31 C
Phnom Penh

សមត្ថកិច្ច​បញ្ជូន​កូដករ​ណាហ្គា ៣​នាក់​ទៀត​ទៅ​តុលាការ​ក្រោម​ហេតុផល​រារាំង​ការ​អនុវត្ត​វិធានការ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បញ្ជូន​កូដករ​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ៣​នាក់​ទៀត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19»។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ទាំង ៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ និង​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ ទី​៨ កុម្ភៈ នេះ ក្នុង​នោះ​មាន​លោក សេង វណ្ណារិទ្ធ លោក ជួន ចាន់ណាត និង​លោក សៅរ៍ សម្បត្តិ ក្រោម​ហេតុផល «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19» ខណៈ​កូដករ ៤​នាក់​ទៀត ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ចេញ​ដីកា​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ។

យ៉ាងណាក៏ដោយ ក្រុម​កូដករ​បាន​ចាត់ទុក​វិធានការ​លើ​ពួកគេ​នា​ពេលនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បំបាក់​ស្មារតី និង​បំបែក​ក្រុម​កូដករ​មិន​ឱ្យ​ធ្វើ​កូដកម្ម​បន្ត​ទៀត ខណៈ​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ជិត ១​ពាន់​នាក់ នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​តំណាង​សហជីព​របស់​ពួកគេ ៨​នាក់​ពី​ពន្ធនាគារ និង​ទាមទារ​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ១​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា ចំនួន ១៣៤​ស្ថាប័ន បាន​ធ្វើ​លិខិត​ចំហ​ដាក់​ទៅ​តំណាងរាស្ត្រ​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត។ លិខិត​ចំហ​ដាក់​ទៅ​ស្ថាប័ន​ធំៗ​ទាំងនោះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​នាក់ ដែល​តុលាការ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ខណៈ​កូដករ​កំពុង​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះលែង​តំណាង និង​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ។

កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ តំណាង​ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​បាន​ឆាប់ ដោយ​លោក​បញ្ជាក់​ថា ករណី​នេះ​ជា​រឿង​វិវាទ​ការងារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស