31 C
Phnom Penh

ក្រុម​អ្នកវិភាគ​ថា​អាស៊ាន​នឹង​បែកបាក់ បើ​មេដឹកនាំ​កម្ពុជា​ប្រើ​ល្បិច​កោះហៅ​តំណាង​របប​សឹក​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​ព្រមាន​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រើ​ល្បិច​រៀបចំ​សេណារីយូ​ដាក់​លិខិត​កោះហៅ​តំណាង​របប​សឹក​ខុស​ច្បាប់​ភូមា ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​កិច្ចប្រជុំ ដោយ​មិន​ជូនដំណឹង​ឱ្យ​តំណាង​ប្រទេស​ផ្សេងៗ​ដឹង​ជា​មុន ដើម្បី​បញ្ចៀស​ការ​មិន​ចូលរួម​របស់​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងនោះ វា​ប្រាកដ​ណាស់​សម្ពន្ធភាព​អាស៊ាន​នឹង​បែកបាក់​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ការ​គិត​ពី​ប្រយោជន៍​មុខមាត់​របស់​ខ្លួន និង​ប្រយោជន៍​របស់​បង​ធំ​ចិន ដែល​នៅ​ពីក្រោយ​ខ្នង​ប៉ុណ្ណោះ មិនមែន​ជា​ទស្សនកិច្ច​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតមាន​នៅ​ប្រទេស​ភូមា ដើម្បី​អាស៊ាន​នោះ​ទេ។

លោក គឹម សុខ អះអាង​ថា បំណង​ពិត​ប្រាកដ​របស់​លោក ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា​នេះ គឺ​មិនមែន​មាន​បំណង​ដោះស្រាយ​វិបត្តិ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា​នោះ​ឡើយ ប៉ុន្តែ​លោក ហ៊ុន សែន គ្រាន់តែ​ចង់​ឱ្យ​របប​សឹក​ដែល​បាន​សម្លាប់​ពលរដ្ឋ​ភូមា​ដ៏​ឃោរឃៅ​នោះ អាច​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​មាន​ការ​ទទួលស្គាល់​ពី​សមាគម​អាស៊ាន​ប៉ុណ្ណោះ ព្រោះ​ថា​តាម​ប្រវត្តិ​នៃ​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ មិនមែន​ជា​មេដឹកនាំ​ដែល​គោរព​លើក​ស្ទួយ​សិទ្ធិមនុស្ស​នោះ​ទេ​ក្នុង​ការ​កាន់កាប់​អំណាច​ជាង ៤០​ឆ្នាំ​របស់​ខ្លួន​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​ជួយ​សម្រួល​ស្ថានការណ៍​នៃ​របប​សឹក​ឱ្យ​មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា លទ្ធភាព​នៃ​ការ​បែកបាក់​របស់​សមាគម​អាស៊ាន កំពុងតែ​រីក​ធំ​ឡើងៗ ជាពិសេស​ក្រោយ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា កាលពី​ពេល​ថ្មីៗ​នេះ ក្នុង​នោះ​មេដឹកនាំ​កម្ពុជា​ក៏​ទទួល​រង​នូវ​ភាព​អាម៉ាស់​មិន​តិច​ដែរ បើ​ទោះបី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខំ​នាំគ្នា​ប្រកាស​ថា ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា​នោះ​ទទួល​បាន​ជោគជ័យ​ក៏ដោយ។

លោក សុខ សុគន្ធ អះអាង​ថា ប្រសិនបើ​លោក ហ៊ុន សែន បន្ត​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា កាន់តែ​យូរ លោក​នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង ព្រោះ​ថា​គ្រាន់តែ​លោក ហ៊ុន សែន ត្រឡប់​ទៅ​កម្ពុជា​វិញ​ភ្លាម របប​សឹក​ខុស​ច្បាប់​ភូមា បាន​ចាប់ផ្តើម​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ភូមា​ភ្លាមៗ។ បន្ថែម​ពី​នេះ របប​សឹក​ក៏​បាន​បន្ថែម​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី ថែម​ទៀត​ពី​លើ​ទោស​ដែល​មាន​ស្រាប់​នា​ពេល​កន្លងមក។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ទង្វើ​របស់​របប​សឹក​ភូមា​ដែល​មិន​បាន​គោរព​តាម​ការ​សន្យា​ជាមួយ​លោក ហ៊ុន សែន លើ​បទ​ឈប់​បាញ់ និង​បន្ថែម​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី បែប​នេះ គឺ​មាន​ន័យ​ថា របប​សឹក​របស់​លោក មីន អ៊ុងឡាំង មិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ក្នុង​បេសកកម្ម​ដោះស្រាយ​វិបត្តិ​ជូន​ពលរដ្ឋ​ភូមា ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា មាន​លទ្ធផល​វិជ្ជមាន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ការ​រិះគន់ និង​ការ​ប្រឆាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​ទំហំ​យ៉ាង​ធំធេង។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២ លោក ហ៊ុន សែន អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ក្នុង​នោះ​លោក​ក៏​បាន​ចែក​រំលែក​អំពី​ភាព​ជោគជ័យ​នៃ​គោលនយោបាយ ឈ្នះ​ឈ្នះ របស់​លោក​នៅ​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរ​ថា តើ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក មីន អ៊ុងឡាំង អាច​ចាត់ទុក​ជា​ជោគជ័យ​ដូច​លោក ហ៊ុន សែន បាន​អះអាង​ដែរ​ឬ​ទេ? ព្រោះ​ថា​ក្រោយ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន បាន​ពីរ​ថ្ងៃ កងទ័ព​ភូមា បាន​ប្រើ​ឧទ្ធម្ភាគចក្រ​បាញ់​មីស៊ីល​ទៅ​លើ​ក្រុង​ឡយក រដ្ឋ​កាយ៉ា ដោយ​បញ្ជាក់​ថា មាន​កងទ័ព​ក្រុម​ជនជាតិ​ភាគតិច​ការ៉ែន (KNDF) កំពុង​លាក់​ខ្លួន​នៅ​ទីនោះ។

ជាង​នេះ​ទៀត តុលាការ​របប​សឹក​យោធា​មីយ៉ាន់ម៉ា ក៏​បាន​កាត់ទោស​អ្នកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ឃុំ ៤​ឆ្នាំ​បន្ថែម​ទៀត​ផង​ដែរ​កាលពី​ថ្ងៃ​ចន្ទ ទី​១០ មករា នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ខិតខំ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ឲ្យ​ជា​តំណាង​ប្រទេស​ភូមា​ស្រប​ច្បាប់​ក្នុង​សមាគម​អាស៊ាន គឺ​ក្នុង​ចេតនា​ប៉ុនប៉ង​បំបែកបំបាក់​អាស៊ាន​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មហាយក្ស​ចិន​តែប៉ុណ្ណោះ ព្រោះ​ថា​អ្វី​ដែល​មហាអំណាច​កុម្មុយនីស្ត​ចិន ចង់​បាន​នោះ គឺ​របប​សឹក​ខុស​ច្បាប់​ភូមា អាច​កាន់កាប់​អំណាច​បន្ត​ទៀត​ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៏​ធំធេង​របស់​ចិន ទៅ​ថ្ងៃ​អនាគត។

ជាក់ស្តែង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ នេះ បាន​អះអាង​ថា ភាគី​ចិន​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក្នុង​ការ​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​នៅ​ប្រទេស​ភូមា។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​បញ្ជាក់​ថា ប្រទេស​ចិន​បាន​ចាត់ទុក​ប្រទេស​ភូមា ជា​សមាជិក​នៃ​គ្រួសារ​អាស៊ាន​ដោយ​ស្រប​ច្បាប់ ហើយ​ចិន​សូម​គាំទ្រ​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ភូមា តាម​វិធី​អាស៊ាន​ដ៏​សមស្រប ដោយ​អនុវត្ត​កុងសង់ស៊ីស ៥​ចំណុច​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស