ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ បដិសេធទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃទាំងស្រុងលើករណីដែលចោទថា គណបក្សនេះបានបំពានទៅលើប្រការមួយចំនួននៃលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ដោយមិនអនុញ្ញាតឱ្យមានការរៀបចំពិធីសមាជដើម្បីជ្រើសរើសសមាភាពអ្នកដឹកនាំគណបក្សថ្មី។
ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កញ្ញា នេះថា លោកនឹងតស៊ូស្វែងរកយុត្តិធម៌ឱ្យគណបក្សរបស់ខ្លួនឱ្យដល់ទីបំផុត ដើម្បីឱ្យប្រាកដថា តើគណបក្សរបស់លោកមានកំហុសផ្លូវច្បាប់ត្រង់ចំណុចណាដែលមិនអាចដំណើរការការងាររបស់ខ្លួនបាននៅពេលនេះ ខណៈក្រុមរបស់លោកបានពិនិត្យលើប្រការទាំងនោះរួចរាល់ហើយ ដោយរកឃើញថា ពួកគេមិនមានកំហុសត្រង់ចំណុចណាមួយឡើយចំពោះលក្ខន្តិកៈរបស់ខ្លួន។
លោក សៀវ វិសុទ្ធ អះអាងថា លោកកំពុងស្វែងរកការពន្យល់បកស្រាយពីក្រសួងមហាផ្ទៃត្រង់ប្រការមួយចំនួន ដែលក្រសួងបានអះអាងថា គណបក្សរបស់លោកបានរំលោភបំពាន ហើយប្រសិនបើការបកស្រាយនោះបានបង្ហាញថា គណបក្សខ្មែរស្រឡាញ់ជាតិពិតជាបានបំពានលើប្រការមួយចំនួននៃលក្ខន្តិកៈទាំងនោះមែន លោករួមទាំងសមាជិកទាំងអស់មិនជំទាស់ទៅនឹងការអនុវត្តច្បាប់របស់ក្រសួងមហាផ្ទៃឡើយ។
ប្រធានស្តីទីគណបក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ក្នុងករណីដែលរកឃើញថាគណបក្សរបស់លោកគ្មានកំហុស ក្រសួងត្រូវតែបើកផ្លូវឱ្យគណបក្សរបស់លោកដំណើរការកិច្ចការងាររបស់ខ្លួនដូចធម្មតាតាមច្បាប់ដែលបានកំណត់ឡើងវិញផងដែរ។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ជូនដំណឹងទៅកាន់គណបក្សខ្មែរស្រឡាញ់ជាតិថា ក្រសួងមិនអនុញ្ញាតឱ្យមានការរៀបចំពិធីសមាជដើម្បីកែប្រែលក្ខន្តិកៈ និងជ្រើសរើសសមាសភាពអ្នកដឹកនាំថ្មីនៃគណបក្សនេះបានទេ ព្រោះថាការធ្វើបែបនេះ គឺបានរំលោភទៅលើប្រការទី២១ ទី២៥ និងទី៣១ យ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបញ្ជាក់ថា គណបក្សនេះមានសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៨រូបដែលក្នុងនោះ សមាជិកចំនួន ៧រូបបានសម្រេចលាឈប់អស់ហើយ ដូច្នេះគណបក្សនេះមិនអាចដំណើរការការងាររបស់ខ្លួនឱ្យស្របទៅនឹងលក្ខន្តិកៈគណបក្សទៀតបានទេ។
ការចេញលិខិតនេះ ធ្វើឡើងបន្ទាប់ពីសមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ គ្រោងរៀបចំធ្វើពិធីសមាជវិសាមញ្ញរបស់ខ្លួនដើម្បីកែប្រែលក្ខន្តិកៈ និងជ្រើសរើសសមាសភាពអ្នកដឹកនាំកំពូលរបស់គណបក្សឡើងវិញ បន្ទាប់ពីសមាសភាពជាន់ខ្ពស់ដែលជាប្រធាន អនុប្រធាន បានដាក់ពាក្យលាឈប់ និងប្រកាសរំលាយគណបក្សនេះកាលពីចុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា លោក ខឿយ ស៊ីនឿន លោក កង គឹមហាក់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានចេញលិខិតប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិដោយមិនបានឆ្លងកាត់សមាជរបស់គណបក្សនោះឡើយ ប៉ុន្តែក្នុងលិខិតទាំងនោះបានបញ្ជាក់ថា ការប្រកាសរំលាយនេះ គឺដោយសារមើលឃើញការដឹកនាំល្អរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ។
គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្រោមការផ្ដួចផ្ដើមរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការក្រុងភ្នំពេញប្រកាសរំលាយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនោះ៕