32 C
Phnom Penh

បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ធ្វើ​សមាជ​លើកដំបូង​ដើម្បី​ប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ គោល​នយោបាយ និង​បទបញ្ជា​ផ្ទៃក្នុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​គណបក្ស ៣​ផ្សេង​ទៀត​ដែល​ជា​គណបក្ស​បំបែក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​រំលាយ គឺ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​បើក​ពិធី​សមាជ​គណបក្ស​លើកដំបូង​របស់​ខ្លួន ដើម្បី​ជ្រើសតាំង​សមាសភាព​ថ្នាក់​ដឹកនាំ​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​បទបញ្ជា​ផ្ទៃក្នុង​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឈាន​ចូល​មកដល់។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​ដែល​មាន​សមាជិក​ចូលរួម ១២០០​នាក់​នៅ​ទីស្នាក់ការ​គណបក្ស​ដែល​ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដើម្បី​ជ្រើសតាំង​ថ្នាក់​ដឹកនាំ​គណបក្ស និង​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបាយ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទូទាំង​ប្រទេស​នៅ​ពេលនេះ។

គណបក្ស​នេះ​បាន​សម្រេច​ក្នុង​សមាជ​ផ្លូវការ​លើកដំបូង​របស់​ខ្លួន ដោយ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​គណបក្ស ៤​រូប រួម​មាន​លោក ជីវ កត្តា ជា​ប្រធាន​គណបក្ស លោក តាន់ ទីន ជា​អនុប្រធាន​ប្រចាំការ លោក កង គឹមហាក់ និង​លោក ខឺយ ស៊ីនឿន ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ក្រៅពី​សម្រេច​ជ្រើសរើស​មន្ត្រី​ជាន់ខ្ពស់​គណបក្ស ក៏​មាន​ការ​បោះឆ្នោត​អនុម័ត​នូវ​លក្ខន្តិកៈ​គណបក្ស បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​គណៈកម្មាធិការ​នាយក​ចំនួន ៤៥​រូប បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ៨​រូប និង​ការ​កំណត់​ទិសដៅ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ​ថែមទៀត។

ការ​បើក​ពិធី​សមាជ​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដោយ​ការ​ចងក្រង​សមាជិក​នៅ​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​អស់​រយៈពេល​ប្រមាណ​ជាង ២​ឆ្នាំ​កន្លងមក។

ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​បាន​ជាប់ឆ្នោត​ពី​អង្គ​សមាជ លោក ជីវ កត្តា បាន​លើកឡើង​ក្នុង​ពិធី​សមាជ​ពី​ផែនការ​តម្រង់​ទិស​នយោបាយ​របស់​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២២ ទៅកាន់​សមាជិក​អង្គ​សមាជ​របស់​ខ្លួន​ថា គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គឺជា​គណបក្ស​ថ្មី តែ​សកម្មភាព​ចាស់។

ប្រធាន​គណបក្ស​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះឆ្នោត បក្ស​នេះ​នឹង​ដឹកនាំ​ឱ្យ​មាន​នីតិរដ្ឋ ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ធ្វើ​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ឱ្យ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ឡើងវិញ។ ជាង​នេះ​ទៀត លោក​ថា​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋ​ផង​ដែរ។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២០ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ជីវ កត្តា និង​លោក កង គឹមហាក់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន ៦​គណបក្ស​ហើយ ក្នុង​នោះ​រួម​មាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​កម្ពុជា​និយម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស