30.4 C
Phnom Penh

កូនប្រុស​លោក ហ៊ុន សែន បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ បាន​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អនុប្រធាន​តុលាការ​កំពូល និង​ប្រព័ន្ធ​តុលាការ​កម្ពុជា។

ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​សម្រេច​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

បើ​តាម​សេចក្ដី​សម្រេច​ដដែល ថា​ការ​សម្រេច​នេះ​ធ្វើឡើង​យោង​តាម​សំណូមពរ​ចាំបាច់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ចប់​តួនាទី​ឡើយ។

ការ​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ដែល​ជា​កូនប្រុស​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប នា​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ឌួង ឆាយ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​អត្ថាធិប្បាយ​អំពី​រឿងរ៉ាវ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ពាក់ព័ន្ធ​អនុប្រធាន​តុលាការ​កំពូល លោក យូ ប៊ុនឡេង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ក្រោយ​ពី​មាន​ការ​បញ្ចប់​តួនាទី​កូនប្រុស​លោក ឌួង ងៀប គឺ​លោក ឌួង ឆាយ បាន​សរសេរ​លិខិត​សុំទោស​អនុប្រធាន​តុលាការ​កំពូល លោក យូ ប៊ុនឡេង។ ក្នុង​លិខិត​សុំទោស​ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ឌួង ឆាយ បាន​លើកឡើង​ថា កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ ខ្លួន​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​ឡាយ​ជា​វីដេអូ​បកស្រាយ​អំពី​រឿងរ៉ាវ​មិន​ល្អ​មួយ​ចំនួន ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្លួន​កន្លងមក។

លោក ឌួង ឆាយ និយាយ​ថា ការ​បកស្រាយ​របស់​ខ្លួន​កាលពី​យប់​មិញ​នេះ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ចង់​ឱ្យ​មហាជន ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​បាន​ដឹង​អំពី​អ្វី​ដែល​ជា​ដើមចម​នាំ​ឱ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ការ​បកស្រាយ​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស​អនុប្រធាន​តុលាការ​កំពូល លោក យូ ប៊ុនឡេង ដែល​បុគ្គល​ម្នាក់​មាន​ចេតនា​ល្អ ខំ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ធ្លាប់​បាន​ប្រៀនប្រដៅ ណែនាំ ជួយ​សម្របសម្រួល ផ្សះផ្សា​ក្នុង​វិវាទ​គ្រួសារ។

លោក​បន្ត​ថា កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ខ្លួន​យល់​ច្រឡំ ភាន់ភាំង ក្តាប់​សាច់រឿង​មិន​បាន​ច្បាស់លាស់​ចំពោះ​ចំណុច​នេះ ដែល​ធ្វើ​ឱ្យ​ខ្លួន​និយាយ​ខុស មិន​បាន​ពិចារណា ដោយសារតែ​អារម្មណ៍​ស្មុគស្មាញ​មាន​រឿងរ៉ាវ​ជាច្រើន ទាំង​រឿង​ខ្លួនឯង​ផ្ទាល់ រឿង​គ្រួសារ​ទាំងមូល រឿង​ការ​រកស៊ី។ល។ លិខិត​ដដែល​ថា ការ​ទទួល​បន្ទុក​គ្រួសារ​ច្រើន បាន​ធ្វើ​ឱ្យ​ខ្លួន​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​លោក យូ ប៊ុនឡេង ដែល​ជា​អនុប្រធាន​តុលាការ​កំពូល និង​ជា​អតីត​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​អនុញ្ញាត​ឱ្យ​លោក យូ ប៊ុនឡេង ប្រធាន​សាលា​ឧទ្ធរណ៍​ដែល​ដល់​អាយុ​ចូល​និវត្តន៍ បន្ត​ការងារ​រយៈពេល ១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១។

លោក យូ ប៊ុនឡេង មិនមែន​មាន​តួនាទី​តែ​ជា​អនុប្រធាន​តុលាការ​កំពូល​នោះ​ទេ លោក​ក៏​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឌួង ឆាយ គឺជា​កូនប្រុស​របស់​ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប។ ឧកញ៉ា ឌួង ងៀប ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បន្ទាប់​លោក​បាន​លាតត្រដាង​ពី​អំពើពុករលួយ​របស់​ចៅក្រម​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស