30 C
Phnom Penh

លោក យ៉េង វីរៈ លាឈប់​ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដោយសារ​ដល់​អាណត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៧ ខែ​មេសា ដោយសារ​លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស​នេះ ក្រោម​ហេតុផល​ដល់​កំណត់​អាណត្តិ​ត្រឹម ១០​ឆ្នាំ។

តាមរយៈ​ការ​ធ្វើ​សមាជ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ទាំង ៣ របស់​គណបក្ស កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ លោក យ៉េង វីរៈ បាន​ដក​ខ្លួន​ចេញពី​ប្រធាន​ប្រតិបត្តិ​គណបក្ស ចំណែក​អ្នកស្រី ប្រុក វ៉ាន្នី បាន​ដក​ខ្លួន​ចេញពី​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ។

យោង​តាម​គណនី​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រៀបចំ​សមាជ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស បន្ទាប់ពី​ប្រធាន​គណៈកម្មាធិការ​ទាំង​បី​របស់​គណបក្ស​បាន​ផុត​អាណត្តិ។ ជា​លទ្ធផល ពិធី​សមាជ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ដោយ​ជោគជ័យ។

ប្រភព​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា ឆ្លង​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​សម្ងាត់​រួច​មក អង្គ​បោះឆ្នោត​បាន​សម្រេច​បោះឆ្នោត​ជ្រើសរើស​លោក សេក សុខា ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជំនួស​លោក យ៉េង វីរៈ ដែល​មិន​ឈរឈ្មោះ​បន្ត ដោយ​អង្គ​សមាជ​គាំទ្រ​ដោយ​សំឡេង​គាំទ្រ ១៤៨ លើ​១៥៩។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក ត្រូវ​បាន​ជំនួស​ដោយ លោក មាន អ៊ាង ទទួល​បាន​សំឡេង​គាំទ្រ ១៥៤ លើ​១៥៩ ខណៈ​លោក ធួក បូណា ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ ជំនួស​អ្នកស្រី ប្រុក វ៉ាន្នី ដែល​ដក​ខ្លួន​ចេញ។

យោង​តាម​លក្ខន្តិកៈ​របស់​គណបក្ស គណៈកម្មាធិការ​នីមួយៗ​អាច​ដឹកនាំ​បាន​ត្រឹម ២​អាណត្តិ​ដែល​មាន​រយៈពេល​យ៉ាង​យូរ ១០​ឆ្នាំ។

លោក ធួក បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មូលហេតុ​ដែល​លោក យ៉េង វីរៈ និង​អ្នកស្រី ប្រុក វ៉ាន្នី ដក​ខ្លួន​ចេញ​មិន​ឈរឈ្មោះ​តទៅ​ទៀត គឺ​ដោយ​គោលការណ៍​ផ្ទៃក្នុង​គណបក្ស​បាន​កំណត់​អាណត្តិ​ត្រឹម ១០​ឆ្នាំ។ លោក​ថា បើ​ទោះបីជា​អតីត​ស្ថាបនិក​លោក យ៉េង វីរៈ និង​លោកស្រី ប្រុក វ៉ាន្នី បាន​ដក​ខ្លួន​ចេញ​មែន ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ជួយ​ពីក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាមរយៈ​ជា​គំនិត និង​ការ​គាំទ្រ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួល​បាន ៦​អាសនៈ ខណៈ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ គណបក្ស​នេះ​មិន​ទទួល​បាន​អាសនៈ​នោះ​ឡើយ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​បញ្ញវន្ត​មួយ​ក្រុម និង​ប្រជាពលរដ្ឋ​មកពី​តាម​មូលដ្ឋាន នៅ​ពេល​នោះ​អង្គ​សមាជ​បាន​សម្រេច​បោះឆ្នោត​ជ្រើសរើស​លោក យ៉េង វីរៈ ឱ្យ​ជាប់​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​ប្រធាន​គណបក្ស។

លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មុន​នឹង​ឈាន​ចូល​ប្រឡូក​នយោបាយ លោក​ធ្លាប់​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ដែល​អង្គការ​នោះ​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ផ្តល់​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​ដោយ​មិន​គិត​ថ្លៃ។

អតីត​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដូចជា​លោក​បណ្ឌិត យ៉ង សាំងកុមារ និង​លោក​បណ្ឌិត សាម អ៊ីន បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ក្រោម​ហេតុផល​ដើម្បី​ចូលរួម​សង្គ្រោះ​វិស័យ​កសិកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស