30.4 C
Phnom Penh

អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ ភាគរយ​ពី​កម្ពុជា​ជា​ផ្លូវការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​អឺរ៉ុប បានសម្រេច​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ ឬហៅ​ថា EBA ២០ភាគរយ​ពី​កម្ពុជា​នៅ​ថ្ងៃពុធ​នេះ។ក្នុង​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី១២ខែសីហា ស្តី​ពី​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បាន​ចូលជាធរមាន​ហើយ នៅ​ថ្ងៃនេះ​ក្រោយពី​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បរាជ័យ​ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​នៅតែ​បន្ត​រំលោភសិទ្ធិ​មនុស្ស ពិសេស​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឥតស្រាក​ស្រាន្ត។

ទោះបីជា​យ៉ាងនេះ​ក្តី ថ្លែង​ក្នុង​សន្តិ​សី​ទកា​សែត​នៅ​ព្រឹក​ថ្ងៃពុធ​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន អះអាង​ថា​រដ្ឋាភិបាល មិន​អាច​លុត​ជង្គត់ ដើម្បី​សុំទាន​គេ​ជា​ថ្នូរ​នឹង​ការ​បង្គាប់បញ្ជា​ឱ្យ​កម្ពុជា បោះបង់ចោល​នូវ​អធិបតេយ្យ​ភាព​និង​ឯករាជ្យ​ភាព​នោះ​ឡើយ។ លោក​បញ្ជាក់​ថា អធិបតេយ្យ​ភាព​និង​និង​រាជ្យ​ភាព កម្ពុជា​ខំប្រឹង​យូរណាស់​មក​ហើយ ព្រមទាំង​ចំណាយ​ជីវិត​មនុស្ស​ច្រើនណាស់​ដើម្បី​ទទួល​បាន​វា ដូច្នេះ​ជំ​ហក​ម្ពុ​ជា​រឿង​ប្រព័ន្ធEBA ២០ភាគរយ គឺ​គ្មានអ្វី​ប្រែប្រួល​ឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ​ក្នុង​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប លោក Phil Hogan ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប បាន​លើកឡើង​ថា​អឺរ៉ុប បាន​ផ្តល់​ឱកាស​ពាណិជ្ជកម្ម​ដល់​កម្ពុជា​យ៉ាងច្រើន ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ឧស្សាហកម្ម​ដោយ​ផ្តោត​លើ​ការនាំចេញ និង​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់។ យ៉ាងនេះ​ក្តី​លោក​ថា ក្នុង​ការសម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​វិបត្តិ​កូ​វីដ១៩ ប៉ុន្តែ​អឺរ៉ុប​នៅតែ​ទាមទារ​ឲ្យ​កម្ពុជា​វិល​មក​គន្លង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ជាដើម។

អឺរ៉ុប ក៏បាន​លើកឡើង​ថា ទៅមុខ​ទៀត កម្ពុជា អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញលេញ​នៅ​ទី​ផ្សា​របស់​ខ្លួន ប្រសិនបើ​អឺរ៉ុប មើលឃើញ​ពី​ការ​រីកចម្រើន​លើ​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​នោះ។ ការសម្រេច​អនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​នេះ ធ្វើឡើង​ក្រោយពេល​គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ប្រកាស​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កាលពី​ថ្ងៃទី១២ ខែកុម្ភៈ។ ក្នុង​សេចក្តី​ប្រកាស​របស់​អឺរ៉ុប​កាលពី ខែកុម្ភៈ​នោះ បញ្ជាក់​ថា​វិធានការ​ដក២០​%នេះ ជា​វិធា​ការ ដំបូង​ប៉ុណ្ណោះ ហើយ​ថា​នឹង​មានទណ្ឌ​កម្ម​ផ្សេងទៀត បើ​កម្ពុជា​នៅតែ​ដើរ​ប្រាសចាក​ពី​គន្លង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​បន្ត​ទៀត។

ការសម្រេច​នេះ កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ៤០ប្រភេទ ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១ពាន់​លាន​ដុល្លារ ហើយ​ប្រាក់​ត្រូវ​បង់ពន្ធ​មាន​ចំនួន​ប្រហែល១រយ​លាន​ដុល្លារ។ ក្នុងចំណោម​មុខទំនិញ​ប្រមាណ៤០ប្រភេទ ក៏​មានមុខ​ទំនិញ​ខាង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ផង​ដែរ។សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC កាលពី​ខែមិថុនា និង​ខែកក្កដា បាន​ចេញ​លិខិត​ចំនួន៣លើក​រួចមក​ហើយ ដោយ​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ឱ្យ​ពន្យារពេល​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​នេះ ព្រោះថា ការសម្រេច​អនុវត្ត​នីតិវិធី​នេះ នឹង​ធ្វើ​ឱ្យ​សមិទ្ធផល​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ដែល​ខំ​កសាង​ជាង២០ឆ្នាំ​មកនេះ​នឹង​ត្រូវ​រលាយ។

លើស​ពីនេះ​ទៀត បញ្ហា​កូ​វីដ១៩ កំពុង​ធ្វើ​ឱ្យ​កម្មករ​ជាច្រើន​អត់​ការងារ​ធ្វើ ក្រោយពេល​រោងចក្រ​ពួក​គេ​ប្រកាស​បិទ​ទ្វា​ជាបន្តបន្ទាប់។ GMAC និយាយ​ក្នុង​លិខិត​អំពាវនាវ​នោះ​ថា ការសម្រេច​អនុវត្តន៍​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​ជា​ផ្លូវការ​របស់​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បញ្ជាទិញ​នឹង​ងាក​ចេញពី​កម្ពុជា ហើយ​វិល​ទៅ​រក​ប្រទេស​ដែល​មាន​ភាព​អនុគ្រោះ​ពន្ធ​ប្រសើរ​វិញ។ GMAC ថា ពេលនោះ​ផល​ប៉ះពាល់​លើ​កម្មករ​និយោជិត និង​គ្រួសារ​របស់​ពួក​គាត់​រាប់​លាន​នាក់​នឹង​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស