32.5 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ពេល​លោក ហ៊ុន សែន ទៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន គាបសង្កត់​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ក្នុង​ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អាមេរិក នៅ​ពេល​ខាងមុខ​នេះ ប្រសិនបើ​កិច្ចប្រជុំ​នោះ​នឹង​កើតមាន​ឡើង។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នេះ​ថា នយោបាយ​អួត​ក្អេងក្អាង​របស់​លោក ហ៊ុន សែន កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​ដែល​នឹង​ត្រូវ​សម្ដែង​ភាព​ស្មោះត្រង់​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ខាងមុខ​នេះ ថា​តើ​កម្ពុជា​យល់ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ឬ​ក៏​បន្ត​ជាន់​ឈ្លី​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ​ទៀត។

លោក គឹម សុខ លើកឡើង​ថា បំណង​របស់​សហរដ្ឋ​អាមេរិក​មិនមែន​ទាមទារ​ឱ្យ​កម្ពុជា​លម្អៀង​ទៅ​រក​មហាអំណាច​ខាង​ណា​មួយ​នោះ​ទេ ត្បិត​អាមេរិក​សង្ឃឹម​ថា នៅ​ពេល​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ាន​កាន់តែ​រឹងមាំ ប្រទេស​ចិន មិន​អាច​យក​កម្ពុជា​ជា​ឈ្នាន់​ដើម្បី​អុកឡុក​អាស៊ាន​បាន​ដែរ ជាពិសេស​ក្រោយ​ពី​ព័ត៌មាន​បែក​ធ្លាយ​ថា កម្ពុជា​បាន​ផ្តល់​តំបន់​រាម​ឱ្យ​កងទ័ព​ជើងទឹក​ចិន​ឈរ​ជើង​ក្នុង​កិច្ចសន្យា​សម្ងាត់​រយៈពេល ៣០​ឆ្នាំ ជាដើម ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អាមេរិក​សព្វថ្ងៃ​នេះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ពេល​ខាងមុខ​នេះ លោក ហ៊ុន សែន នឹង​ត្រូវ​ប្ដេជ្ញា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដោយ​ចៀស​មិន​ផុត​នោះ​ទេ ថា​ខ្លួន​ត្រូវ​រក្សា​អព្យាក្រឹត​ក្នុង​ការ​គោរព​អធិបតេយ្យភាព​ជាតិ​ខ្លួនឯង និង​ត្រូវ​គោរព​លក្ខខណ្ឌ​របស់​អន្តរជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ឬ​ក៏​បន្ត​ផ្ញើ​វាសនា​កម្ពុជា​លើ​កុម្មុយនីស្ត​ចិន ដូច​ដែល​ខ្លួន​ធ្លាប់​អះអាង​កន្លងមក​បន្ត​ទៀត។

លោក គឹម សុខ បញ្ជាក់​ថា ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ដំណើរ​របស់​មេដឹកនាំ​របប​សឹក​ខុសច្បាប់​ភូមា លោក មីន អ៊ុងឡាំង ដែល​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​សមាគម​អាស៊ាន​ដែល​ជាប់​សន្យា​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដូច្នោះ​ដែរ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អញ្ជើញ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២ នេះ ឱ្យ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក ប៉ុន្តែ​លិខិត​នោះ​មិន​បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នោះ​ទេ។ ជាង​នេះ​ទៀត ក្នុង​លិខិត​ដដែល​នោះ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​សម្រេច​របស់​អាស៊ាន ហើយ​គាំទ្រ​ឥត​ងាករេ​អំពី​អាស៊ាន ជា​ស្នូល និង​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ដើម្បី​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​នាម​រដ្ឋាភិបាល​តំណាង​ប្រទេស​កម្ពុជា និង​ការ​ទទួល​ស្វាគមន៍​ពី​ប្រធានាធិបតី​អាមេរិក លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក​ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២២ នេះ​ថា សហរដ្ឋ​អាមេរិក​ធ្លាប់​មាន​គម្រោង​លុបចោល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​ផង​ដែរ ដោយសារតែ​សេតវិមាន​មិន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រោះ​ថា​លោក ហ៊ុន សែន តែង​វាយប្រហារ​សហរដ្ឋ​អាមេរិក​ផ្គាប់ផ្គុន​មិត្ត​ដែកថែប​ចិន​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស