35 C
Phnom Penh

សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ងារ «សម្ដេច» តាម​បក្ខពួក​ថា​គ្មាន​តម្លៃ​និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ទទួល​បាន​ងារ​ជា «សម្ដេច» តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក ទាំង​ពួកគេ​មិន​ទាន់​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ ថា​គ្មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

ការ​លើកឡើង​នេះ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការ​លើក​បន្តុប​របស់​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «សម្តេច​មហា​បវរ​ធិបតី» នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ ក្រៅពី​លោក ហ៊ុន ម៉ាណែត ហើយ ក៏​មាន​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​រដ្ឋសភា​ដែល​ទើប​ឡើង​ថ្មីៗ​ផង​ដែរ។

អតីត​នាយក​វីអូឌី (VOD) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា ការ​ផ្ដល់​គោរមងារ​នេះ​វា​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ផ្ដល់​តម្លៃ​ដល់​តួនាទី ដោយ​មិន​បាន​ផ្ដល់​តម្លៃ​លើ​ស្នាដៃ និង​សមិទ្ធផល​ដើម្បី​ប្រទេស​ជាតិ​ឡើយ។ ជាក់ស្ដែង​រដ្ឋាភិបាល​ថ្មី និង​មន្ត្រី​មួយ​ចំនួន​ជាដើម ពួកគេ​មិន​មាន​ស្នាដៃ​អ្វី​សោះ។

លោក​បន្ត​ថា ចំពោះ​ការ​ឲ្យ​តម្លៃ ឬ​ការ​សង្វាត​ទៅ​លើ​គោរមងារ និង​តំណែង​នេះ គឺ​មាន​តែ​ប្រទេស​កាន់​របប​ផ្ដាច់ការ​ដូចជា​កូរ៉េខាងជើង​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ប្រទេស​លោក​សេរី​វិញ ពួកគេ​មិន​ខ្វល់​នោះ​ទេ។

លោក ប៉ា ងួនទៀង បន្ត​ថា ការ​ផ្ដល់​គោរមងារ និង​តំណែង​គួរ​ត្រូវ​ធ្វើ​ចំពោះ​អ្នក​មាន​ស្នាដៃ​កសាង និង​ជួយ​ជាតិ ដោយ​លះបង់​អាយុ​ជីវិត ដូចជា​លោក​អាចារ្យ ហែម ចៀវ ឧកញ៉ា សឺន កុយ និង​បណ្ឌិត កែម ឡី ជាដើម ដើម្បី​លើក​ទឹកចិត្ត​ដល់​មនុស្ស​គំរូ ហើយ​ក៏​ជា​ការ​ផ្ដល់​តម្លៃ​ទៅ​លើ​ការ​តស៊ូ និង​លះបង់ ព្រមទាំង​ស្នាដៃ​របស់​ពួកគាត់​ថែម​ទៀត។

ប៉ុន្តែ​ការ​ផ្ដល់​គោរមងារ​ដល់​អ្នក​មិន​មាន​ស្នាដៃ និង​សមិទ្ធផល​នា​ពេល​បច្ចុប្បន្ន​នេះ វា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខាតបង់ និង​ជា​គំរូ​អាក្រក់ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​សង្គម​មិន​សូវ​ខំ​ប្រឹងប្រែង ដោយសារ​ពួកគេ​អាង​អំណាច និង​បក្ខពួក។

ជាក់ស្ដែង លោក ប៉ា ងួនទៀង អះអាង​ថា មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនទាន់​មាន​ស្នាដៃ និង​សមិទ្ធផល​អ្វី​ទាល់តែសោះ សូម្បីតែ​កន្លែង​ធ្វើការ និង​ការងារ​របស់​ខ្លួន​មិនទាន់​ស្គាល់​ច្បាស់​ផង ប៉ុន្តែ​បែរ​ជា​ទទួល​បាន​គោរមងារ​ទៅ​ហើយ។ លោក​ចាត់ទុក​ការ​ផ្ដល់​គោរមងារ​ដោយ​មិនទាន់​មាន​ស្នាដៃ​កសាង​ជាតិ​នេះ មិន​មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ។

ចំណែក​អ្នក​ឃ្លាំមើល​ក្នុង​ស្រុក​ដូចជា លោក វ៉ន ចាន់ឡូត ជាដើម​នោះ ក៏​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក រិះគន់​ទៅ​លើ​ការ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​គោរមងារ​នេះ ហើយ​ដែល​លោក​ចាត់ទុក​ថា​មាន​ភាព​មិន​ប្រក្រតី។ លោក​បន្ត​ថា ភាព​មិន​ប្រក្រតី​នោះ គឺ​អ្នក​តាក់តែង​លិខិត​សម្រាប់​ព្រះមហាក្សត្រ​ខ្ជីខ្ជា​មិន​ពិនិត្យ​ទៅ​លើ​អក្ខរាវិរុទ្ធ​ឱ្យ​បាន​ត្រឹមត្រូវ។

លោក វ៉ន ចាន់ឡូត អះអាង​ថា ព្រះមហាក្សត្រ​កំពុង​គង់​នៅ​ប៉េកាំង ប្រទេស​ចិន ដូច្នេះ​តាម​ច្បាប់ គឺ​ត្រូវ​មាន​ប្រមុខ​រដ្ឋ​ស្ដីទី​ជំនួស ប៉ុន្តែ​សម្រាប់​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ដល់​លោក ហ៊ុន ម៉ាណែត វិញ គឺ​មិន​មាន​ឡើយ។

ចំណែក​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រជរបខ) របស់​លោកតា សឺន សាន គឺ​លោក ជុំ ឈាង បង្ហាញ​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើសរើស និង​ផ្តល់​គោរមងារ​ពីរ​ដង​ភ្លាមៗ​បែប​នេះ។

លោក​ជំរុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត បញ្ចេញ​ថ្វីដៃ​លើ​ការងារ​ដែល​ជា​ការ​រំពឹង​របស់​ពលរដ្ឋ ឬ​មហាជន​ឲ្យ​បាន​ល្អ​សិន ព្រោះ​វា​សំខាន់​ជាង​សម្រាប់​តំណែង និង​គោរមងារ​ដែល​ធ្វើ​ពេល​ណា​ក៏​បាន​ដែរ​នោះ ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ក៏​ជា​បញ្ញវ័ន្ត​ជាន់ខ្ពស់​ដែល​មាន​ពហុ​ជំនាញ (polytechnic) ប៉ុន្តែ​បែរ​ជា​បើក​ឆាក​នៃ​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ដូច្នេះ​ទៅវិញ។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​៣ កញ្ញា ថា កាលពី​ជំនាន់​មុន ងារ​មន្ត្រី​សំខាន់ៗ​ត្រូវ​បាន​តែងតាំង ឬ​ផ្តល់​គោរមងារ​តាមរយៈ​ការ​បញ្ចេញ​ស្នាដៃ​ការងារ​របស់​មន្ត្រី ប៉ុន្តែ​សម័យ​នេះ អ្នក​ណា​ក៏​អាច​ទទួល​បាន​នូវ​គោរមងារ​នេះ​ដែរ។

ចំពោះ​ការ​ផ្ដល់​គោរមងារ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ ព្រះរាជក្រឹត្យ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​អ្នក​ដឹកនាំ​ដ៏​ឆ្នើម​ជា​ទី​គោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា បាន​កសាង​នូវ​សន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ បាន​រក្សា​នូវ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី មាន​ស្វាមីភក្ដិ​ចំពោះ​រាជបល្ល័ង្ក ការពារ និង​គោរព​ព្រះពុទ្ធសាសនា ព្រមទាំង​ការពារ​យុត្តិធម៌​សង្គម ដើម្បី​និរន្តរភាព​រាជា​និយម ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស