40.9 C
Phnom Penh

អ្នក​ឃ្លាំមើល៖ អំណាច​រដ្ឋាភិបាល​នឹង​អស់​ប្រសិទ្ធភាព បើ​មិន​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ច្បាប់​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក និង​ព្រៃឈើ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​អ្នក​បំផ្លាញ​ដី​ព្រៃលិចទឹក ដោយ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដោយ​កំណត់​ដែន​ព្រៃលិចទឹក​ទំហំ ៦៥​ម៉ឺន​ហិកតារ​ជុំវិញ​បឹង​ទន្លេសាប​ជា​របស់​រដ្ឋ។

ប៉ុន្តែ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទន្ទ្រាន និង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​អស់​រាប់​ម៉ឺន​ហិកតារ។

ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​កាប់​ទន្ទ្រាន ឈូស​ឆាយ និង​កាន់កាប់​ដី​ខុសច្បាប់​ជាង ១០​ម៉ឺន​ហិកតារ ខណៈ​ខេត្ត​កំពង់ឆ្នាំង ដី​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ ត្រូវ​បាន​ដកហូត​ពី​អតីត​អភិបាល​ខេត្ត​នេះ គឺ​លោក ឈួរ ច័ន្ទឌឿន។

មិន​មែន​តែ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ទេ គឺ​មាន​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​ការ​លក់​ដី​ព្រៃលិចទឹក​នៅ​ក្នុង​តំបន់​៣ ក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ផង​ដែរ។

យ៉ាងណាក៏ដោយ មាន​ការ​រក​ឃើញ​មន្ត្រី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​បន្តបន្ទាប់​ថែម​ទៀត ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាត់​វិធានការ​លើ​អ្នក​ទាំងនោះ។ ក្រៅពី​បញ្ជា​នោះ លោក​បញ្ជក់​ជំហរ​ថា រដ្ឋាភិបាល​នឹង​បន្ត​ប្ដេជ្ញា​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ទន្ទ្រាន​យក​ព្រៃលិចទឹក​ដើម្បី​ការពារ​បឹង​ទន្លេសាប។

លោក ហ៊ុន សែន ថា​នឹង​វាយ​ខ្នោះ​ភ្លាមៗ​ដោយ​មិន​ញញើត​ដៃ ប្រសិនបើ​បុគ្គល​ណា​នៅតែ​រឹង​ទទឹង​មិន​ព្រម​ប្រគល់​ដី​ព្រៃ​ឲ្យ​មក​រដ្ឋ​វិញ​នោះ។

ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​បង្ហាញ​របាយការណ៍​ក្រុម​ការងារ​អន្តរ​ក្រសួង ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ធំ ថា​ក្រុម​ការងារ​ស្រាវជ្រាវ​បាន​រក​ឃើញ​ករណី​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ដី​ព្រៃលិចទឹក និង​កាន់កាប់​ដី​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​កំពង់ធំ មាន​ចំនួន ៤០​ករណី​លើ​ផ្ទៃដី​ជាង ៣៥០០​ហិកតារ (៣៥៦៦​ហិកតារ) ចាប់ពី​ឆ្នាំ​២០១៩ រហូត​ដល់​ឆ្នាំ​២០២១ ស្ថិតនៅ​ស្រុក​ចំនួន​៤ គឺ​ក្រុង​ស្ទឹងសែន ស្រុក​បារាយ ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ។ ប៉ុន្តែ​របាយការណ៍​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ច្រាន​ចោល ដោយ​បាន​លើកឡើង​ថា របាយការណ៍​របស់​ក្រុម​មន្ត្រី​ជំនាញ​ធ្វើ​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​ឡើយ។

ការ​លើកឡើង​របស់​លោក សុខ ទូច កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ បន្ទាប់ពី​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​ថា ដី​ព្រៃលិចទឹក​នៅ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ បាន​បាត់បង់​ជាង ១០​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​ធ្វើ​របាយការណ៍​ដាក់​ទៅ​រដ្ឋាភិបាល​តែ​ជាង ៣​ពាន់​ហិកតារ​តែប៉ុណ្ណោះ។ លោក​ចាត់ទុក​របាយការណ៍​ក្រុម​មន្ត្រី​ជំនាញ​ដែល​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត ថា​គ្មាន​ភាព​ស្មោះត្រង់​ជាមួយ​ពលរដ្ឋ និង​រដ្ឋាភិបាល ទើប​ធ្វើ​របាយការណ៍​ភូត​កុហក​បែប​នេះ។

លោក សុខ ទូច បញ្ជាក់​ថា ការ​និយាយ​បែប​នេះ ដោយសារតែ​លោក​ទ្រាំ​មិន​បាន​ចំពោះ​របាយការណ៍​ដែល​គ្មាន​ភាព​ស្មោះត្រង់​របស់​ក្រុម​មន្ត្រី​ទាំងនោះ បើ​ទោះបីជា​លោក​ដឹង​ថា ការ​និយាយ​បែប​នេះ​ធ្វើ​ឱ្យ​លោក​មាន​គ្រោះថ្នាក់​ក៏ដោយ ប៉ុន្តែ​លោក​ចង់​ឱ្យ​យុវជន​ដឹង និង​និយាយ​អ្វី​ដែល​ពិត​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ។

លោក​បន្ត​ថា លោក​អាណិត​អ្នក​សាងសង់​ប្រាសាទ​អង្គរវត្ត ដែល​ខិតខំ​ឆ្លាក់​រូបភាព​ត្រី​នៅ​លើ​ផ្ទាំង​ជញ្ជាំង​ប្រាសាទ​គ្រប់​រូបភាព​ទាំងអស់ ដោយសារ​កម្ពុជា​មាន​ព្រៃលិចទឹក​នៅ​បឹង​ទន្លេសាប​ច្រើន ទើប​សម្បូរ​ត្រី​បែប​នេះ ប៉ុន្តែ​បើ​សិន​ដី​ព្រៃលិចទឹក​ត្រូវ​បាន​បាត់បង់​អស់​នោះ លោក​ថា​ចម្លាក់​ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​អង្គរវត្ត​សម្បូរ​ដោយ​ត្រី មិន​មាន​ន័យ​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា គ្រាន់តែ​ខេត្ត​កំពង់ធំ ដី​ព្រៃលិចទឹក​ត្រូវ​គេ​បំផ្លាញ​អស់​ជាង ១០​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រុម​មន្ត្រី​ចុះ​ទៅ​ស្រាវជ្រាវ​បង្ហាញ​ត្រឹម​តែ ៣​ពាន់​ហិកតារ។ របាយការណ៍​នោះ គឺ​ធ្វើ​ឲ្យ​លោក​ទ្រាំ​មិន​បាន ហើយ​លោក​សូម​ឱ្យ​អ្នក​ទាំងអស់​នោះ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ប្រជាជន​កម្ពុជា និង​ជាមួយ​រដ្ឋាភិបាល។

ទោះបីជា​មាន​ប្រតិកម្ម​ពី​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ក៏ដោយ ប៉ុន្តែ​គិត​ដល់​ពេលនេះ​មិន​ទាន់​មាន​ក្រុម​មន្ត្រី​ជំនាញ​អន្តរ​ក្រសួង​ចេញ​មក​បំភ្លឺ​នៅឡើយ ហើយ​វិធានការ​ច្បាប់​លើ​អ្នក​កាប់​ទន្ទ្រាន​ឈូស​ឆាយ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ធំ​ទាំងនោះ ក៏​នៅ​មិន​ទាន់​មាន​សកម្មភាព​ដែរ ខណៈ​ខេត្ត​កំពង់ឆ្នាំង មាន​មន្ត្រី ២​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។

មន្ត្រី​ទាំង​ពីរ​នាក់​នោះ​មាន​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង និង​លោក​វរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ការ​កាន់កាប់​ព្រៃលិចទឹក​នៅ​តំបន់​ហាមឃាត់។

មាត្រា​៩៨ នៃ​ច្បាប់​ស្ដីពី​ជលផល ចែង​ថា ការ​កាប់​ឆ្ការ គាស់​រាន ឈូស​ឆាយ​ព្រៃលិចទឹក និង​ព្រៃ​កោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃលិចទឹក និង​ព្រៃ​កោងកាង ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ ហើយ​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ ចំណែក​មាត្រា​១០២ នៃ​ច្បាប់​ដដែល​នេះ បាន​បញ្ជាក់​ថា បើ​បទល្មើស​នោះ​ប្រព្រឹត្ត​ឡើង​ដោយ​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល មន្ត្រី​យោធា និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ ៥០​លាន​រៀល។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា កត្តា​ដែល​នាំ​ឱ្យ​មន្ត្រី​ធ្វើ​របាយការណ៍​ភូតភរ​រដ្ឋាភិបាល គឺ​ដោយសារតែ​អំពើពុករលួយ ខណៈ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ជា​មន្ត្រី​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជាដើម។ លើស​ពី​នេះ ការ​មិន​បង្ហាញ​របាយការណ៍​ពិត ដោយ​បារម្ភ​ខ្លាច​ជាប់​ទោស​ទណ្ឌ ទើប​មិន​ហ៊ាន​បង្ហាញ ហើយ​ខំ​លាក់បាំង។ ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​ប្រកាស​កាត់​ឆ្វៀល​ដី​ព្រៃ​ដែល​បាន​ឈូស​ឆាយ​ឱ្យ​ដោយ​គ្មាន​ជាប់​ទោស​ទណ្ឌ​នោះ ប្រាកដ​ជា​ដាក់​ទិន្នន័យ​ពិត​មិន​ខាន។ ម្យ៉ាង​វិញ​ទៀត ការ​មិន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មន្ត្រី​ទាំងនោះ​នៅតែ​បន្ត​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើ​របាយការណ៍​ភូតភរ​រដ្ឋាភិបាល។

លោក ប៉ែន ប៊ុណ្ណារ៍ បន្ត​ថា កន្លងមក បើ​រដ្ឋាភិបាល​ហ៊ាន​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​ធ្វើ​ខុស​ទាំងនោះ​តាំងពី​ដំបូង​មក ម៉្លេះ​មន្ត្រី​ផ្សេងៗ​ទៀត​មិន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស ឬ​ធ្វើ​របាយការណ៍​ភូតភរ​នោះ​ទេ។ លោក​បន្ត​ថា ពួកគេ​ប្រាកដ​ជា​គោរព​ច្បាប់ និង​មិន​មាន​ការ​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក​រាប់​ពាន់​រហូត​ដល់​រាប់​ម៉ឺន​ហិកតារ​បែប​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស