32.5 C
Phnom Penh

អ្នក​ឃ្លាំមើល​កំណត់​ពេល​១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ផែនការ​លោក យ៉ង សាំងកុមារ លើក​កម្ពស់​ស្រូវ​អង្ករ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​កំណត់​ពេល ១០០​ថ្ងៃ​ក្នុង​ការ​តាមដាន​ការងារ​រដ្ឋមន្ត្រី​កសិកម្ម និង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​នឹង​ត្រូវ​បាន​តែងតាំង​ថ្មី គឺ​លោក យ៉ង សាំងកុមារ ជុំវិញ​ផែនការ​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែល​កសិករ​ខ្មែរ​ជួប​វិបត្តិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ ធ្នូ ថា លោក​អបអរ​សាទរ​ជុំវិញ​ការ​ប្ដេជ្ញាចិត្ត​របស់​បណ្ឌិត យ៉ង សាំងកុមារ ចំពោះ​ផែនការ​ជួយ​ស្ដារ​វិស័យ​កសិកម្ម ដើម្បី​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ​ដែល​កសិករ​ខ្មែរ​តែង​ជួប​វិបត្តិ​គ្រប់​ពេល និង​គ្រប់​រដូវកាល នៅ​ពេល​ពួកគាត់​ប្រមូល​ផល​ម្តងៗ ខណៈ​ការ​ចំណាយ​ថ្លៃដើម​ក៏​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​ដែល​ពួកគាត់​កំពុង​ប្រឈម។

លោក សេក សុជាតិ ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា ដែល​ទើប​នឹង​កាន់​តំណែង​ថ្មី និង​រដ្ឋលេខាធិការ​ថ្មី​ក្រសួង​កសិកម្ម លោក យ៉ង សាំងកុមារ ប្រឹងប្រែង​ជួយ​ដោះស្រាយ​វិបត្តិ​ដល់​កសិករ​ឱ្យ​ដូច​ផែនការ​ដែល​ពួកគេ​បាន​គ្រោងទុក ព្រោះ​ថា​កសិករ​ខ្មែរ​ស្ទើរតែ​មួយរយ​ភាគរយ​ដែល​ជំពាក់​លុយ​ធនាគារ និង​ជំពាក់​លុយ​ឈ្មួញ​ដែល​លក់​ជី​លក់​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជំពាក់​ថ្លៃ​ឧបករណ៍​កសិកម្ម​ផ្សេង​ទៀត ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​មុខរបរ​កសិកម្ម​របស់​ខ្លួន ខណៈ​តម្លៃ​ស្រូវ​ក៏​ចុះថោក ការ​ចំណាយ​ថ្លៃដើម​ក៏​ខ្ពស់ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់ និង​ក្លាយ​ខ្លួន​ជា​កូនបំណុល​វ័ណ្ឌក​រហូត​លក់​ដីស្រែ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​រក​លុយ​សង​ធនាគារ​នៅ​ប្រទេស​ជិតខាង។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក យ៉ង សាំងកុមារ បាន​លើកឡើង​កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ជាបន្ទាន់​ជុំវិញ​ការ​កសាង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដូចជា​ការ​កែលំអ​របៀប​ធ្វើ​ស្រែ​របស់​កសិករ ជាពិសេស​ការ​ប្រើប្រាស់​ពូជស្រូវ ការ​ប្រើប្រាស់​ជី ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ការ​គ្រប់គ្រង​ទឹក និង​ការ​គ្រប់គ្រង​ទិន្នផល​ស្រូវ​ពេល​ប្រមូល​ផល និង​ក្រោយ​ពេល​ប្រមូល​ផល ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ថ្លៃដើម ជាដើម។

លើស​ពី​នេះ ត្រូវ​សម្របសម្រួល​ឱ្យ​មាន​ការ​សហការ​រវាង​កសិករ និង​កសិករ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឈាន​ទៅ​រក​ការ​គាំទ្រ និង​សហការ​ជាមួយ​តួអង្គ​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​សហការ​រវាង​កសិករ និង​អ្នក​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ដូចជា​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ជី ដើម្បី​កុំ​ឱ្យ​ខូច​គុណភាព​ដី​ផង​ដែរ។ លើស​ពី​នេះ ក៏​ត្រូវ​សម្របសម្រួល​ឱ្យ​មាន​ការ​សហការ​រវាង​កសិករ និង​រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទិញ​លក់ ព្រមទាំង​ជំរុញ​ឱ្យ​មាន​ការ​សហការ​រវាង​រោង​ម៉ាស៊ីន​កិនស្រូវ និង​ធនាគារ​នានា ដើម្បី​ធានា​នូវ​ការ​បណ្ដាក់ទុន​លើ​វិស័យ​នេះ​ថែម​ទៀត។

លោក យ៉ង សាំងកុមារ បញ្ជាក់​ថា លោក​នឹង​ចូល​បម្រើ​ការងារ​ជា​ផ្លូវការ​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។ នៅ​ពេល​ដែល​លោក​ចូល​បម្រើ​ការងារ​ជា​ផ្លូវការ គឺ​លោក​នឹង​ជួប​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​មន្ត្រី​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ម្ចាស់​ម៉ាស៊ីន​កិនស្រូវ រួម​ទាំង​កសិករ​ដែល​ត្រូវ​ជជែក​គ្នា​លើ​បញ្ហា​ប្រឈម ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាក់លាក់​រួម​មួយ​សម្រាប់​អនុវត្ត​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ស្ដីពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ថា លោក​បាន​ប្រគល់​ភារកិច្ច​ជូន​លោក យ៉ង សាំងកុមារ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​រួចរាល់​ហើយ ដើម្បី​ឱ្យ​តម្លៃ​ស្រូវ​ស្ថិត​ក្នុង​តម្លៃ​ច្បាស់លាស់​មួយ​សម្រាប់​កសិករ​ខ្មែរ។

លោក ឌិត ទីណា បញ្ជាក់​ថា ទោះជា​យ៉ាងណាក៏ដោយ ករណី​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រួល​នូវ​ចរាចរណ៍​ស្រូវ​ចូល​ទៅ​ក្នុង​រោង​ម៉ាស៊ីន​កិនស្រូវ​ផង​ដែរ ដែល​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​សហការ​គ្នា​រវាង​កសិករ និង​រោង​ម៉ាស៊ីន​កិនស្រូវ ដោយ​បង្កើត​ឱ្យ​មាន​ការ​ប្រមូល​ផល​ជា​វគ្គៗ​ដើម្បី​កុំ​ឱ្យ​ប្រមូល​ផល​ក្នុង​ពេល​តែ​មួយ ដែល​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ដូច​ពេល​កន្លងមក។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​វិបត្តិ​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ ហានិភ័យ​សន្តិសុខ​ស្បៀង​អាច​នឹង​កើតឡើង ហើយ​កសិករ​កាន់តែ​ច្រើន​ឡើងៗ​នឹង​បន្ត​បោះបង់​មុខរបរ​កសិកម្ម ក្នុង​នោះ​កសិករ​ខ្លះ​នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ដើម្បី​សង​បំណុល​ធនាគារ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស