31 C
Phnom Penh

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​សម្រេច​ដាក់​ពិន័យ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​ដោយ​ការ​លុប​ឈ្មោះ​និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​យក​ទៅ​ពិនិត្យ និង​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ ជាពិសេស​ច្បាប់​នេះ​បាន​ចែង​អំពី​ទោស​ទណ្ឌ​លើ​អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៥​ឆ្នាំ​ថែម​ទៀត។

រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ដោយ​កែប្រែ​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រង់​មាត្រា​២៣ មាត្រា​១៤២ និង​មាត្រា​១៤៣ ចំណែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​កែប្រែ​ត្រង់​មាត្រា​៣៥ មាត្រា​១៧១ និង​មាត្រា​១៧២ ដោយឡែក​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវ​កែប្រែ​ត្រង់​មាត្រា​១៣ ខណៈ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​កែប្រែ​ត្រង់​មាត្រា​១៥។

ច្បាប់​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ បាន​កំណត់​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ ត្រូវ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា ២៣​ថ្មី ក្នុង​ចំណុច​ទី​៤ ដែល​តម្រូវ​ឲ្យ​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុងក្រោយ​ជាប់​គ្នា​ជាដាច់ខាត តែ​បើ​អាក់ខាន​ត្រូវតែ​មាន​មូលហេតុ​សមស្រប។

ចំណែក​មាត្រា​៣៥​ថ្មី​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក៏​បាន​ចែង​ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​ទៅ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រង់​មាត្រា​២៣​ថ្មី ខាងលើ​នោះ​ដែរ។

រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចែង​អំពី​ទោស​ទណ្ឌ​ត្រង់​មាត្រា​១៤២​ថ្មី​ថា ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​មិនទាន់​គិត​ពី​ទោស​ផ្សេង​ទៀត​ដល់​ជន​ដែល​បាន​ប្រើ​មធ្យោបាយ​នានា​នោះ​ឡើយ ដូចជា​ការ​ញុះញង់​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត អុកឡុក​ការ​បោះឆ្នោត និង​បំផ្លាញ​សន្លឹកឆ្នោត ជាដើម គឺ​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត និង​ដក​សិទ្ធិ​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាងតិច ៥​ឆ្នាំ​ផង​ដែរ។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ធ្វើឡើង​ដោយ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ក្រោម​ហេតុផល​ថា ច្បាប់​នេះ​គឺ​មាន​បំណង​គាបសង្កត់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ប្រយោជន៍​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ បាន​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ដោយ​តម្រូវ​អ្នក​ឈរឈ្មោះ​បោះឆ្នោត​ត្រូវ​ទៅ​បោះឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុងក្រោយ​ជាប់​គ្នា លើកលែង​ករណី​មាន​មូលហេតុ​សមស្រប។

អ្នកស្រី​លើក​ជា​សំណួរ​ថា តើ​មូលហេតុ​សមស្រប នឹង​ត្រូវ​បាន​វាយតម្លៃ​បែប​ណា? តើ​ការ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ តួយ៉ាង​ដូចជា​បក្ស​ភ្លើង​ទៀន ឬ​អ្នក​នយោបាយ​ដែល​ត្រូវ​រង​ការ​ចោទប្រកាន់ ត្រូវ​បាន​ដក​ហូត​សិទ្ធិ​នយោបាយ ជាដើម ឬ​ភៀសខ្លួន​ដោយសារ​ហេតុផល​នយោបាយ នឹង​ត្រូវ​ថ្លឹងថ្លែង​ដោយ​របៀប​ណា​ដែរ?

មន្ត្រី​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ជា​រួម ប្រសិនបើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ​ក្នុង​គោលដៅ​លើកស្ទួយ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មែន​នោះ គួរ​ចាប់ផ្តើម​ពិនិត្យ​ពី​លក្ខខណ្ឌ​ស្មុគស្មាញ ដែល​បណ្តាល​ឱ្យ​គណបក្ស​មួយ​ចំនួន​ត្រូវ​បាត់បង់​សិទ្ធិ​ចូលរួម​បោះឆ្នោត និង​កែ​សម្រួល​លក្ខខណ្ឌ​នានា​ដែល​អាច​ឲ្យ​អ្នក​នយោបាយ​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​បាន។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើសុំ​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ច្បាប់​បោះឆ្នោត ដោយ​ចាត់ទុក​ជា​ការ​ប្រញាប់ ដើម្បី​លើកស្ទួយ​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដើម្បី​លើកកម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​នយោបាយ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ អះអាង​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ម្តង​នេះ គឺ​មាន​គោលដៅ​ទុច្ចរិត ក្នុង​ចេតនា​សងសឹក គំនុំ​នយោបាយ និង​បំបែកបំបាក់​បំផ្លាញ​ជាតិ​ខ្មែរ ដើម្បី​តែ​អំណាច​របស់​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ ព្រោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​បាន​បង្កប់​ចេតនា​ទុច្ចរិត​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​ការ​បោស​សម្អាត​អ្នក​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ​ពី​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​អស់​ទៅ​ថ្ងៃ​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស