គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.) បានប្រកាសជំហរក្នុងពិធីសមាជវិសាមញ្ញរបស់ខ្លួនថា គណបក្សនេះនឹងចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីផ្តល់អ្នកដឹកនាំល្អ ជាពិសេសគឺមេឃុំល្អជូនពលរដ្ឋសម្រាប់ដឹកនាំអភិវឌ្ឍនៅមូលដ្ឋានតាមគោលនយោបាយអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រារព្ធពិធីសមាជវិសាមញ្ញរបស់ខ្លួននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស និងប្រកាសជំហរក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ដែលមានការចូលរួមពីសមាជិករបស់ខ្លួនដែលមកពីតាមបណ្តាខេត្តជាច្រើនរបស់កម្ពុជា។
គណបក្សនេះលើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជាបច្ចុប្បន្ននេះកំពុងពេញនិយមក្នុងការដឹកនាំនយោបាយបែបបុគ្គលនិយម ជាជាងការដឹកនាំដោយការអនុវត្តតាមបែបប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បើទោះបីជាក្នុងរដ្ឋធម្មនុញ្ញបានចែងអំពីការប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សហើយក៏ដោយ ដូច្នេះ គ.ប.ម. នឹងចូលរួមកែប្រែឱ្យកម្ពុជាអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនវិញ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងក្នុងសមាជគណបក្សរបស់ខ្លួនថា គណបក្សរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ ហើយគណបក្សរបស់លោកក៏បានត្រៀមបេក្ខជនក្រុមប្រឹក្សាដែលមានសមត្ថភាពពិតប្រាកដសម្រាប់ដឹកនាំ និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានរួចរាល់ហើយដែរ។
បណ្ឌិត យ៉ង សាំងកុមារ អះអាងថា ក្រុមរបស់លោកនឹងអនុវត្តនូវគំរូនយោបាយថ្មីតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចជាការកាត់បន្ថយការរើសអើងនិន្នាការនយោបាយចំពោះការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលភូមិឃុំឱ្យបានល្អប្រសើរសម្រាប់ពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ។
ប្រធានគណៈកម្មាធិការនាយករូបនេះបញ្ជាក់ថា ដើម្បីឱ្យពលរដ្ឋទទួលបានការអភិវឌ្ឍសម្បូរសប្បាយនៅមូលដ្ឋាន ការចូលរួមការបោះឆ្នោតដោយការប្រកួតប្រជែងលើគោលនយោបាយសម្រាប់អភិវឌ្ឍប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់អ្នកនយោបាយដែលមានបំណងចង់ចូលរួមអភិវឌ្ឍប្រទេសជាតិដោយពិតប្រាកដ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បង្កើតឡើងតាមរយៈសមាជដំបូងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដែលបានផ្ដួចផ្ដើមចេញពីក្រុមការងារបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ ដែលមានអ្នកគាំទ្រជាប្រជាកសិករនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួន ក្នុងនោះ បណ្ឌិត កែម ឡី ក៏ជាស្ថាបនិកម្នាក់ដែលផ្ដួចផ្ដើម ជ្រោមជ្រែង និងរៀបចំបង្កើតគណបក្សនេះផងដែរ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្លាប់បានចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ម្តងរួចមកហើយ ក្នុងនោះគណបក្សទទួលបានសំឡេងឆ្នោតជាប់ជាសមាជិកក្រុមប្រឹក្សាឃុំចំនួន ៥រូបផងដែរ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងឆ្នាំ២០២២ ខាងមុខ ដោយកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់។ ដូច្នេះថ្ងៃបោះឆ្នោតសកលអាណត្តិទី៥ នៅមានរយៈពេលកន្លះឆ្នាំទៀតប៉ុណ្ណោះ។
របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា មកទល់នឹងពេលនេះមានគណបក្សនយោបាយប្រមាណជិត ៤០ ហើយដែលទទួលបានសិទ្ធិស្របច្បាប់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕