35 C
Phnom Penh

បណ្ឌិត សាម អ៊ីន ត្រូវ​បក្ស​ជ្រើសតាំង​ជំនួស​មុខ​តំណែង​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​ទៅ​ចូលរួម​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ឌិត សាម អ៊ីន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ជំនួស​បណ្ឌិត យ៉ង សាំងកុមារ ដែល​ទើប​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក សែម ហាក់ ត្រូវ​បាន​ជ្រើសតាំង​ជា​អគ្គលេខាធិការ​គណបក្ស​ដែល​ជា​តំណែង​របស់​លោក សាម អ៊ីន ពី​មុន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណបក្ស​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២។

បណ្ឌិត យ៉ង សាំងកុមារ ជា​ស្ថាបនិក​ម្នាក់​ដែល​បាន​ចូលរួម​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្នុង​ឆ្នាំ​២០១៥។ គណបក្ស​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គណបក្ស​មួយ​ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុម​បញ្ញវន្ត។ តែ​ទោះ​យ៉ាងណា​ក្តី ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ គណបក្ស​នេះ​ពុំ​ទទួល​បាន​អាសនៈ​ឡើយ ហើយ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ទទួល​បាន​ត្រឹមតែ ៦​អាសនៈ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដល់​រដ្ឋាភិបាល។ ក្រោយ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បណ្ឌិត យ៉ង សាំងកុមារ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ភ្លាមៗ​តែម្តង។

មុន​ពេល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បណ្ឌិត យ៉ង សាំងកុមារ បាន​អះអាង​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ថា បើ​រដ្ឋាភិបាល​អាច​អនុវត្ត​នូវ​លក្ខខណ្ឌ​ទាំង ១២​ខ របស់​លោក​ឱ្យ​បាន​ត្រឹមត្រូវ គឺ​អាច​ជួយ​កសិករ​បាន​ជាង ១​លាន​គ្រួសារ​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ក្នុង​ដំណាក់កាល​ដំបូង ហើយ​ផែនការ​កសាង​សង្វាក់​ផលិតកម្ម​នេះ គឺ​ត្រូវ​ប្រើ​ពេល​រៀបចំ​យ៉ាងតិច ៥​ឆ្នាំ​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ឱ្យ​បាន​ទូទាំង​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស