31 C
Phnom Penh

ប្រធាន GDP ថា​ជីវិត​នយោបាយ​របស់​លោក​គឺ​ចាប់ផ្តើម​និង​បញ្ចប់​នៅ​ក្នុង​តែ​គណបក្ស GDP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ប្រកាស​ប្រាប់​សមាជិក​របស់​ខ្លួន​ថា ការ​ធ្វើ​នយោបាយ​របស់​លោក គឺ​ចាប់ផ្តើម និង​បញ្ចប់​នៅ​ក្នុង​តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ប៉ុណ្ណោះ ព្រោះ​ការ​បំពេញ​ភារកិច្ច​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ធ្វើឡើង​ប្រកប​ដោយ​ឆន្ទៈ សុទ្ធចិត្ត និង​ឧត្តមគតិ មិនមែន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ទេ។

លោក យ៉េង វីរៈ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មេសា នេះ​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ​ជាច្រើន​ពី​មជ្ឈដ្ឋាន​នានា​មក​លើ​រូបលោក រួម​ទាំង​ការ​ជេរប្រមាថ ការ​លាប​ពណ៌ ការ​សើច​ចំអក ជាដើម បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​របស់​លោក​បាន​លាឈប់​ពី​តួនាទី គឺ​ដោយសារតែ​ពួកគេ​មិន​បាន​បើក​ចិត្ត និង​មិន​បាន​ឈ្វេងយល់​ពី​ហេតុផល​ចំពោះ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​តែប៉ុណ្ណោះ។

ប្រធាន​គណបក្ស​ដែល​កំពុង​ជួប​ព្យុះ​ភ្លៀង​រូប​នេះ​បាន​លើកឡើង​ថា ការ​ទទួល​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ដោយសារ​មាន​ការ​គាំទ្រ​ពី​សមាជិក​របស់​គណបក្ស ដូច្នេះ​ដរាប​ណា​លោក​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​បក្ស​ឱ្យ​លោក​បន្ត​កាន់​តំណែង​នេះ លោក​នឹង​ព្យាយាម​តស៊ូ​ដឹកនាំ​គណបក្ស​ទៅ​មុខ​ដោយ​រក្សា​គោលជំហរ និង​គុណតម្លៃ​របស់​គណបក្ស​ជានិច្ច។

លោក យ៉េង វីរៈ បញ្ជាក់​ថា ការ​ធ្វើ​សកម្មភាព​នយោបាយ​ដើម្បី​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដូច្នេះ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទាំងអស់​ដែល​មាន​តួនាទី​ជា​អ្នក​កំណត់​វាសនា​ប្រទេស​ជាតិ សូម​កុំ​មើល​តែ​ទៅ​លើ​សកម្មភាព​បុគ្គល​ណា​ម្នាក់​ក្នុង​បក្ស​នយោបាយ ប៉ុន្តែ​ត្រូវ​សិក្សា​លើ​គោលនយោបាយ និង​គោលជំហរ​រួម​របស់​គណបក្ស​ផង​ដែរ។

កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​នាយក​ស្តីទី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​សម្រេច​ចាកចេញ​ពី​គណបក្ស​របស់​ខ្លួន​ដែល​លោក​បាន​ចូលរួម​បង្កើត​នោះ ទៅ​សុំ​រួម​រស់​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​វិញ។ ភ្លាមៗ​នោះ លោក ហ៊ុន សែន ក៏​បាន​តែងតាំង​លោក​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​តែម្តង។

ការ​ចាកចេញ​របស់​បណ្ឌិត សាម អ៊ីន ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​កាន់តែ​មាន​ចំនួន​តិច​ទៅៗ ខណៈ​អ្នក​ដែល​រក្សា​ជំហរ​តស៊ូ​ជាមួយ​គណបក្ស​នេះ​ក៏​ត្រូវ​រង​នូវ​ការ​រិះគន់ និង​វាយប្រហារ​ជាច្រើន​ថែម​ទៀត។

បណ្ឌិត សាម អ៊ីន គឺជា​មនុស្ស​ទី​៤ ហើយ​ដែល​បាន​សម្រេច​ចេញពី​បក្ស​របស់​ខ្លួន​ទៅ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​បណ្ឌិត យ៉ង សាំងកុមារ លោក ខាត់ សុធី និង​លោក ឡឹក សុធា ដែល​បាន​នាំគ្នា​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នោះ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដល់​រដ្ឋាភិបាល។ ក្រោយ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ឌិត យ៉ង សាំងកុមារ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ស្ថាបនិក ដូចជា​បណ្ឌិត កែម ឡី បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត សាម អ៊ីន លោក យ៉េង វីរៈ និង​អ្នកស្រី ប្រ៉ុក វ៉ាន់នី ជាដើម ប៉ុន្តែ​នៅ​ពេលនេះ ស្ថាបនិក​ទាំងនេះ​បាន​នាំគ្នា​ចេញពី​បក្ស​របស់​ខ្លួន​បណ្តើរៗ​ហើយ ដែល​ធ្វើ​ឱ្យ​សមាជិក​បក្ស​នេះ​មាន​ការ​ព្រួយបារម្ភ​ពី​អនាគត​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យ៉ាង​ខ្លាំង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស