38.8 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​បើ​ខ្លួន​ឈ្នះ​មេឃុំ-សង្កាត់​ត្រឹមតែ​មួយ​គឺ​ដូច​ពលរដ្ឋ​ខ្មែរ​ឈ្នះ​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​អះអាង​ថា បើ​គណបក្ស​របស់​ខ្លួន​អាច​ឈ្នះ​មេឃុំ-សង្កាត់​ត្រឹមតែ​មួយ​ឃុំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ប្រៀប​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ឈ្នះ​ទូទាំង​ប្រទេស​ដូច្នោះ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មករា នេះ​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ឈ្នះ​បាន​មេឃុំ​ត្រឹមតែ​មួយ​នៅ​ពេល​បោះឆ្នោត​ខាងមុខ​នេះ ក្រុម​របស់​លោក​នឹង​ជ្រើសរើស​ឃុំ​មួយ​ចំនួន​ដើម្បី​ធ្វើការ​ប្រឡង​ប្រណាំង​ស្នាដៃ​កសាង​ភូមិ​ឃុំ​គំរូ ដែល​អាច​ផ្តល់​សេចក្តី​សង្ឃឹម​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា បើ​ទុក​ឲ្យ​គណបក្ស​កាន់​អំណាច​បន្ត​ដឹកនាំ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់ ៥​ឆ្នាំ​បន្ត​ទៀត ប្រជាពលរដ្ឋ​នឹង​គ្មាន​ឱកាស​ប្រៀបធៀប​ស្នាដៃ​របស់​គណបក្ស​ផ្សេង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ប្រកួតប្រជែង​នយោបាយ​បែប​នេះ គឺជា​ការ​ចូលរួម​កសាង​ប្រទេស​ជាតិ និង​ជា​ការ​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​បាន​ល្អ​ប្រសើរ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​នាយក​រូប​នេះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ខ្លះ​មិន​ត្រូវការ​ថវិកា​សោះ ឬ​ត្រូវការ​ថវិកា​ជាតិ​តិចតួច ហើយ​កិច្ចការ​ខ្លះ​ក៏​ត្រូវការ​ថវិកា​ច្រើន​ផង​ដែរ ប៉ុន្តែ​សំខាន់​បំផុត​នោះ គឺ​ការ​ដឹកនាំ​ដែល​ល្អ ត្រូវតែ​បង្ហាញ​ពី​តម្លាភាព គណនេយ្យភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អិតល្អន់។ ជាង​នេះ​ទៀត ចំណុច​ដែល​រឹត​តែ​សំខាន់​នោះ គឺ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មាន​សេរីភាព​នយោបាយ លែង​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​ដូច​ពេល​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​មកដល់ ខណៈ​គណបក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​លើ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ មក។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​កំណត់ ខណៈ​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​បន្ថែម​ចំនួន ៦​ឃុំ-សង្កាត់​ទៀត ដែល​ធ្វើ​ឱ្យ​កើន​ឡើង​ពី ១៦៤៦​ឃុំ-សង្កាត់​ទៅ​ជា ១៦៥២​ឃុំ-សង្កាត់។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា ត្រូវ​បាន​ធ្វើឡើង ៤​អាណត្តិ​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០២ ឆ្នាំ​២០០៧ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៧។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ​នេះ គណបក្ស​កាន់​អំណាច​ទទួល​បាន​មេឃុំ-សង្កាត់​ប្រមាណ​ជាង ១១៦៣​នាក់ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​នោះ ទទួល​បាន​មេឃុំ-សង្កាត់​ប្រមាណ​ជា ៤៨០​ឃុំ-សង្កាត់ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ទទួល​បាន​មេឃុំ​នោះ​ទេ ប៉ុន្តែ​ទទួល​បាន​ក្រុមប្រឹក្សា​តែ ៣​ឃុំ-សង្កាត់​ប៉ុណ្ណោះ។

ជុំវិញ​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា មាន​គណបក្ស​នយោបាយ​ប្រមាណ​ជិត ៤០​ហើយ​ដែល​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​សន្លឹកឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស