30.4 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប្រកាស​រំសាយ​បក្ស​តាម​លិខិត​ក្រសួង​មហាផ្ទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មួយ​រូប​ទៀត​ហើយ​បាន​ប្រកាស​រំសាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ចាប់ពី​ពេលនេះ​តទៅ។

អគ្គហេរញ្ញិក​នៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ការ​សម្រេច​ប្រកាស​រំលាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ គឺ​ធ្វើឡើង​ដើម្បី​គោរព​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២២។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ប្រកាស​មិន​ទទួលស្គាល់​លោក សៀវ វិសុទ្ធ ធ្វើជា​ប្រធាន​ស្ដីទី និង​មិន​ឲ្យ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​ឡើយ ដោយ​ថា​គណបក្ស​នេះ​បំពាន​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

ក្រសួង​អះអាង​ថា ប្រសិនបើ​គណបក្ស​នេះ​ហ៊ាន​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​មេដឹកនាំ​ថ្មី​មែន នោះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នឹង​បំពាន​លក្ខខណ្ឌ​កំណត់​ក្នុង​ប្រការ​២១ ប្រការ​២៥ ប្រការ​២៦ ប្រការ​២៧ ប្រការ​២៨ និង​ប្រការ​៣១ នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ខណៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និង​អនុវត្ត​រាល់​ការងារ​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ដែល​មាន​សមាសភាព​ចំនួន ៨​រូប ក្នុង​នោះ​មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន ៧​រូប​បាន​សម្រេច​លាឈប់​ពី​គណបក្ស​ជា​លាយលក្ខណ៍​អក្សរ​រួច​ហើយ។

លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​ថា ការ​សម្រេច​ចិត្ត​រំសាយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ ដោយសារតែ​លោក​បាន​ដឹង​អំពី​វាសនា​នៃ​គណបក្ស​នេះ​ដែល​មិន​អាច​ធ្វើ​ដំណើរ​តទៅ​មុខ​ទៀត​បាន ក្រោយពី​ក្រសួង​មហាផ្ទៃ​ហាម​មិន​ឲ្យ​លោក​ធ្វើ​សមាជ​វិសាមញ្ញ និង​មិន​ទទួលស្គាល់​លោក​ជា​ប្រធាន​បក្ស។ លោក​បន្ត​ថា បក្ស​នេះ​នឹង​អាច​ត្រូវ​ទុក​ចោល ហើយ​ករណី​រំលាយ ឬ​មិន​រំលាយ​បក្ស​នេះ គឺ​អាស្រ័យ​ទៅ​លើ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់ចែង។

លោក​បន្ត​ថា ក្រោយ​ការ​ប្រកាស​រំសាយ​បក្ស​នេះ​ទៅ លោក​នឹង​ទៅ​ចិញ្ចឹម​ទា​យក​ពង​លក់​ដូច​ដើម​វិញ។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​កន្លងមក គ្រោង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ឡើងវិញ​ក្រោយពី​ប្រធាន​បក្ស​នេះ​ប្រកាស​រំលាយ​ដោយ​ខ្លួនឯង។

ការ​ប្រកាស​រំលាយ​ពី​សំណាក់​អតីត​ប្រធាន​បក្ស លោក ជីវ កក្តា កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ក្រោយពី​លោក ជីវ កក្តា បាន​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គឺជា​គណបក្ស​នយោបាយ​ដំបូង​គេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​មាន​ប្រភព​ចេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។

ក្រោយ​ពី​អតីត​ប្រធាន​គណបក្ស​នេះ​ប្រកាស​រំលាយ​ខ្លួនឯង​មក ថ្នាក់​ដឹកនាំ​គណបក្ស​នេះ​ចំនួន ៦​រូប​មាន​ទាំង​លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន ផង​នោះ ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដោយ​មាន​តំណែង​ជា​អគ្គនាយក និង​ជា​អនុរដ្ឋលេខាធិការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស