34 C
Phnom Penh

ប្អូន​ប្រុស​បណ្ឌិត កែម ឡី និង​មនុស្ស​១១​នាក់​ទៀត​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​តែងតាំង​លោក កែម រិទ្ធសិត ដែល​ត្រូវ​ជា​ប្អូន​លោក កែម ឡី និង​អតីត​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ព្រមទាំង​មន្ត្រី​ចំនួន ១០​នាក់​ផ្សេង​ទៀត​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ​តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំនួន​ពីរ​ដាច់ដោយឡែក​ពី​គ្នា ចុះ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​តែងតាំង​លោក កែម រិទ្ធសិត ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី ខណៈ​អ្នកស្រី ឃី ម៉េងលីន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​លោក លី ប៊ុនណារ៉ា ជា​អនុរដ្ឋលេខាធិការ។

ការ​តែងតាំង​លោក កែម រិទ្ធសិត ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក កែម រិទ្ធសិត បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ នេះ។

ក្រៅពី​លោក កែម រិទ្ធសិត និង​មនុស្ស​ពីរ​នាក់​ទៀត ព្រះមហាក្សត្រ​កម្ពុជា​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​អតីត​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជីវ កត្តា ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី ខណៈ​មន្ត្រី​ចំនួន ៨​នាក់​ទៀត​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។

មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ចំនួន ៨​នាក់​ទៀត ក្នុង​នោះ​មាន​លោក តាន់ ទីន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ហើយ​លោក ខឺយ ស៊ីនឿន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លោក កង គឹមហាក់ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ព្រមទាំង​លោក កង ម៉ារ៉ាឌី មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

ចំណែក​លោក សុខ សុធា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​លោក សុខ វិបុល មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ហើយ​លោក អាន តារ៉ា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​លោក គីន គុណ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​រំលាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ ដោយ​ពួកគេ​លើក​ឡើង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព ការ​អភិវឌ្ឍ និង​អនាគត​រុងរឿង។ ជាមួយ​គ្នា​នេះ ប្រធាន អនុប្រធាន រួម​ទាំង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ទាំង ៩​នាក់ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ កាលពី​ថ្ងៃ​២៨ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​ថា ការ​គិតគូរ​ផលប្រយោជន៍​របស់​ជាតិ​ជា​ធំ។

ប៉ុន្តែ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​អ្នកវិភាគ​រិះគន់ ដោយ​ថា​ការ​កែ​នេះ​មិន​បាន​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​ជាតិ​ឡើយ។ ផ្ទុយទៅវិញ វា​ជា​ការ​បម្រើ​ផលប្រយោជន៍​អ្នក​កាន់​អំណាច​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងណា​ក៏ដោយ សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​ជា​អគ្គហេរញ្ញិក លោក សៀវ វិសុទ្ធ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ជូនពរ​អតីត​ប្រធាន​គណបក្ស​ស្រឡាញ់​ជាតិ លោក ជីវ កត្តា និង​មន្ត្រី​ទាំង ៨​នាក់​ទៀត​ដែល​បាន​ចេញពី​បក្ស​នេះ​ឲ្យ​បាន​ទទួល​ជោគជ័យ​គ្រប់​ភារកិច្ច​ទៅ​ថ្ងៃ​មុខ​សម្រាប់​ជាតិ។

ការ​តែងតាំង និង​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទាំង ៩​នាក់ បាន​នាំគ្នា​ចាកចេញ​ដោយ​ការ​ប្រកាស​រំលាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ដើម្បី​ទៅ​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស