40.8 C
Phnom Penh

អ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ៖ ហាស់ សាន

សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​របស់​ក្រុមហ៊ុន​នេះ សង​លុយ​ពួកគេ​វិញ។

ទោះ​ជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នក​វិនិយោគ​ដែល​ដាក់​លុយ​រកស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​អះអាង​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ជិត ២០ មាន​រចនាសម្ព័ន្ធ​ដូចជា​សម្បុក​ពីងពាង និង​ជា​ថៅកែ​ហាង ផាកកាហ្វេ (Park Café) គឺ​លោក គុយ វ៉ាត បាន​ធ្វើ​ឲ្យ​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ ដែល​ជា​លុយ​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន។ ពួកគេ​និយាយ​ថា លោក គុយ វ៉ាត នៅ​មិន​ទាន់​ចេញ​មុខ​ធ្វើការ​បកស្រាយ​អំពី​ការ​បាត់​លុយ​ទាំងនោះ​នៅឡើយ​ទេ ហើយ​ថា​សមត្ថកិច្ច​ក៏​មិន​ទាន់​បើក​ការ​ស៊ើបអង្កេត​លើ​បញ្ហា​ទាំងនេះ​ដែរ។

សមាជិក​រងគ្រោះ​ពី​ការ​ឲ្យ​ប្រាក់​ខ្ចី​ដើម្បី​ទទួល​បាន​ការប្រាក់ ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ហៅ​កាត់​ថា CIC Partner ទាំង ១៣​នាក់ ដូចជា​លោក គុយ វ៉ាត ដែល​ជា​ម្ចាស់​ហាង Park Café លោក សោម សម្បត្តិ និង​លោក ឃីម សុខហេង ជាដើម សង​ប្រាក់​ទៅ​ពួកគេ​វិញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ផ្អាក​បង់​ការប្រាក់​ឱ្យ​ពួកគេ​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក។

លោក គុយ វ៉ាត ម្ចាស់​ហាង Park Café លោក សោម សម្បត្តិ និង​លោក ឃីម សុខហេង

ពលរដ្ឋ​ជាច្រើន​នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​ខ្ចី​ដើម្បី​ស៊ី​ការប្រាក់​ខ្ពស់​ពី​ក្រុមហ៊ុន​មូលនិធិ CIC Partner បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ជន​រងគ្រោះ​ដែល​បាន​ឱ្យ​ក្រុមហ៊ុន​មូលនិធិ CIC Partner ខ្ចី​ប្រាក់​ដើម្បី​ទទួល​បាន​ការប្រាក់​មក​វិញ កំពុង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ដែល​ពួកគេ​បាន​ដាក់​វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន​កន្លង​មក ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ រាប់​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ឈប់​ផ្តល់​ការប្រាក់​ប្រចាំ​ខែ​ឱ្យ​ពួកគេ​ចាប់តាំងពី​ខែ​ឧសភា ឆ្នាំ​២០២៣ មក។

ជនរងគ្រោះ​ទាំងនោះ​បាន​រៀបរាប់​ថា ប្រាក់​ដែល​ពួកគេ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​នេះ​ខ្ចី គឺ​មាន​មេ​ក្រុម​ជា​អ្នក​ប្រមូល ក្នុង​នោះ​ក៏​មាន​គ្រូ​ជោគជ័យ​ឈ្មោះ ឃីម សុខហេង និង​លោក សោម សម្បត្តិ ដែរ។

ប្រភព​ដដែល​បន្ត​ថា គ្រាន់តែ​លោក ឃីម សុខហេង ម្នាក់ អាច​ប្រមូល​លុយ​ពី​កូនសិស្ស​ដែល​ជឿជាក់​លើ​គាត់​តាមរយៈ​នៃ​ការ​បង្រៀន​វគ្គ​ជោគជ័យ បាន​ប្រមាណ​ជា ៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឯណោះ ដើម្បី​បណ្ដាក់ទុន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ហើយ​ម្ចាស់​ប្រាក់​ម្នាក់ៗ​សុទ្ធតែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការប្រាក់​ប្រចាំ​ខែ​ត្រឡប់​ទៅវិញ។

ពលរដ្ឋ​រងគ្រោះ​ទាំងនេះ​អះអាង​ថា តាមរយៈ​សកម្មភាព​នានា​របស់​ក្រុមហ៊ុន CIC Partner នៅ​ពេលនេះ គឺ​កំពុង​អនុវត្ត​ផែនការ​បោកប្រាស់​ប្រាក់​ពី​ម្ចាស់​ដើមទុន​យ៉ាង​ពិតប្រាកដ ហើយ​នេះ​ក៏​ជា​ការ​បោកប្រាស់​ដែល​មាន​លក្ខណៈ​អន្តរជាតិ​ដែរ ព្រោះ​ថា​ជន​រងគ្រោះ​ដែល​ផ្តល់​ប្រាក់​ឱ្យ​ខ្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​តាម​ការ​ឃោសនា​ពី​ក្រុមហ៊ុន​កន្លង​មក មិនមែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ សូម្បី​ជន​បរទេស​ខ្លះ​ក៏​បាន​ផ្តល់​ប្រាក់​ឲ្យ​ខ្ចី​រាប់​សិប​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​ក្រុមហ៊ុន​នេះ​ដែរ។

ជន​រងគ្រោះ​ដដែល​នោះ​បាន​បញ្ជាក់​ថា តាម​ការ​សន្និដ្ឋាន​ក្រោយ​ពេល​ដែល​ពួកគេ​ប្រមូល​ប្រាក់​បាន​គ្រប់​ចំនួន​រួចរាល់​ហើយ ពួកគេ​ប្រហែល​ជា​នឹង​បើក​ក្រុមហ៊ុន​ផ្សេង​មួយ​ទៀត ដែល​ទំនង​ជា​ក្រុមហ៊ុន​លេង​ផ្សារភាគហ៊ុន ដើម្បី​បង្កើត​ទៅ​ជា​ជំនួញ​ផ្ទាល់ខ្លួន​សម្រាប់​តែ​ក្រុម​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ទាំង ១៣​នាក់​ដែល​ប្រមូល​ប្រាក់​នេះ​ប៉ុណ្ណោះ។

ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​អះអាង​ថា ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់ ដែល​រង​ការ​ចោទប្រកាន់​ថា​បាន​បោកប្រាស់​កសិករ​បាន​ប្រាក់​ប្រមាណ​ជាង ៩​ម៉ឺន​ដុល្លារ​កាលពី​ពេល​ថ្មីៗ​នេះ តាម​ពិត ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​ក៏​ជា​ជន​រងគ្រោះ​ពី​ការ​ប្រមូល​ប្រាក់​យក​ទៅ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​នេះ​ដើម្បី​យក​ការប្រាក់​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំពី​ការ​ខាតបង់​ប្រាក់កាស​របស់​ខ្លួន​ដែល​បាន​ឱ្យ​ក្រុមហ៊ុន CIC Partner ខ្ចី​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ដែល​មាន​ឈ្មោះ​ពិត​ថា យ៉ង់ ប៉ាក់។

កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) ឈ្មោះ​ពិត យ៉ង់ ប៉ាក់ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា អ្នក​វិនិយោគ​ជាង ៥០០​នាក់ (៥៤៦​នាក់) បាន​ខាតបង់​ធ្ងន់ធ្ងរ​ពី​ការ​បោះទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្ស័យធន​គ្រប់ៗ​គ្នា ដោយសារតែ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឱ្យ​បាត់​ប្រាក់​មូលនិធិ​ក្នុង​ក្រុមហ៊ុន​ដោយ​គ្មាន​មូលហេតុ​ពិតប្រាកដ និង​គ្មាន​សំណង​ត្រឹមត្រូវ​ទៅ​ដល់​ម្ចាស់​ដើមទុន​ទាំងនោះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ​បញ្ជាក់​ថា ការ​បាត់​ប្រាក់​នេះ គឺ​ដោយសារតែ​អតីត​ប្រធាន​អង្គការ​តម្លាភាព លោក ព្រាប កុល គប់គិត​ជាមួយ​លោក គុយ វ៉ាត ដែល​ជា​ម្ចាស់​ហាង Park Café និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​នេះ រួម​ជាមួយ​សមាជិក​ក្រុមប្រឹក្សាភិបាល​ជាង ១០​នាក់​ផ្សេង​ទៀត បាន​លួច​ប្រាក់​ជិត ១០០​លាន​ដុល្លារ​អាមេរិក (៨០​លាន​ដុល្លារ​អាមេរិក) កាលពី​ពេល​កន្លង​ទៅ​នោះ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​គ្មាន​ប្រាក់​បង់​ទាំង​ដើម​ទាំង​ការប្រាក់​ដល់​សមាជិក​ចូលរួម​រហូត​មក​ដល់​ពេលនេះ។

បន្ទាប់ពី​មាន​ការ​លើកឡើង​របស់​លោក យ៉ង់ ប៉ាក់ និង​ទទួល​រង​នូវ​ការ​ប្តឹងផ្តល់​ពី​លោក ព្រាប កុល រហូត​ដល់​ការ​ចាប់​ខ្លួន សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News ក៏​បាន​ចុះផ្សាយ​ពី​បណ្តឹង​របស់​ក្រុម​កសិករ​មួយ​ចំនួន​ដែរ ដែល​ពួកគេ​បាន​អះអាង​ថា លោក យ៉ង់ ប៉ាក់ បាន​ចេញ​មូលប្បទានបត្រ​ឥត​មាន​សាច់ប្រាក់ (សែក​ស្អុយ) ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង ៩​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក (៩០២ ៣៤,០១​ដុល្លារ) ជុំវិញ​ការ​ទិញ​លក់​អង្កាម កាលពី​អំឡុង​ឆ្នាំ​២០២៣ កន្លង​ទៅ ប៉ុន្តែ​ករណី​ប្តឹងផ្តល់​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​នៅ​ពេលនេះ។

អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អាហ្គ្រីប៊ី (AGRIBEE) លោក យ៉ង់ ប៉ាក់ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen)។

ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Capital Partner) ឬ​ហៅ​កាត់​ថា CIC Partner មាន​ក្រុមប្រឹក្សាភិបាល​ចំនួន ១៣​នាក់ ដែល​ផ្តើម​បង្កើត​ឡើង​ដំបូង ដូចជា៖

  • លោក គុយ វ៉ាត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល
  • លោក ហ៊ុន មុនីវណ្ណ លោក ម៉ៅ សាវិន លោក ឃីម សុខហេង លោក សោម សម្បត្តិ និង​មនុស្ស​មួយ​ចំនួន​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល។

បន្ទាប់ពី​មាន​ពលរដ្ឋ​ចុះឈ្មោះ​ចូល​ជា​សមាជិក និង​ឲ្យ​ខ្ចី​ប្រាក់​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រតិបត្តិការ​បង់​ការប្រាក់​ឱ្យ​សមាជិក​ទាំងនោះ​ជា​បន្តបន្ទាប់​ដែរ។ លុះ​ដល់​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ ស្រាប់តែ​ក្រុមហ៊ុន​នេះ​ប្រកាស​ថា ខ្លួន​អស់​ទុន​បង់​ការប្រាក់​ដល់​សមាជិក​ទាំងនោះ​តែម្តង។

ក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Partner) ហៅ​កាត់​ថា CIC Partner

ភ្លាមៗ​ក្រោយ​ក្រុមហ៊ុន​ប្រកាស​អស់​ទុន​ឈប់​បង់​ការប្រាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល CIC Partner លោក គុយ វ៉ាត ក៏​បាន​ប្រកាស​លាលែង​តំណែង​ភ្លាមៗ​ដែរ ហើយ​រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​នេះ​បាន​សម្រេច​បញ្ឈប់​បង់​ការប្រាក់​ឱ្យ​សមាជិក​ជា​ម្ចាស់​ប្រាក់​ទាំងស្រុង​តាំងពី​ពេល​នោះ​មក។

បន្ទាប់ពី​លោក គុយ វ៉ាត លាលែង​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ព្រោះ​តែ​គ្មាន​ទុន​បង់​ការប្រាក់​ឱ្យ​អ្នក​ដាក់​ទុន​វិនិយោគ សមាជិក​ក្រុមប្រឹក្សាភិបាល​ដទៃ​ទៀត​ក៏​បាន​ជ្រើសរើស​លោក ឡែម ចាន់សំរេច ឡើង​កាន់​កិច្ចការ​ជា​នាយក​ប្រតិបត្តិ និង​ជ្រើសរើស​លោក សុខ ពិសិដ្ឋ ជា​ប្រធាន​គណៈកម្មាធិការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​ក្នុង​ក្រុមហ៊ុន​នេះ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​រក​ប្រាក់​សង​សមាជិក​រងគ្រោះ​ទាំងនោះ​វិញ ខណៈ​ដែល​លោក សុខ ពិសិដ្ឋ និង​លោក ឡែម ចាន់សំរេច ក៏​ជា​ជន​រងគ្រោះ​ក្នុង​ការ​ដាក់​ដើមទុន​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ដែរ​នោះ។

ក្រោយ​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ស្ដារ​ក្រុមហ៊ុន និង​មូលនិធិ​របស់​ក្រុមហ៊ុន CIC Partner ភ្លាមៗ​នោះ លោក សុខ ពិសិដ្ឋ បាន​ប្រកាស​ជំហរ​ទៅ​កាន់​សមាជិក​រងគ្រោះ​អំពី​ការ​ផ្តល់​ប្រាក់​ខ្ចី​ឱ្យ​ក្រុមហ៊ុន​នេះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ថា ខាង​ក្រុមហ៊ុន​កំពុងតែ​រក​វិធី​ដោះស្រាយ​ជូន​សមាជិក​រងគ្រោះ​ហើយ​នៅ​ពេលនេះ ដោយ​ផ្តល់​ជា​ដី​ឡូត៍​ឱ្យ​អ្នក​ទាំងនោះ ដែល​ពួកគេ​អាច​យក​ដី​នោះ​ទៅ​លក់​ដោះដូរ​យក​ជា​ប្រាក់​ដើម្បី​យក​ទៅ​សង​បំណុល​ដែល​ខ្លួន​បាន​ប្រមូល​យក​ទៅ​បណ្ដាក់ទុន​ក្នុង​ក្រុមហ៊ុន​នេះ។

ការ​អះអាង​ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CIC Partner នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​ប្រាក់​ដើម​ជា​ជន​រងគ្រោះ​ជាច្រើន​នាក់ បាន​ដាក់​លិខិត​មួយ​ទៅ​ក្រុមហ៊ុន CIC Partner កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​ម្ចាស់​ប្រាក់​ដែល​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​ឱ្យ​ក្រុមហ៊ុន​នេះ​ខ្ចី បន្ទាប់ពី​ក្រុមហ៊ុន​មិន​បាន​បង់​ការប្រាក់​តាម​កិច្ចសន្យា​របស់​ខ្លួន​អស់​ជាច្រើន​ខែ។

ប្រភព​ដដែល​លើកឡើង​ថា ប្រាក់​ដើម​ដែល​ពួកគេ​បាន​ដាក់​ឱ្យ​ក្រុមហ៊ុន​ខ្ចី​កន្លង​មក គឺ​សុទ្ធតែ​ជា​ប្រាក់​សាច់ញាតិ មិត្តភក្ដិ និង​លុយ​ដែល​ពួកគេ​យក​ប្លង់ដី​ទៅ​បញ្ចាំ​នៅ​ធនាគារ ដើម្បី​បាន​លុយ​មក​ដាក់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ដូច្នេះ ពួកគេ​ត្រូវតែ​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​ទាំងនោះ​វិញ​តាម​កាលកំណត់ ខណៈ​ក្រុមហ៊ុន​បាន​ខកខាន​បង់​ការប្រាក់​ដល់​ម្ចាស់​ដើមទុន​ទាំងនោះ​តាំងពី​ខែ​មិថុនា ឆ្នាំ​២០២៣ មក​នោះ។

ម្ចាស់​ប្រាក់​ដែល​ជា​ជន​រងគ្រោះ បាន​ដាក់​លក្ខខណ្ឌ​ថា បើ​ក្រុមហ៊ុន​គ្មាន​ប្រាក់​សង​ត្រឡប់​មក​វិញ​ទេ ក្រុមហ៊ុន​ត្រូវតែ​ដោះដូរ​ជា​ទ្រព្យសម្បត្តិ​ណា​មួយ​ដែល​មាន​តម្លៃ​ស្មើ ដើម្បី​ឱ្យ​ពួកគេ​យក​ទៅ​លក់​ទូទាត់​សង​ទៅ​ធនាគារ​វិញ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ ក៏​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ដែរ។

ក្រោយ​ផ្ទុះ​ការ​តវ៉ា និង​បែកធ្លាយ​រឿងរ៉ាវ​មិន​បង់​ការប្រាក់​តាម​កិច្ចសន្យា​ដល់​ម្ចាស់​ប្រាក់​ឲ្យ​ខ្ចី​រាប់​រយ​នាក់ ក្រុមហ៊ុន CIC Partner បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៤ ថា ស្ថិត​ក្នុង​បរិបទ​មិន​ប្រាកដប្រជា និង​ផុយ​ស្រួយ​នេះ ក្រុមហ៊ុន​សូម​បដិសេធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​ណា​មួយ​ដែល​កើតឡើង​ជាយថាហេតុ រួម​ទាំង​ហានិភ័យ​ដែល​ផ្សារភ្ជាប់​នឹង​បាតដៃ​ទី​៣ ដែល​ព្យាយាម​រារាំង​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សង​ប្រាក់​ដល់​ម្ចាស់​ដើមទុន​ឡើយ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គុយ វ៉ាត អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អ្នក​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន CIC Partner បាន​នៅឡើយ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ទម្លាយ​នូវ​ឯកសារ​ចុះបញ្ជី​ក្រុមហ៊ុន​របស់​លោក គុយ វ៉ាត ជាច្រើន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក គុយ វ៉ាត រកស៊ី​ខាង​ធ្វើការ​ឈរឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ក្រៅពី​លោក​មាន​ឈ្មោះ​ល្បី​ខាង​ការ​បង្កើត​ក្រុមហ៊ុន Park Café និង​ក្រុមហ៊ុន CIC Partner។

បុរស​រូប​នេះ​បាន​ឈរឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន THEAN LONG (CAMBODIA) INVESTMENT GROUP CO., LTD ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម មាន​ទីតាំង​នៅ​ផ្ទះ​លេខ M៣៥ ផ្លូវ​លេខ​៣៣៧ ភូមិ​១ សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ក្រៅពី​ឈ្មោះ គុយ វ៉ាត ជា​នាយក​ក្រុមហ៊ុន​នេះ គឺ​មាន​ឈ្មោះ Chen Jincheng ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ហុង អ៊ុយ, Chhin Kang, Hong Qingshui ជា​នាយក​ផង​ដែរ។

អាសយដ្ឋាន​នៃ​ក្រុមហ៊ុន​ដែល​លោក គុយ វ៉ាត ឈរឈ្មោះ​បង្កើត​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បង្កើត​ក្រុមហ៊ុន​ចំនួន ១៥​ផ្សេង​ទៀត​ដែល​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ថ្ងៃ-ខែ-ឆ្នាំ​ផ្សេងៗ​គ្នា។ ក្រុមហ៊ុន​ទាំង ១៥ នោះ គឺ​មាន៖

  1. ក្រុមហ៊ុន ZILLENNIUM លោក គុយ វ៉ាត ជា​ប្រធាន
  2. ក្រុមហ៊ុន MARKMA MINING AND ENERGY CONSULTANTS
  3. ក្រុមហ៊ុន Z VALLEY CO.,LTD លោក គុយ វ៉ាត ជា​ប្រធាន និង ភូ ស៊ីប៉ូវ ជា​នាយក
  4. ក្រុមហ៊ុន UNITED PARK លោក គុយ វ៉ាត ជា​ប្រធាន​ផង ជា​នាយក​ផង
  5. ក្រុមហ៊ុន CAMBODIA FLAGE PHNOM PENH DERIVATIVE
  6. ក្រុមហ៊ុន CAMBODIAN INVESTORS CAPITAL PARTNERS PLC ដែល​ហៅ​កាត់​ថា CIC Partner មាន​ឈ្មោះ គុយ វ៉ាត ជា​ប្រធាន ហើយ ហុង លាងអ៊ី និង លី លាង ជា​នាយក
  7. ក្រុមហ៊ុន UNITED PIZZA
  8. ក្រុមហ៊ុន CAMBODIAN INVESTORS CORPORATION
  9. ក្រុមហ៊ុន ATECH GROUP ហុង អ៊ុយ ជា​ប្រធាន ហើយ អ៊ាង សឹ, គុយ វ៉ាត និង លី លាង ជា​នាយក
  10. ក្រុមហ៊ុន V TRUST-KEIAI SOLUTIONS
  11. ក្រុមហ៊ុន GOLDEN TREE
  12. ក្រុមហ៊ុន PHNOM PENH SECURITIES
  13. ក្រុមហ៊ុន PHNOM PENH DERIVATIVE EXCHANGE
  14. ក្រុមហ៊ុន PARK CAFE FOOD AND BEVERAGE
  15. និង​ក្រុមហ៊ុន UNITED FOOD។

ក្រៅពី​ក្រុមហ៊ុន​ទាំង ១៥ ដែល​បាន​រៀបរាប់​ជា​ហូរហែ​មក​នេះ លោក គុយ វ៉ាត ក៏​បាន​បង្កើត​ក្រុមហ៊ុន​បួន​ផ្សេង​ទៀត​ក្នុង​អាសយដ្ឋាន​តែ​មួយ​ដែរ ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ទេពផន សង្កាត់​ទឹកល្អក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ទាំង​បួន​នេះ​មាន៖

  1. ក្រុមហ៊ុន CAMBODIAN REALTY AFFILIATES លោក គុយ វ៉ាត ជា​ប្រធាន ហើយ អ៊ំ រាជនី ជា​នាយក
  2. ក្រុមហ៊ុន TAIWAN KAMHWA CRUSHING INTERNATIONAL លោក គុយ វ៉ាត និង Zou Jinling ជា​ប្រធាន
  3. និង​ក្រុមហ៊ុន V TRUST PROPERTY។

នៅ​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​យក​ប្រាក់​ពី​ពលរដ្ឋ​ខ្មែរ​ប្រភេទ​នេះ​កើត​មាន​ច្រើន​ណាស់ ទាំង​នៅ​ជនបទ និង​នៅ​តាម​ទីក្រុង ដោយ​ពួកគេ​ឃោសនា​ថា ក្រុមហ៊ុន​នឹង​ផ្តល់​ការប្រាក់​ខ្ពស់​ជា​រៀងរាល់​ខែ ប្រសិនបើ​ពលរដ្ឋ​ណា​យក​ប្រាក់​ទៅ​ដាក់​ទុន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​នោះ។

តាមរយៈ​នៃ​ការ​សង្កេត​ក្រោយ​ពេល​ដាក់​ប្រាក់​ដើមទុន​ចូល​ក្នុង​ក្រុមហ៊ុន​រយៈពេល ២ ទៅ ៣​ខែ​ដំបូង ម្ចាស់​ប្រាក់​ទុន​ទាំងនោះ​តែងតែ​ទទួល​បាន​ការប្រាក់​យ៉ាង​ទៀងទាត់ ក្នុង​នោះ​មាន​ម្ចាស់​ប្រាក់​ខ្លះ​បាន​ដាក់​ប្រាក់​ថែម​ទៀត​រហូត​ដល់​រាប់​សិប​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ណែនាំ​ឱ្យ​សាច់ញាតិ មិត្តភក្ដិ ព្រមទាំង​ខ្ចី​ប្រាក់​ធនាគារ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​នោះ​ថែម​ទៀត ប៉ុន្តែ​នៅ​ខែ​ទី​៥ ឬ​ខែ​ទី​៦ ខាង​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ការប្រាក់​ឱ្យ​ម្ចាស់​ទុន​ទៀត​នោះ​ទេ ខណៈ​ម្ចាស់​ទុន​ទៅ​តវ៉ា​យក​ប្រាក់​របស់​ខ្លួន​ត្រឡប់​មក​វិញ ភាគី​ខាង​ក្រុមហ៊ុន​ចេះ​តែ​ដោះសា​រហូត​ដល់​ប្រាក់​ដើម​ទាំងនោះ​បាត់បង់​ទាំងស្រុង​តែម្តង។

ក្រុមហ៊ុន​ប្រភេទ​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​ពី​ពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា​ទៅ​ហើយ​សព្វថ្ងៃ​នេះ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​រាជរដ្ឋាភិបាល​មាន​វិធានការ​ច្បាប់​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​ទាំងនោះ​ទេ ខណៈ​ក្រុមហ៊ុន​ទាំងនោះ​អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល​ថែម​ទៀត។ ជាក់ស្តែង ដូចជា​ក្រុមហ៊ុន Cambodian Investor Capital Partner ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​ប្រជាពលរដ្ឋ​នៅ​ពេលនេះ ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា កន្លង​មក​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ប្រកប​មុខរបរ​ដូច​ក្រុមហ៊ុន CIC Partner នេះ គឺ​ប្រមូល​លុយ​ពី​សមាជិក​ចូលរួម​ដោយ​ផ្តល់​ការប្រាក់​ខ្ពស់​ត្រឡប់​ទៅវិញ ប៉ុន្តែ​ពួកគេ​ផ្តល់​ការប្រាក់​ឱ្យ​សមាជិក​ដែល​ចូលរួម​បាន​ប្រមាណ​ជា ៣ ទៅ ៤​ខែ​ប៉ុណ្ណោះ បន្ទាប់​មក ក្រុមហ៊ុន​ទាំងនោះ​ក៏​រលាយ​បាត់​ស្រមោល​តែម្តង។

លោក សេក សុជាតិ លើកឡើង​ថា ការ​ដែល​ក្រុមហ៊ុន CIC Partner មិន​ផ្តល់​ការប្រាក់​ទៅ​សមាជិក​ចូលរួម​បន្ទាប់ពី​ខ្លួន​បាន​ប្រមូល​ប្រាក់​ដើមទុន​ពី​ពួកគេ​រួចរាល់​ដូច​ពេល​នេះ ហើយ​ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​ជន​រងគ្រោះ​ទាំងនោះ​ថា​រកស៊ី​ឆបោក ក៏​មិន​ខុស​អ្វី​ដែរ ព្រោះ​ថា​ក្រុមហ៊ុន​ត្រូវតែ​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​សមាជិក​ដែល​បាន​ផ្តល់​ប្រាក់​ឱ្យ​ខ្លួន​ខ្ចី​ទាំងអស់​ត្រឡប់​ទៅ​វិញ។

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​រៀបរាប់​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​កន្លង​មក ភាគច្រើន​ក្រុមហ៊ុន​ដែល​ប្រកប​មុខរបរ​ដោយ​ការ​ប្រមូល​លុយ​ពី​សមាជិក​ចូលរួម និង​ផ្តល់​ការប្រាក់​ខ្ពស់​ត្រឡប់​ទៅវិញ គ្រាន់តែ​ជា​វិធី​បោកប្រាស់​ក្នុង​ការ​ប្រមូល​លុយ​ដើម្បី​បង្កើត​ជំនួញ​ផ្សេង​មួយ​ទៀត​ដែល​ស្ថាបនិក​ក្រុមហ៊ុន​នេះ​បាន​គ្រោងទុក​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​មិន​ចាំបាច់​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ដើម្បី​បើក​ក្រុមហ៊ុន​ដែល​ពួកគេ​បាន​គ្រោងទុក​នោះ​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ

លោក សេក សុជាតិ ត្អូញត្អែរ​ថា ដោយសារតែ​ការ​លោភលន់ និង​ការ​កេងប្រវ័ញ្ច​របស់​អ្នកជំនួញ​ដែល​គ្មាន​សីលធម៌ ស្រប​ពេល​ដែល​ច្បាប់​នៅ​មាន​ចន្លោះ​ប្រហោង និង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត ក្រុម​អ្នកជំនួញ​ទុច្ចរិត​តែងតែ​បន្លំ​ខ្លួន​ធ្វើជា​អ្នកជំនួញ​ស្មោះត្រង់ ឬ​ធ្វើជា​ចចក​ពាក់​ស្បែក​ចៀម ដើម្បី​ចូល​មក​បន្លំ​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់ និង​ក្រីក្រ​ជា​បន្តបន្ទាប់ ខណៈ​ពលរដ្ឋ​រងគ្រោះ​ក៏​មិន​ដឹង​ទៅ​ពឹង​ស្ថាប័ន​ណា​ឱ្យ​ជួយ​រក​យុត្តិធម៌​ដែរ ស្រប​ពេល​ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​ប្រើ​ល្បិចកល​គ្រប់​បែប​យ៉ាង​ដើម្បី​គេច​ចេញ​ពី​សំណាញ់​ច្បាប់ និង​រស់នៅ​សេរី​ក្រៅ​ច្បាប់​រហូត​មក។ ម្យ៉ាង​ទៀត ឈ្មួញ ឬ​អាជីវករ​ទុច្ចរិត​ខ្លះ ហ៊ាន​រកស៊ី​បែប​នេះ​ក៏​ព្រោះ​តែ​មាន​សំអាង​លើ​អ្នក​មាន​អំណាច​ចាំ​ការពារ​ដែរ។

អ្នក​ស្រាវជ្រាវ​ដើម្បី​ការ​អភិវឌ្ឍ​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ក្រុមហ៊ុន​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទម្រង់​ដូច​រាយការណ៍​មក​នេះ ដើម្បី​ទប់ស្កាត់​ការ​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​បន្ត​ទៀត ព្រោះ​រយៈពេល​កន្លង​មក​រហូត​ដល់​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​ក្រុម​ឈ្មួញ​ទុច្ចរិត​ដែល​ប្រតិបត្តិការ​ឆបោក​ក្នុង​ទម្រង់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ម្តង​ណា​នៅឡើយ​ទេ ខណៈ​ការ​បោកប្រាស់​ប្រភេទ​នេះ​កើតមាន​ឥត​ឈប់​ឈរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ក្លាយ​ជា​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ទៅវិញ។

គួរ​កត់​សម្គាល់​ថា សកម្មភាព​រកស៊ី​របៀប​ដូច​ដែល​រៀបរាប់​កន្លង​មក​នេះ មាន​សណ្ឋាន​ជា​របៀប​បោក​បញ្ឆោត ភាសា​អង់គ្លេស​ហៅថា Ponzi scheme ដែល​មាន​ឫសគល់​ចេញពី​បុរស​ជនជាតិ​អ៊ីតាលី ម្នាក់​ឈ្មោះ Charles Ponzi នា​ឆ្នាំ​១៩២០។ មុខរបរ​បោកប្រាស់​បែប​នេះ ធ្វើ​ទៅ​បាន​ក៏​ព្រោះ​តែ​មាន​មនុស្ស​លោភលន់​ចង់បាន​ផល​ប្រយោជន៍​ច្រើន និង​ឆាប់​រហ័ស​ផង​ដែរ ហើយ​មិន​សូវ​យល់​អំពី​របៀប​ប្រតិបត្តិការ​ក្នុង​មុខរបរ Ponzi នេះ។

នៅ​សហរដ្ឋ​អាមេរិក អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ផ្ដន្ទាទោស​មនុស្ស​រកស៊ី​ទុច្ចរិត​បោកប្រាស់​ដូច្នេះ​ច្រើន​នាក់​ណាស់​ហើយ រួម​ទាំង​គ្រួសារ​ខ្មែរ-អាមេរិកាំង​ផង​ដែរ។ តាម​អត្ថន័យ​ក្នុង​គេហទំព័រ​វិនិយោគ​តាម​ច្បាប់ Investopia និង​ការិយាល័យ​អ្នក​ច្បាប់ Zamansky LLC អ្នក​ផ្តើម​របរ​រកស៊ី Ponzi ដាក់​ទុន​ខ្លួន​តិចតួច រួច​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលរួម​ដាក់​ទុន ដោយ​សន្យា​ថា​នឹង​ផ្តល់​ផលប្រយោជន៍​លើស​គេ ដូចជា ការប្រាក់​ខ្ពស់ ផល​ចំណេញ​ច្រើន ជាដើម។ល។ ជួនកាល គេ​យក​សាច់ញាតិ​របស់​គេ​ដាក់​ទុន​នាំ​មុខ ដើម្បី​បង្ហាញ​អ្នកដទៃ​ឲ្យ​មាន​ការ​ទាក់ចិត្ត​ចង់​ដាក់​ទុន​រកស៊ី​ដែរ។ គេ​បង់​ការប្រាក់​ខ្ពស់​លើ​ដើមទុន​យ៉ាង​ទៀងទាត់​ប៉ុន្មាន​ខែ​ដំបូង។

ម្ចាស់​ដើមទុន​ចូលរួម​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ឃើញ​បាន​ផល​ដូច​ការ​សន្យា​មែន។ តាម​ការពិត វិធី​បង់​ការប្រាក់​លើ​ប្រាក់​ដើមទុន គឺ​គេ​គ្រាន់តែ​បង្វិល​ប្រាក់​ក្នុង​ក្រុមហ៊ុន​នោះ​យក​ប្រាក់​ពី​អ្នក​ចូលរួម​ក្រោយៗ ទៅ​បង់​ឲ្យ​អ្នក​ចូលរួម​មុនៗ​តែប៉ុណ្ណោះ ពោល​គឺ​បង្វិល​យក​ពី​មួយ​ទៅ​ឲ្យ​មួយ​ទៀត រួម​ទាំង​ឲ្យ​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​គ្រប់គ្រង ដោយ​មិន​បាន​យក​ទុន​ទាំងនោះ​ទៅ​បណ្ដាក់​ក្នុង​គម្រោង​វិនិយោគ​ណា​មួយ ដើម្បី​រក​ផល​ចំណេញ​ឲ្យ​សមាជិក​នោះ​ឡើយ។ គេ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​វិធី​រកស៊ី​យក​ប្រាក់​ពី​អ្នកដទៃ​ទៅ​ចែកចាយ​គ្នា​ធ្វើ​សេដ្ឋី។

Ponzi scheme រស់រាន​ទៅ​មុខ​បាន អាច​បង់​ការប្រាក់​ខ្ពស់​ធ្លាប់​បង់​កន្លង​ទៅ​ប៉ុន្មាន​ខែ​ដល់​សមាជិក អាស្រ័យ​នៅ​លើ​ការ​រើស​សមាជិក​ចូល​ថ្មី​ថែម​ទៀត​បាន​តែ​ប៉ុណ្ណោះ បើ​គ្មាន​សមាជិក​ចូល​ថ្មី​ថែម​ទៀត​ទេ ធនធាន​ក្នុង​ដើមទុន​ពី​មុន​ក៏​ស្រកស្រុត ហើយ​នឹង​រលាយ​បាត់​អស់​តែម្តង។

អ្នក​ច្បាប់​អាមេរិកាំង​រំឭក​សាធារណជន អតិថិជន​ថា បើ​ក្រុមហ៊ុន​ណា​សន្យា​ក្នុង​មុខរបរ​ថា​ផ្តល់​ផល​ច្រើន​លើស​គេ សូម​ឲ្យ​ប្រយ័ត្ន ពិចារណា ហើយ​ស៊ើបសួរ​តាមដាន​សិន។ មួយ​វិញ​ទៀត អ្នក​ប្រកប​មុខរបរ​បែប​នេះ ត្រូវ​មាន​សញ្ញាប័ត្រ​ខាង​ជំនាញ​របស់​ខ្លួន។ បើ​គ្មាន​ទេ មាន​តែ​អាជ្ញាប័ណ្ណ​បើក​ក្រុមហ៊ុន សូម​កុំ​ប្រញាប់​ជឿ​ពេក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស