ឆន្ទៈ និងអត្តចរិតរបស់មេដឹកនាំ គឺជាកត្តាសំខាន់ចំពោះជោគវាសនារបស់ពលរដ្ឋ និងសង្គម។ ការកាន់អំណាចដ៏យូរលង់របស់លោក ហ៊ុន សែន និងស្ថានភាពជាក់ស្តែងរបស់សង្គម និងជីវិតរបស់ពលរដ្ឋខ្មែរ អាចជាខ្នាតវាស់វែង ឬជាការវិភាគអំពីរបៀបគ្រប់គ្រងអំណាច និងចេតនារបស់គាត់។
បន្ទាប់ពីលោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៨៥ អំណាចរបស់លោក ហ៊ុន សែន បានកើនខ្លាំងឡើងៗជាបន្តបន្ទាប់។ អំណាចរបស់លោក ហ៊ុន សែន ដ៏ខ្លាំងក្លានេះ បានបំពានគេឯងតាមទំនើងចិត្ត ទាំងក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌបក្ស។ ក្នុងក្របខ័ណ្ឌជាតិ លោក ហ៊ុន សែន ប្រើអំណាចបំពានលើស្ថាប័នជាតិសំខាន់ៗ ដូចជារដ្ឋសភា តុលាការ និងស្ថាប័នព្រះបរមរាជវាំង ជាដើម។
ចំណែកនៅក្នុងក្របខ័ណ្ឌបក្សវិញ គេក៏សង្កេតឃើញលោក ហ៊ុន សែន ប្រើអំណាចបំពានដោយសេរី ព្រោះវាហាក់ដូចជាគ្មានឥស្សរជន ឬមន្ត្រីគណបក្សប្រជាជនកម្ពុជារូបណាហ៊ានជំទាស់នឹងអ្វីដែលលោក ហ៊ុន សែន ចង់បាននោះទេ បើទោះបីពួកគេមិនពេញចិត្តក៏ដោយ។ ជាក់ស្តែង នៅពេលដែលលោក ហ៊ុន សែន ចង់តែងតាំងកូនៗ ឬបក្សពួករបស់គាត់ឲ្យកាន់តួនាទីអ្វីមួយ អ្នកឯទៀតត្រូវតែប្រកាសគាំទ្រភ្លាមៗ។
នៅខណៈពេលដែលអំណាចលោក ហ៊ុន សែន កាន់តែខ្លាំងក្លាបែបនេះ គេសង្កេតឃើញពលរដ្ឋខ្មែរកាន់តែរងទុក្ខវេទនាទៅវិញ។
តើវាមានទំនាក់ទំនងយ៉ាងដូចម្តេចរវាងអំណាចរបស់លោក ហ៊ុន សែន និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ?
ដើម្បីឆ្លើយតបនឹងសំណួរខាងលើ គេត្រូវធ្វើការសិក្សាពិនិត្យមើលអំពីវិធីនៃការគ្រប់គ្រង និងពង្រឹងអំណាចរបស់លោក ហ៊ុន សែន។
កំណត់ត្រាជាច្រើនស្ដីពីនយោបាយខ្មែរក្រោយឆ្នាំ១៩៧៩ លោក ហ៊ុន សែន ត្រូវបានគេកត់ត្រាថា គាត់បានព្រមធ្វើអ្វីៗទាំងអស់តាមការចង់បានរបស់វៀតណាម ដើម្បីទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

មេរបស់គាត់ពេលនោះ គឺលោក ប៉ែន សុវណ្ណ ដែលជានាយករដ្ឋមន្ត្រីទី១ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ត្រូវបានលោក ហ៊ុន សែន អមដោយទាហានពិសេសវៀតណាមមួយក្រុមចូលចាប់ខ្លួនពីគេហដ្ឋានរបស់គាត់ និងបញ្ជូនទៅដាក់គុកងងឹតក្នុងទីក្រុងហាណូយ ប្រមាណ ១០ឆ្នាំ។
បើគេរំឭកអំពីការឡើងកាន់តំណែងរបស់លោក ហ៊ុន សែន ដូចអ្វីដែលលើកឡើងខាងលើនេះ គេអាចមានអំណះអំណាងខ្លះសម្រាប់ធ្វើការសន្និដ្ឋានថា ដើម្បីតួនាទី និងអំណាច លោក ហ៊ុន សែន អាចក្បត់មេរបស់ខ្លួន សហការី ឬសូម្បីតែជាតិខ្មែរទាំងមូលក៏គាត់ហ៊ានធ្វើដែរ។
ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥ អង្គការ Human Rights Watch បានសរសេរថា វៀតណាមបានលើកបន្តុបលោក ហ៊ុន សែន ដោយសារតែគាត់ជាមនុស្សឆ្លាត សកម្មការងារ មានមហិច្ឆតា និងឆន្ទៈមោះមុតក្នុងការអនុវត្តរាល់បទបញ្ជារបស់ទីក្រុងហាណូយ។

បើគេពិនិត្យមើលការអនុវត្តអំណាចជាក់ស្តែង លោក ហ៊ុន សែន មិនបានដឹកនាំប្រទេសតាមរយៈក្រសួង ឬស្ថាប័នរបស់រដ្ឋនោះទេ គឺតាមរយៈគ្នា ឬមនុស្សរបស់គាត់ទៅវិញ។ ពេលខ្លះ លោកប្រើប្រាស់អំណាចតាមរយៈស្ថាប័នរដ្ឋដែរ តែលុះត្រាតែអ្នកដឹកនាំស្ថាប័ននោះជាមនុស្សរបស់លោក ១០០% តែម្តង។ ជាក់ស្តែង លោក ហ៊ុន សែន រំលងអំណាចលោក ស ខេង ដោយធ្វើការផ្ទាល់ជាមួយចៅហ្វាយខេត្តខ្លះ ឬប្រើមនុស្សរបស់លោកឲ្យធ្វើការរឿងព្រៃឈើ ដោយរំលងអំណាចក្រសួងកសិកម្ម ឬប្រើកូនប្រសារបស់លោកឱ្យដោះស្រាយបញ្ហាទំនាស់ដីធ្លីដោយរំលងអំណាចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម។
ដូច្នេះ លោក ហ៊ុន សែន ត្រូវតែកាង ឬការពារមនុស្សរបស់លោកទាំងអស់នោះ បើទោះបីពួកគេធ្វើអ្វីខុសច្បាប់ ឬប៉ះពាល់ប្រជាពលរដ្ឋក៏ដោយ។
កាលពីខែធ្នូ ឆ្នាំ២០១៩ អង្គការ Global Witness បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា លោក ហ៊ុន សែន បានពង្រឹងអំណាចផ្ទាល់ខ្លួនតាមរយៈការកាងបក្សពួក និងសមាជិកគ្រួសាររបស់លោកដែលបានបំផ្លាញអត្ថប្រយោជន៍ជាតិ និងសេចក្តីសុខពលរដ្ឋសាមញ្ញ។
ចំណុចនេះ គឺជាបញ្ហាមួយដែលធ្វើឱ្យពលរដ្ឋខ្មែរក្រ និងរងទុក្ខវេទនា។ ជាក់ស្តែង សពរបស់យាយផាន ដែលធ្លាប់ជាកូនធម៌របស់សពឪពុកលោក ហ៊ុន សែន និងជាអ្នកស្និទ្ធស្នាលនឹងគ្រួសារត្រកូល ហ៊ុន ព្រមទាំងអ្នកដទៃទៀត ដូចជា យាយភូ និងលោក ទ្រី ភាព ជាដើម សុទ្ធតែបានដើរធ្វើបាបពលរដ្ឋខ្មែរ និងបំផ្លាញជាតិស្រេចតែនឹងទំនើងចិត្ត ដោយគ្មានស្ថាប័ន ឬមន្ត្រីណាហ៊ានប៉ះឡើយ។
យាយផាន និងយាយភូ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ បានរំលោភយកដីប្រជាពលរដ្ឋក្រីក្រស្ទើរគ្រប់ខេត្តក្រុង ដូចជាដីអ្នកភូមិឡពាង អ្នកភូមិបឹងកក់ អ្នកភូមិបុរីកីឡា និងធ្វើសកម្មភាពបំផ្លាញជាតិជាច្រើនទៀត ដូចជារកស៊ីកាប់ឈើ និងជីករ៉ែជាមួយក្រុមហ៊ុនបរទេស ជាដើម។

ចំណែកលោក ទ្រី ភាព បានបំផ្លាញជាតិដោយកាប់ព្រៃឈើ ជីករ៉ែ និងបង្កើតក្រុមហ៊ុនទុច្ចរិតដទៃទៀតរហូតប្រទេសអាមេរិកដាក់ឈ្មោះចូលក្នុងបញ្ជីហាមប្រាមមិនឱ្យចូលប្រទេសអាមេរិក កាលពីចុងឆ្នាំ២០១៩។
ថ្វីបើបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងអំពើទុច្ចរិតបំផ្លាញផលប្រយោជន៍ពលរដ្ឋ និងជាតិក្តី ក៏គ្មានស្ថាប័ន ឬមន្ត្រីសមត្ថកិច្ចណាហ៊ានប៉ះពួកគេឡើយ។ កាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អង្គការ Global Witness បានផ្សាយថា យាយភូ បានគំរាមដកតំណែងលោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយថាបើដកមិនបានទេ នោះ “ឈប់ហៅឈ្មោះគាត់ថា យាយភូ ទៀតទៅ”។
ដូច្នេះ ភស្តុតាងទាំងអស់នេះអាចបញ្ជាក់បានថា ពេលណាអំណាចលោក ហ៊ុន សែន កើនឡើងកាន់តែខ្លាំង មនុស្សទុច្ចរិតនៅជុំវិញលោកកាន់តែច្រើន និងកាន់តែសាហាវ។ ពេលនោះ សកម្មភាពរបស់ពួកគេកាន់តែប៉ះពាល់សង្គម និងពលរដ្ឋកាន់តែខ្លាំងឡើងៗ ដែលជាហេតុនាំឲ្យទុក្ខវេទនារបស់ប្រជាពលរដ្ឋកើនឡើង។
ក្រៅតែពីការកាងបុគ្គលទុច្ចរិតមួយចំនួនដើម្បីអំណាច លោក ហ៊ុន សែន ក៏ព្យាយាមពង្រឹងអំណាចតាមរយៈការផ្តល់តួនាទីដល់កូនៗ និងសមាជិកគ្រួសារត្រកូល ហ៊ុន សាច់ជិតឆ្ងាយទៀតផង។ ពួកគេទាំងនេះកាន់តែមានអំណាច ឥទ្ធិពល និងការទទួលបានការការពារពីលោក ហ៊ុន សែន ជាងអ្នកដទៃ ព្រោះពួកគេជាសាច់សាលោហិតនឹងគ្នា។ ដូច្នេះ អំពើរបស់សមាជិកគ្រួសារត្រកូល ហ៊ុន នេះកាន់តែលែងមាននរណាហ៊ានប៉ះពាល់ បើទោះបីទង្វើរបស់ពួកគេប៉ះពាល់ការបំផ្លាញជាតិដែលនាំមកនូវទុក្ខវេទនាដល់ពលរដ្ឋខ្មែរយ៉ាងណាក៏ដោយ។

ជាទូទៅ សមាជិកត្រកូល ហ៊ុន ផ្ទាល់តែងតែប្រើអ្នកដទៃដែលជាដៃជើង ឲ្យប្រព្រឹត្តអំពើទុច្ចរិតជំនួសខ្លួន ដូចជាការកាប់បំផ្លាញព្រៃឈើ និងការរំលោភយកដីរបស់ពលរដ្ឋជាដើម។ ដូច្នេះ នៅពេលណាសមាជិកត្រកូល ហ៊ុន កាន់តែរីកសាយបែកគុម្ព អំណាចលោក ហ៊ុន សែន កាន់តែខ្លាំង ហើយទង្វើរបស់ពួកគេដែលបំផ្លាញសង្គមជាតិ និងបង្កនូវទុក្ខវេទនាដល់ពលរដ្ឋក៏កាន់តែកើន។
កាលពីពាក់កណ្តាលឆ្នាំ២០០៨ អង្គការ Global Witness បានផ្សាយនូវរបាយការណ៍ស៊ើបអង្កេតមួយដែលមានចំណងជើងថា “ចោរលួចជាតិ”។ របាយការណ៍នោះបានបង្ហាញនូវភស្តុតាងជាច្រើនដែលលោក ហ៊ុន សែន សមាជិកគ្រួសាររបស់គាត់ និងបក្សពួកបានលក់ដី និងកោះនានាដែលជាទ្រព្យសម្បត្តិរបស់ជាតិ។
កត្តាសំខាន់មួយទៀតសម្រាប់ការពង្រឹងអំណាចរបស់លោក ហ៊ុន សែន គឺការពឹងពាក់បរទេស។ ដើម្បីទទួលបានការធានាពីប្រទេសដែលគាត់ពឹងផ្អែកនោះ លោក ហ៊ុន សែន តែងតែដាក់ខ្លួនលោក និងជាតិទាំងមូលជាអាយ៉ង ឬជាអ្នកបម្រើដាច់មុខរបស់ប្រទេសនោះតែម្តង ហើយគាត់មិនខ្វល់ទេ បើទោះបីប្រទេសទាំងនោះបង្កហានិភ័យ ឬទុក្ខវេទនាអ្វីដល់ជាតិ និងពលរដ្ឋខ្មែរ។
ក្នុងអំឡុងពេលកាន់អំណាចជិតបួនទសវត្សរ៍កន្លងមកនេះ លោក ហ៊ុន សែន បានផ្ដេកផ្ដួលលើប្រទេសវៀតណាមទាំងស្រុងក្នុងដំណាក់កាលទីមួយ និងបានដាក់ខ្លួនជារបស់ប្រទេសចិនវិញក្នុងដំណាក់កាលទី២ រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងដំណាក់កាលទី១ លោក ហ៊ុន សែន បានធ្វើអ្វីៗទាំងអស់តាមការចង់បានរបស់ប្រទេសវៀតណាម ដោយរួមទាំងការទទួលការហូរចូលនៃជនជាតិវៀតណាមក្នុងប្រទេសកម្ពុជាដោយសេរី ការទទួលយកកិច្ចព្រមព្រៀងព្រំដែនតាមចិត្តរបស់វៀតណាម និងការការពារផលប្រយោជន៍ជនជាតិ និងក្រុមហ៊ុនវៀតណាមក្នុងប្រទេសកម្ពុជា។ ដូចគ្នានេះដែរ ក្នុងដំណាក់កាលទី២ លោក ហ៊ុន សែន ធ្វើអ្វីៗតាមការចង់បានរបស់ចិនទាំងអស់ បើទោះបីបាត់បង់ផ្នែកខ្លះនៃ EBA និងទីផ្សារក្នុងសហរដ្ឋអាមេរិកក្តី ដែលបណ្តាលឲ្យជាតិបាត់លុយចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការរៀបចំមូលដ្ឋានទ័ពជាមួយចិនក្នុងប្រទេសកម្ពុជាដោយលោក ហ៊ុន សែន ក៏ជាហានិភ័យខ្ពស់សម្រាប់ជាតិខ្មែរទាំងមូលក្នុងពេលអនាគត។
តែអ្វីដែលគួរកត់សម្គាល់នោះ គឺទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ។ ក្នុងពេលឱបវៀតណាម លោក ហ៊ុន សែន ការពារក្រុមហ៊ុនវៀតណាម ដែលយកដីពលរដ្ឋខ្មែរ កាប់បំផ្លាញព្រៃឈើ និងជីករ៉ែរបស់ខ្មែរ។ ដល់ពេលគាត់ឱបចិនមួយទៀត ក្រុមហ៊ុនចិនបានធ្វើសកម្មភាពរំលោភ និងបំផ្លាញផលប្រយោជន៍ខ្មែរបន្ថែមលើអ្វីដែលក្រុមហ៊ុនវៀតណាម បាន និងកំពុងធ្វើ។ ដូច្នេះទុក្ខវេទនារបស់ខ្មែរកាន់តែកើនឡើង នៅពេលដែលលោក ហ៊ុន សែន កាន់តែពង្រឹងអំណាចតាមរយៈការពឹងផ្អែកលើប្រទេសវៀតណាម និងចិន។ សរុបមក អំណាចរបស់លោក ហ៊ុន សែន គឺមានទំនាក់ទំនងដោយផ្ទាល់នឹងសេចក្តីសុខ ឬទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ។

មជ្ឈដ្ឋានខ្លះនិយាយថា ពេលណាអំណាចរបស់លោក ហ៊ុន សែន កើនឡើង នោះទុក្ខវេទនារបស់ពលរដ្ឋខ្មែរក៏កើនឡើងដែរ។ ផ្ទុយទៅវិញ ពេលណាអំណាចរបស់លោក ហ៊ុន សែន ចុះខ្សោយ នោះទុក្ខវេទនារបស់ពលរដ្ឋខ្មែរក៏ចុះថយដូច្នោះដែរ។ ជាក់ស្តែង ពេលលោក ហ៊ុន សែន បាត់បង់សន្លឹកឆ្នោតដ៏សន្ធឹកសន្ធាប់ដោយសារគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៣ លោក ហ៊ុន សែន ខំធ្វើល្អជាមួយពលរដ្ឋ ដូចជាចុះចែកអំណោយ និងឱបថើបកម្មករកម្មការិនីតាមរោងចក្រជាញឹកញាប់ ជាដើម។
ពេលដែលលោក ហ៊ុន សែន បានសន្លឹកឆ្នោត និងអំណាចណែនពេញដៃហើយ លោក ហ៊ុន សែន បែរជាបង្កើនការចាប់ខ្លួនកម្មករ ឬកូដករដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទបង្កភាពវឹកធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឬការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដូចជាករណីក្រុមកូដកររបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ជាដើម៕