28.4 C
Phnom Penh

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់ ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19 និង​បន្ត​ការពារ​អនុក្រឹត្យ​នោះ​ថា ការ​បង្កើត​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ និង​ការ​ប្រមូល​ពន្ធ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​នៃ​ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» គឺ​ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19។

លោក មាស ប៉ូ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​នេះ​បណ្ដាល​មកពី​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។ តាម​គម្រោង អនុក្រឹត្យ​ស្ដីពី​ច្រក​ទ្វារ​អ៉ីនធឺណិត នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ។

ចំណែក​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ការពិត​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ​នេះ គឺ​ក្នុង​គោលបំណង​សម្រួល និង​គ្រប់គ្រង​ការ​តភ្ជាប់​អ៉ីនធឺណិត ពង្រឹង​សន្តិសុខ​ជាតិ និង​ការ​ប្រមូល​ពន្ធ ក៏ដូចជា​ការ​ថែរក្សា​សណ្ដាប់ធ្នាប់​សង្គម និង​ការពារ​វប្បធម៌​ជាតិ​ផង​ដែរ។

លោក​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទាក់ទង​ទៅ​នឹង​ករណី​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ​នៅ​ឆ្នាំ​២០១៩ ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ ដោយ​មាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​ស្ថាប័ន​ជំនាញ​ជា​អ្នក​ប្រតិបត្តិការ រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សិក្សា និង​រិះរក​វិធីសាស្ត្រ​នានា​សម្រាប់​ការ​បង្កើត​យន្តការ​ដ៏​ចាំបាច់​មួយ​នេះ។

គណៈកម្មាធិការ​អន្តរ​ក្រសួង​បាន​រក​ឃើញ​ថា ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ​នេះ គឺជា​គំរូ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​មាន​ច្រក​ទ្វារ​អ៉ីនធឺណិត និង​បទប្បញ្ញត្តិ​ដោយឡែក​ពី​គ្នា។ ជាង​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិ​ឯកជនភាព សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​បុគ្គល និង​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ទាំងអស់​នេះ​មាន​ចែង​ក្នុង​ច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ផ្តល់​សច្ចាប័ន​រួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍។

លោក​បាន​បន្ត​ទៀត​ថា ច្រក​ទ្វារ​នេះ​គឺ​ដើរតួ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការ​ប្រមូល​ចំណូល​ជាតិ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព សមភាព និង​ស្មោះត្រង់​រវាង​រដ្ឋ និង​ប្រតិបត្តិករ​ទូរគមនាគមន៍។ លើស​ពី​នេះ វា​រួមចំណែក​ដល់​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​តាម​អ៉ីនធឺណិត ដូចជា​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​ការ​តភ្ជាប់​បណ្ដាញ​ឆ្លងដែន ការ​លេង​ល្បែង​អនឡាញ​ខុសច្បាប់ ការ​បោកប្រាស់​តាម​អ៉ីនធឺណិត និង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៉ីនធឺណិត​ផ្សេងៗ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សាទរ​ចំពោះ​រដ្ឋាភិបាល​ដែល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» នេះ ប៉ុន្តែ​អ្នកស្រី​ជំរុញ​ទៅ​រដ្ឋាភិបាល​គួរតែ​លុបចោល​នូវ​អនុក្រឹត្យ​នេះ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​អនឡាញ​នេះ។

អ្នកស្រី​បន្ត​ថា ការ​ពន្យារពេល​នេះ​វា​អាច​ជួយ​បាន​មួយ​ផ្នែក​ក្នុង​ការ​ធានា​ថា លំហ​សេរីភាព​របស់​ពលរដ្ឋ​នៅតែ​បន្ត ដែល​មាន​លក្ខណៈ​សេរី ប៉ុន្តែ​ការ​សម្រេច​នេះ​គ្រាន់តែ​ជា​ការ​បណ្ដោះអាសន្ន មិន​ធានា​ថា​ដំណើរការ​នេះ​ត្រូវ​បាន​ផ្អាក​រហូត​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្អាក​ផែនការ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត» ដោយ​អះអាង​ថា អនុក្រឹត្យ​នេះ​មាន​ការ​រឹតត្បិត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន និង​សេរីភាព​បែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា អនុក្រឹត្យ​នេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ប្រព័ន្ធ​អ៉ីនធឺណិត អ្នក​ការពារ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឱ្យ​លំហ​ស៊ីវិល​ដែល​មាន​លក្ខណៈ​រឹតត្បិត​រួច​ទៅ​ហើយ​នោះ កាន់តែ​រួម​តូច​ទៅៗ។ ម្យ៉ាង​វិញ​ទៀត អនុក្រឹត្យ​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អាច​តាមដាន​សកម្មភាព​លើ​ប្រព័ន្ធ​អ៉ីនធឺណិត ស្កាត់​ចាប់​យក និង​ត្រួតពិនិត្យ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំង​ប្រមូល រក្សាទុក និង​ចែករំលែក​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើប្រាស់​នីមួយៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស