ពុជាគ្មានអ្វីទាក់ទងនឹងរបៀបយើងរស់នៅទីនេះទេ។ គេអាចវាយប្រហារគ្នាឯងទៅវិញទៅមក យើងជាអាមេរិកាំង។ នេះមានន័យថា ខ្មែរមិនបាច់ខ្វល់រឿងស្រុកខ្មែរទេ។

ដំណាលពេលគ្នានោះ លោក ម៉ុម រ៉ាឌី បានទៅជួបសម្ដែងការគួរសម និងសន្ទនាជាមួយលោក ហ៊ុន សែន ហើយចង់រៀនសូត្រពីរបៀបគ្រប់គ្រងប្រទេសពីលោក ហ៊ុន សែន ទៀតផង។ លោកធ្លាប់រៀនក្នុងសាលាអាមេរិកាំង យល់ដឹងអំពីរបៀបរបបគ្រប់គ្រងបែបប្រជាធិបតេយ្យ ប៉ុន្តែចង់រៀនពីអ្នកដឹកនាំផ្ដាច់ការនៃអតីតបក្សកុម្មុយនីស្តទៅវិញ។ ម្យ៉ាងទៀត លោក ម៉ុម រ៉ាឌី ថាលោកមានពិសោធន៍គ្រប់គ្រាន់នឹងរបបកុម្មុយនីស្ត ព្រោះថាលោកក៏ធ្លាប់ជាជនរងគ្រោះក្នុងសម័យខ្មែរក្រហមដែរ។
ក្នុងទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក ហ៊ុន ម៉ាណែត បានបន្តដំណើរពីក្រុងឡូវ៉ែល ទៅក្រុងឡងប៊ិច រដ្ឋកាលីហ្វ័នីញ៉ា ទៀត ក្នុងបំណងចូលរួមធ្វើព្យុហយាត្រាពេលចូលឆ្នាំខ្មែរនៅក្រុងខ្មែរ ប៉ុន្តែអាក់ខានទៅវិញ។ មួយសប្តាហ៍មុនចូលឆ្នាំខ្មែរ លោក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅក្រុងខ្មែរ តែមានឧបទ្ទវហេតុកើតឡើងខាងក្រៅភោជនីយដ្ឋាន La Lune ពេលលោកបានទៅដល់។

ជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Paul Hayes ព្យាយាមយកដីកាតុលាការប្រគល់ឲ្យហៅឈ្មោះចំៗថា ហ៊ុន ម៉ាណែត តាមពាក្យបណ្តឹងមួយ។ ប៉ុន្តែលោក និងសាក្សីនិយាយថា ត្រូវអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត រុញផ្តួលទៅដីបណ្តាលឲ្យលោក Paul Hayes រងរបួសកដៃ និងជើងជាទម្ងន់។ នេះសឲ្យឃើញថា ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនមិនស្វាគមន៍ ហ៊ុន ម៉ាណែត ទេ ហើយវត្តមានរបស់លោកក៏បង្កឲ្យមានអំពើហិង្សាទៀត។ រឿងក្តីទាក់ទងនឹង ហ៊ុន ម៉ាណែត កំពុងនៅជាធរមាន មិនទាន់ដោះស្រាយចប់នៅឡើយទេ។
ខែតុលា ឆ្នាំ២០១៦ បីខែក្រោយឃាតកម្មលើបណ្ឌិត កែម ឡី គឺលោក ហ៊ុន ម៉ាណែត បន្តធ្វើទស្សនកិច្ចក្រៅប្រទេសទៀត។ លើកនេះទៅកាន់ទីក្រុងម៉ែលប៊ន រដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី ដែលមានខ្មែររស់នៅច្រើនជាងរដ្ឋដទៃ។ បាតុករខ្មែរប្រមាណ ២០០នាក់ស្រែកបន្ទរដាក់លោក ហ៊ុន ម៉ាណែត ថា៖ «តិរច្ឆាន ចុះនរក!»។ អ្នកខ្លះស្រែកថា «ហ៊ុន ម៉ាណែត ជាជនក្បត់!»។
ក្នុងពេលជាមួយគ្នានោះ ក្រុមពលរដ្ឋគាំទ្របក្សប្រជាជនកម្ពុជា ប្រមាណ ១០០នាក់ បាននាំគ្នាធ្វើបាតុកម្មតបវិញ។ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់កាសែតថា បាតុករនៅអូស្ត្រាលី សុទ្ធតែជាអច្ចន្តិកជន ឬពួកជ្រុលនិយមហួស (extremist) ហើយថាខាងលោកក៏មានអ្នកគាំទ្រដែរ។ ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត ទៅអឺរ៉ុប មានទាំងយកកាតាបលុយរាប់លានទៅជាមួយផង ប៉ុន្តែត្រូវបានអាជ្ញាធរបារាំងឃាត់ទុកមួយរយៈ។
អំឡុងខែមីនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី។ លោក ហ៊ុន សែន គំរាមខ្មែររស់នៅអូស្ត្រាលី ដែលត្រៀមធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំ គេនាំគ្នាហៅថាមេដឹកនាំផ្ដាច់ការកណ្ដាប់ដៃដែក ហើយប៉ុនប៉ងដុតទីងមោងរូបលោក ហ៊ុន សែន នោះថា៖ «ខ្ញុំសុំប្រាប់ឲ្យច្បាស់…បើអ្នកឯងមានសិទ្ធិដុតរូបខ្ញុំ យើងមានសិទ្ធិរបស់យើងដើម្បីវាយសំពងអ្នកឯង។ គ្មានអ្វីខុសទេ។ ខ្ញុំនឹងតាមអ្នកឯងដល់ផ្ទះ ហើយចាប់អូសទាញអ្នកឯងវិញ»។
ពលរដ្ឋខ្មែរ-អូស្ត្រាលីមួយចំនួនយល់ថា លោក ហ៊ុន សែន មិនអាចទៅដេញចាប់ពួកគេនៅទីនោះទេ ប៉ុន្តែអ្នកគាំទ្របក្សលោក ហ៊ុន សែន នៅអូស្ត្រាលី អាចនឹងធ្វើអ្វីមួយ ព្រោះសុទ្ធតែពួកចាំស្តាប់បញ្ជា។ ក្រុមជំទាស់នឹងលោក ហ៊ុន សែន សម្រេចចិត្តថា គេត្រូវតែតទល់នឹងចរិតឈ្លានពានហ្នឹង។
ទោះជាយ៉ាងណាមិញ អ្នកវិភាគនយោបាយ ដូចជាបណ្ឌិត Lee Morgenbesser ក្នុងវិទ្យាស្ថានអាស៊ីនៃសកលវិទ្យាល័យ Griffith ជាដើម អធិប្បាយថា៖ «អ្វីលោក ហ៊ុន សែន និយាយនោះ សំដៅប្រាប់មនុស្សក្នុងស្រុកខ្មែរថា មានតែលោកម្នាក់គត់ដែលអាចទប់ទល់នឹងការគំរាមកំហែងពីក្រៅ ដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើមនោះ»។
ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះសួរគ្នាថា ហេតុអ្វីលោក ហ៊ុន សែន ហ៊ាននិយាយដូច្នោះលើទឹកដីប្រទេសសេរីនិយមប្រជាធិបតេយ្យ? អ្នកវិភាគមានពិសោធន៍ក្នុងកិច្ចការខ្មែរ ស្នើមិនចេញឈ្មោះ ថ្លែងថា៖ «លោក ហ៊ុន សែន កូនប្រុសរបស់លោក ឬមន្ត្រីក្រោមបង្គាប់របស់លោកឯទៀតសំអាងថា បក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រ មានសមាជិក មានបណ្ដាញ សាខារបស់គេនៅក្រៅប្រទេស ដែលមានប្រយោជន៍ មានលាភសក្ការៈក្នុងស្រុកខ្មែរជាមួយលោក ហ៊ុន សែន។ ដូច្នេះ គេអាចហ៊ានធ្វើការបម្រើបក្សលោក ហ៊ុន សែន ដើម្បីផ្គាប់ចិត្ត។ ម្យ៉ាងទៀតគេដឹងថា ខ្មែរឯបរទេសខ្លះជាអ្នកសន្សំរកសុខ រកស្រួល ទុកផ្លូវទៅលេងស្រុកខ្មែរម្តងម្កាល ដូច្នេះពិតជាមិនហ៊ានចេញមុខតតាំងបែបណាមួយនឹងគេទេ ទោះជាតាមផ្លូវច្បាប់ក៏ដោយ។ របៀបដឹកនាំច្រឡោងខាម បំភិតបំភ័យ បានរាលឆ្លងទ្វីបដល់ពលរដ្ឋខ្មែរឯបរទេសហើយ!»។
ទោះជាមានមេដឹកនាំខ្មែរដើរនិយាយគំរាមខ្មែរនៅក្រៅប្រទេសក្តី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី Gareth Evans ធ្លាប់រំឭកពលរដ្ឋខ្មែរគ្រប់ទិសទីក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VoA) ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឲ្យមានសុទិដ្ឋិនិយម មានន័យថាកុំអស់សង្ឃឹម។
អូស្ត្រាលីធ្លាប់មានឈ្មោះជាឋានសួគ៌មួយក្នុងចំណោមឋានសួគ៌លាងលុយកខ្វក់។
ដើមខែធ្នូ មុនដាច់ឆ្នាំ២០២១ នេះ សភាអូស្ត្រាលី បានអនុម័តច្បាប់តាមលំនាំច្បាប់អនុម័តនៅសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មមន្ត្រីនៃរដ្ឋាភិបាលបរទេសណាដែលរំលោភសិទ្ធិធ្ងន់ធ្ងរ និងពុករលួយ។
ច្បាប់ Magnitsky Act ចាប់ផ្តើមដៅជនជាតិរុស្ស៊ី និងចិន មុនគេ ដែលគេស៊ើបអង្កេតឃើញថា ជាប់ជំពាក់ក្នុងករណីរំលោភលើសិទ្ធិមនុស្ស និងពុករលួយ។ សម្រាប់សហរដ្ឋអាមេរិក ប្រធានាធិបតីពិចារណាការកំណត់ដាក់ទណ្ឌកម្មយោងតាមសេចក្តីរាយការណ៍ពីរដ្ឋាភិបាលជាតិ រដ្ឋាភិបាលបរទេស និងអង្គការក្រៅរដ្ឋាភិបាលតាមដានរឿងសិទ្ធិមនុស្ស។ ប្រធានាធិបតីជាអ្នកកំណត់ អមដោយក្រសួងហិរញ្ញវត្ថុ ក្រសួងការបរទេស ក្រសួងយុត្តិធម៌ ព្រមទាំងប្រធាន ឬអនុប្រធានគណៈកម្មាធិការសភា។ នៅកាណាដា កំណត់ដោយទេសាភិបាលក្រុមប្រឹក្សា តាមអនុសាសន៍ពីរដ្ឋមន្ត្រីការបរទេស។ នៅអង់គ្លេស កំណត់ដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ៕