33 C
Phnom Penh

លោក កឹម សុខា៖ ការ​ការពារ​សិទ្ធិមនុស្ស​មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា លើកឡើង​ថា ការ​ចូលរួម​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស មិន​អាច​ចាត់ទុក​ថា​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​នៃ​ប្រទេស​ណា​មួយ​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ការ​មិន​ឲ្យ​តម្លៃ​សិទ្ធិមនុស្ស ការ​មិន​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ដើមចម​នៃ​ជម្លោះ​ទាំងឡាយ​ដែល​អាច​រីក​រាលដាល​រហូត​ដល់​មាន​សង្គ្រាម នាំ​ឲ្យ​ពលរដ្ឋ​ទទួល​រង​នូវ​ការ​ឈឺចាប់ វិនាសកម្ម និង​ឈាន​ទៅ​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​ថែមទៀត។

លោក កឹម សុខា អះអាង​ថា ដើម្បី​ធានា​ការពារ​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​សង្គម​ឲ្យ​រឹងមាំ ត្រូវតែ​រួម​គ្នា​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ឱ្យ​បាន​រឹងមាំ ត្បិត​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​វិបុលភាព​យ៉ាង​រឹងមាំ​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា គុណតម្លៃ​នៃ​សិទ្ធិមនុស្ស​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ព្រោះ​ថា​សិទ្ធិមនុស្ស គឺជា​បញ្ហា​សកល​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​លើកស្ទួយ និង​ការពារ​ដើម្បី​ទាំងអស់​គ្នា ហើយ​វា​ក៏​ជា​សេចក្តី​ត្រូវការ​ចាំបាច់​របស់​មនុស្ស​ក្នុង​ការ​រស់រាន​មាន​ជីវិត​មិន​អាច​ខ្វះ​បាន​ផង​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង​អហិង្សា លោក កឹម សុខា បញ្ជាក់​ថា ដោយសារ​ការ​យល់ស្រប និង​គាំទ្រ​នូវ​គុណតម្លៃ​សិទ្ធិមនុស្ស​នេះ​ហើយ បាន​ជា​ជាង ៣​ទសវត្សរ៍​ចុងក្រោយ​នេះ លោក​តែង​ផ្តល់​អាទិភាព​លើ​ការងារ​សិទ្ធិមនុស្ស​ជានិច្ច ទោះបី​លោក​ស្ថិត​ក្នុង​ឋានៈ​ណា​ក៏ដោយ ក្នុង​នាម​លោក​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ អនុវត្ត និង​ពិសោធន៍​ក្នុង​កិច្ចការ​សិទ្ធិមនុស្ស​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​កន្លងមក។

ការ​អះអាង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ដើម្បី​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី​៧៣​ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៤៨ មក។

មាត្រា​១ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ចែង​ថា មនុស្ស​ទាំងអស់​កើត​មក​មាន​សេរីភាព និង​ភាព​ស្មើ​គ្នា​ក្នុង​សេចក្តី​ថ្លៃថ្នូរ និង​សិទ្ធិ។

នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា សិទ្ធិ​សេរីភាព​របស់​កម្ពុជា​ដែល​មាន​ដូច​ពេល​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​បាន​រំដោះ​យក​មក​វិញ​នៅ​ក្រោយ​ពេល​ដែល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្ដួល​រំលំ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩។

លោក ហ៊ុន សែន បញ្ជាក់​ថា បច្ចុប្បន្ន សិទ្ធិ​សេរីភាព​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ និង​ប្រកប​ការងារ​តូច​ធំ ជ្រើសរើស​ជំនឿ​សាសនា និង​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ធិ​សេរីភាព​ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅ​មុខ​ដូច​សព្វថ្ងៃ​នេះ​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចុះផ្សាយ​លើ​ទំព័រ Facebook របស់​ខ្លួន​ដោយ​ភ្ជាប់​រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ដែរ​ថា នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ស្ថានទូត​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅលើ​គ្រប់​អ្នកទោស​នយោបាយ​ទាំងអស់ ព្រោះ​ថា​បើ​អំពើ​អយុត្តិធម៌​កើត​មាន​គ្រប់​ទីកន្លែង​នោះ ការ​គំរាមកំហែង​ក៏​នឹង​កើត​មាន​គ្រប់​ទីកន្លែង​ដូច​គ្នា​ដែរ។

នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាច្រើន​ស្ថាប័ន បាន​នាំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​បរិបទ​វិបត្តិ Covid-19» ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​អង្គទូត និង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ពិធី​នោះ គឺ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា លើកស្ទួយ​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​នយោបាយ សិទ្ធិ​ការពារ​បរិស្ថាន និង​សិទ្ធិ​ជាច្រើន​ដទៃ​ទៀត​ដែល​កំពុង​រង​ការ​រំលោភបំពាន​ពី​អាជ្ញាធរ​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​លើកឡើង​ថា កម្មករ​និយោជិត​ស្ទើរតែ​គ្រប់​ស្ថាប័ន​ទាំងអស់​កំពុង​រង​នូវ​ការ​រំលោភបំពាន​លើ​សិទ្ធិ​ការងារ​ពី​ខាង​ភាគី​ម្ចាស់​ក្រុមហ៊ុន និង​រោងចក្រ​នៅ​កម្ពុជា ដូចជា​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ដែល​កំពុង​បញ្ឈប់​បុគ្គលិក​ដែល​ជា​តំណាង​សហជីព ដោយ​រំលោភ​លើ​សិទ្ធិ​ការងារ​សព្វថ្ងៃ​នេះ ជាដើម។

ចំណែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា រិះគន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ថា សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នានា​ដទៃ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ជាបន្តបន្ទាប់ ដែល​ខុស​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ក៏​មាន​ការ​រំលោភ​លើ​សិទ្ធិ​ជនភៀសខ្លួន​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​ក្នុង​ពេល​ថ្មីៗ​នេះ​ជាដើម។

លោក នី សុខា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​ប្រជាធិបតេយ្យ និង​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​បញ្ចេញមតិ និង​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ជាពិសេស​រដ្ឋាភិបាល​គួរតែ​លុបបំបាត់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ត្រូវ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​ការ​រំលោភ​សិទ្ធិ​នា​ពេល​កន្លងមក​ផង​ដែរ។

ចំណែក​ឯ​នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ លើកឡើង​ថា សង្គម​មួយ​ដែល​មិន​គោរព​សិទ្ធិ​របស់​ពលរដ្ឋ សង្គម​នោះ​ក៏​គ្មាន​យុត្តិធម៌​ដែរ ហើយ​អ្នក​ដែល​ត្រូវ​គេ​រំលោភ​សិទ្ធិ គឺជា​ជនរងគ្រោះ​យ៉ាង​ពិតប្រាកដ ចំណែក​អ្នក​ដែល​រំលោភ​សិទ្ធិមនុស្ស គឺជា​អ្នក​បំពាន​យុត្តិធម៌​សង្គម​ទាំងស្រុង។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី​៧៣ ក្នុង​ឆ្នាំ​២០២១ នេះ មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នៅ​កម្ពុជា​ទៀត​នោះ​ទេ ត្បិត​រដ្ឋាភិបាល​កម្ពុជា​សម្រេច​លុប​ទិវា​នេះ​ចេញពី​ថ្ងៃ​ឈប់​សម្រាក​លើ​ប្រតិទិន​ខ្មែរ​តាំងពី​ខែ​សីហា ឆ្នាំ​២០២០ មក​ម្ល៉េះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស