30.7 C
Phnom Penh

លោក យ៉ង សាំងកុមារ៖ ការ​ជ្រើសរើស​ប្រធាន​ភូមិ​ល្អ​គឺ​ខុស​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ​ដើម្បី​ត្រួតត្រា​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា ការ​ជ្រើសរើស​ឱ្យ​បាន​នូវ​ប្រធាន​ភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​មូលដ្ឋាន គឺ​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ឆ្ងាយ​ណាស់​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ ដើម្បី​ត្រួតត្រា​ពលរដ្ឋ និង​រក​ផលប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​ពួកគេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា នៅ​ពេល​ពលរដ្ឋ​អាច​ជ្រើសរើស​ប្រធាន​ភូមិ​ដែល​ជា​តំណាង​ពិតប្រាកដ​របស់​ខ្លួន​បាន​ហើយ នោះ​ពលរដ្ឋ​នឹង​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព និង​មាន​សេរីភាព​ពេញលេញ​ជា​មិនខាន។

លោក​បន្ត​ថា ក្រុម​ការងារ​ភូមិ​ដែល​មាន​ប្រធាន​ភូមិ អនុភូមិ និង​ជំនួយការ​ភូមិ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ១​ពាន់​ភូមិ តែង​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ ដែល​ជា​ថវិកា​របស់​ជាតិ ដូច្នេះ​ប្រសិនបើ​ក្រុម​ការងារ​ភូមិ​ទាំងនោះ​ធ្វើការ​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​ដោយ​មិន​បម្រើ​បក្ស នោះ​ការ​ចំណាយ​លុយ​ជាតិ​ក្នុង​រង្វង់​ជាង ៤០​លាន​ដុល្លារ​អាមេរិក​នោះ ពិត​ជា​មិន​ឥតប្រយោជន៍​នោះ​ទេ។

បណ្ឌិត យ៉ង សាំងកុមារ រំឭក​ពលរដ្ឋ​ថា ប្រសិនបើ​មាន​ក្រុម​ការងារ មេភូមិ​ចុះ​ធ្វើ​សៀវភៅ​គណបក្ស​តាម​ភូមិ សូម​ពលរដ្ឋ​សួរ​គាត់​ផង​ថា បើ​ពួកគាត់​ទទួល​ប្រាក់ខែ​របស់​ជាតិ ហេតុ​អ្វី​បាន​ជា​ធ្វើការ​ឲ្យ​គណបក្ស? ជាង​នេះ​ទៀត ត្រូវ​សួរ​ពួកគាត់​ទៀត​ថា តើ​គាត់​ជា​ប្រធាន​ភូមិ​តំណាង​ឱ្យ​ពលរដ្ឋ ឬ​ជា​មេ​បក្ស​ប្រចាំការ​នៅ​ក្នុង​ភូមិ ដើម្បី​តាមដាន​ពលរដ្ឋ?

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ពលរដ្ឋ​គួរ​ចូលរួម​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ប្រកួតប្រជែង​លើ​គោលនយោបាយ​ជ្រើសរើស​ប្រធាន​ភូមិ​ល្អ ដើម្បី​ផលប្រយោជន៍​របស់​ពលរដ្ឋ​គ្រប់​គ្នា។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ចូលរួម​ប្រកួតប្រជែង​លើ​គោលនយោបាយ​ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​រើស​មន្ត្រី​មូលដ្ឋាន​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ-ឃុំ​របស់​ខ្លួន​ឱ្យ​បាន​រីកចម្រើន។

កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែប្រែ និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​រហូត​ដល់​ភូមិ ក្នុង​នោះ​ប្រធាន​ភូមិ​ទទួល​បាន​ប្រាក់​បៀវត្ស​ក្នុង ១​ខែ ៤៣​ម៉ឺន​រៀល ចំណែក​អនុភូមិ​ទទួល​បាន​ប្រាក់​បៀវត្ស​ក្នុង ១​ខែ ៣១​ម៉ឺន​រៀល និង​ជំនួយការ​ភូមិ​ទទួល​បាន​ប្រាក់​បៀវត្ស​ក្នុង ១​ខែ ២៨​ម៉ឺន​រៀល។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ប្រធាន​ភូមិ​ទូទាំង​ប្រទេស​សព្វថ្ងៃ​នេះ​មិន​មាន​គោលជំហរ​ធ្វើការ​ដើម្បី​ពលរដ្ឋ​នោះ​ទេ ពួកគេ​ធ្វើ​ការងារ​ដើម្បី​បម្រើ​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ជាពិសេស​តាមដាន​ពលរដ្ឋ​ក្នុង​ភូមិ​ដែល​គាំទ្រ​គណបក្ស​ផ្សេង និង​ធ្វើ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស