29.6 C
Phnom Penh

អាល្លឺម៉ង់​ប្រកាស​គាំទ្រ​លោក ស ខេង ដែល​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្រោយ​ពី​បាន​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World)។

មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច លោក ស ខេង បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​បាន​ឆាប់ ខណៈ​ជម្លោះ​នេះ​ឈាន​ដល់​ការ​ចាប់​ខ្លួន​តំណាង​សហជីព ៨​នាក់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ «ញុះញង់» ក្រោយ​ពួកគេ​តវ៉ា​អហិង្សា​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ។

លោក គ្រីសស្ទៀន ប៊េងហ្គឺ (Christian Berger) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា រូបលោក​កំពុង​តាមដាន​ជម្លោះ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ អស់​រយៈពេល​ជា​យូរ​ណាស់​មក​ហើយ។ លោក​បន្ត​ថា ជម្លោះ​ការងារ​នេះ​កំពុង​មាន​ការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​កាន់តែ​ខ្លាំង​ឡើង ពីព្រោះ​វា​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​លើកឡើង​របស់​អ្នកស្រី ភីត្រា ស៊ីគមឺនដ៍ (Petra Sigmund) អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី-ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការបរទេស​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​ពេល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ កន្លងមក​ថ្មីៗ​នេះ។

ក្រោយ​ពី​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ បុគ្គលិក​ណាហ្គា​វើលដ៍ បាន​សរសេរ​ញត្តិ​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​លោកសេរី កាលពី​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ​២០២២ ដែល​ក្នុង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ កាណាដា បារាំង អូស្ត្រាលី ចក្រភព​អង់គ្លេស និង​ជប៉ុន ជាដើម។

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក​ដល់​ថ្ងៃ​នេះ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ បាន​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ដើម្បី​ស្នើ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច និង​ទាមទារ​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ មុន​នឹង​មាន​កិច្ច​ចរចា​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស