30 C
Phnom Penh

គ្រួសារ​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំៗ​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម ដោយ​គ្មាន​សមត្ថកិច្ច​ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀន​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារតែ​ពួកគេ​ខ្លាច​អំណាច​របស់​លោក ហ៊ុន សែន។

បើ​ត្រឹមតែ​ស្តាប់​អំពី​ការ​អះអាង​របស់​លោក ហ៊ុន សែន អំពី​ការ​ប្រកាស​ការពារ​សន្តិភាព និង​ការ​អួតអាង​អំពី​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​លោក​នោះ ប្រាកដ​ជា​ធ្វើ​ឱ្យ​គេ​មាន​ការ​ភាន់ច្រឡំ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សន្តិភាព សុភមង្គល ភាព​សុខដុមរមនា និង​ភាព​សម្បូរ​សប្បាយ​សឹង​គ្រប់​ទីកន្លែង​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ​ជាមិនខាន។

ប៉ុន្តែ​បើ​គេ​ធ្វើការ​ពិនិត្យ សង្កេត និង​តាមដាន​រាល់​ទង្វើ​របស់​លោក ហ៊ុន សែន នោះ​គេ​នឹង​រក​ឃើញ​ថា សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ឬ​ក្រុម​ឧកញ៉ា ជាដើម បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ល្មើស​ច្បាប់​សឹង​គ្រប់​ប្រភេទ។ ជាក់ស្តែង សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ដែរ​ថា ក្រុម​គ្រួសារ​ដែល​មាន​អំណាច​ដ៏​កំពូល​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​យ៉ាង​ខ្លាំង ជាពិសេស​គឺ​គ្រួសារ​របស់​លោក ហ៊ុន សែន តែម្តង ដែល​ត្រូវ​គេ​ទម្លាយ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ជួញដូរ​គ្រឿងញៀន​ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់។

ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ជា​វីដេអូ ដោយ​បង្ហាញ​ពី​ការ​ចែកចាយ​ថ្នាំញៀន​រាប់​ពាន់​គ្រាប់​ក្នុង​មួយ​យប់ៗ​នៅ​តាម​ក្លឹប​កម្សាន្ត។ មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ហាង​ខារ៉ាអូខេ ក្លឹប​រាត្រី និង​រង្គសាល​នៅ​តាម​ខេត្ត និង​រាជធានី​ភ្នំពេញ បាន​ក្លាយ​ជា​ទីតាំង​ចែកចាយ​គ្រឿងញៀន​យ៉ាង​ពេញ​ទំហឹង ក្នុង​នោះ​នៅ​ទីក្រុង​ភ្នំពេញ មាន​ក្លឹប​មួយ​ឈ្មោះ ត្រូប៉ាស់ (Tro Pas) ដែល​ជា​កម្មសិទ្ធិ​នៃ​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ហើយ​ដែល​ក្រុម​អាជ្ញាធរ​ផ្នែក​បង្ក្រាប​គ្រឿងញៀន​ណា​ក៏​បាន​ដឹង​អំពី​ករណី​នេះ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​បើក​ការ​បង្ក្រាប​នោះ​ទេ ពីព្រោះ​ក្លឹប​លេង​ថ្នាំ​គ្រវី​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ប៊ុន រ៉ានី ដែល​កំពុង​កើប​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្លឹប​កម្សាន្ត សោន ក្លឹប ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ឌួង ឆាយ ក៏​ជា​ក្លឹប​កំពុង​រកស៊ី​ជួញដូរ​គ្រឿងញៀន​យ៉ាង​ពេញ​និយម​ផង​ដែរ ហើយ​ជា​ក្លឹប​មួយ​ដែល​មាន​ការ​ទុកចិត្ត និង​លាក់​ការ​សម្ងាត់​បាន​យ៉ាង​ល្អ​សម្រាប់​អ្នក​មាន​លុយ និង​មាន​អំណាច​ដែល​កំពុង​ប្រព្រឹត្ត ឬ​កំពុង​សេព​គ្រឿងញៀន​នៅ​ទីនោះ។

ឧកញ៉ា ឌួង ឆាយ។

មន្ត្រី​ដដែល​បាន​លើកឡើង​ថា ចំពោះ​ការ​ជួញដូរ​ថ្នាំ​គ្រវី​វិញ គឺ​ឈ្មោះ សាន សុផល ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​លោក​ផ្កាយ​២ ឈ្មោះ សាន សុធី ដែល​ជា​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​តែម្តង ដែល​ជា​មេខ្លោង​ក្នុង​ការ​ចរាចរ​ថ្នាំ​ទាំងនេះ។

មាន​ការ​បែកធ្លាយ​នូវ​វីដេអូ​ឃ្លីប​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ សាន សុផល បាន​ប្រើ​ផ្ទះសំណាក់​ឈ្មោះ ដូដូ ក្បែរ​ក្លឹប (Tro Pas) នោះ​ដើម្បី​ជួញដូរ​គ្រឿងញៀន​យ៉ាង​គគ្រឹកគគ្រេង។

ឯកសារ​ជា​វីដេអូ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​ពី​មន្ត្រី​នគរបាល​ទាំងនោះ​បាន​បង្ហាញ​ពី​ការ​ចែកចាយ​ថ្នាំញៀន​រាប់​ពាន់​គ្រាប់​ក្នុង​មួយ​យប់ៗ​នៅ​ក្នុង​ក្លឹប​នោះ។ យុវជន និង​មនុស្ស​វ័យ​កណ្តាល​ជាច្រើន​បាន​ធ្លាក់​ខ្លួន​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំញៀន​យ៉ាង​អានាធិបតេយ្យ ក្នុង​នោះ​សញ្ញា​នៃ​ការ​ទាក់ទង​គ្នា​របស់​ពួកគេ ដូចជា​ការ​ប្រើ​ពាក្យ​ថា «ទិញ​បាយ ឬ​ទិញ​ស្ករ​គ្រាប់» ជាដើម ប៉ុន្តែ​រូបភាព​ដែល​ពួកគេ​ដាក់​ចូល​ទៅ​ក្នុង​គ្រុប​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នោះ គឺ​សុទ្ធសឹងតែ​រូប​ថ្នាំញៀន​ទាំងអស់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ​នៅ​ក្នុង​គ្រុប​នោះ គឺជា​ជនជាតិ​វៀតណាម ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំៗ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា រាល់​ការ​បញ្ជាទិញ ពួកគេ​កុម្ម៉ង់​ម្តងៗ​យ៉ាង​តិច​មួយ​ឈុត​តូច​ដែល​មាន​តម្លៃ ៣០​ដុល្លារ​អាមេរិក នៅ​ក្នុង​ផ្ទះសំណាក់​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​ផ្ទះសំណាក់ «ដូដូ» បាន​ក្លាយ​ជា​ទីតាំង​ដែល​ពួកគេ​យក​ធ្វើ​ជា​កន្លែង​ដោះដូរ​គ្រឿងញៀន​ញឹកញាប់​បំផុត។

មន្ត្រី​នគរបាល​រូប​នោះ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​គ្រឿងញៀន​ស្ទើរតែ​ក្លាយ​ទៅ​ជា​ថ្នាំ​ពេញ​និយម​សម្រាប់​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ទៅ​ហើយ ដោយ​ពួកគេ​បង្ហាញ​ឫកពារ​ថា អ្នក​ដែល​មិន​ចេះ​ប្រើ​ថ្នាំញៀន គឺជា​ប្រភេទ​មនុស្ស​ដែល​មិន​ទាន់​សម័យ ឬ​មិន​ស៊ីវិល័យ ជាដើម ខណៈ​មន្ត្រី​ធំៗ និង​ឧកញ៉ា​មួយ​ចំនួន​សុទ្ធតែ​បាន​ប្រើប្រាស់​វា ដើម្បី​ស្វែងរក​ការ​សប្បាយ​ជាមួយ​ស្រី​ក្មេង​អំឡុង​ពេល​ជួញដូរ​ផ្លូវភេទ និង​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អ្នក​មាន​អំណាច​កាង​ពីក្រោយ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទោះជា​រក​ឃើញ​ថា​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​កម្រិត​ណា​ក៏ដោយ ក៏​សមត្ថកិច្ច​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ ព្រោះ​ថា​ពួកគេ​ខ្លាច​អំណាច​លោក ហ៊ុន សែន ដែល​កំពុង​ក្លាយ​ជា​ខ្នង​បង្អែក​ដ៏​រឹងមាំ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​សព្វថ្ងៃ​នេះ ខណៈ​គ្រឿងញៀន​ទាំងនោះ​គឺ​ត្រូវ​ចរាចរ​តាម​បណ្ដាញ​របស់​ពួកគេ​យ៉ាង​មាន​សុវត្ថិភាព។

គ្រឿងញៀន

ចាប់តាំងពី​ឆ្នាំ​២០១៧ មក ចំនួន​គ្រឿងញៀន​ដែល​អាជ្ញាធរ​រឹបអូស​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ៖

  • ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​ជិត ៣០០ (២៩៦) គីឡូក្រាម
  • ឆ្នាំ​២០១៨ ចាប់​បាន​ជិត ៥០០ (៤៧២,៥៣) គីឡូក្រាម
  • ឆ្នាំ​២០១៩ ចាប់​បាន ៧៥០​គីឡូក្រាម
  • ឆ្នាំ​២០២០ ចាប់​យក​បាន​ជិត ៤​ពាន់ (៣៨៧៦) គីឡូក្រាម
  • ឆ្នាំ​២០២១ ចាប់​យក​បាន​ជាង ៤៦០០ (៤៦៨៩) គីឡូក្រាម
  • និង​ឆ្នាំ​២០២២ ចាប់​បាន​ជាង ១​ម៉ឺន ៤​ពាន់ (១៤៩១៩) គីឡូក្រាម។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បច្ចុប្បន្ន​នេះ​ការ​ផលិត​គ្រឿងញៀន​សំយោគ​មាន​ការ​កើនឡើង​នៅ​កម្ពុជា ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​ផ្លាស់ប្ដូរ​ពី​ការ​ផលិត​គ្រឿងញៀន​ធម្មជាតិ និង​ពាក់កណ្តាល​សំយោគ ទៅ​ជា​សារធាតុ​ញៀន​សំយោគ​សុទ្ធសាធ ដែល​វា​ផលិត​ចេញពី​សារធាតុ​គីមី​ផ្សំ មិន​រើស​ទីកន្លែង មិន​រើស​ភូមិសាស្ត្រ ហើយ​វា​ចំណាយ​ពេល​ខ្លី និង​ងាយស្រួល​ក្នុង​ការ​ផលិត។

លោក​ថា ថ្នាំ​សំយោគ​ដែល​ត្រូវ​បាន​បង្កើត​ដោយសារ​ធាតុគីមី​ដែល​អាច​ពិបាក​ក្នុង​ការ​បង្ក្រាប មាន​តម្លៃ​ថោក​ក្នុង​ការ​ផលិត ហើយ​អាច​ផលិត​បាន​ស្ទើរតែ​គ្រប់​ទីកន្លែង។

ដោយសារតែ​មូលហេតុ​ទាំងនេះ​ហើយ​ទើប​សមត្ថកិច្ច​មាន​ការ​លំបាក​ក្នុង​ការ​បញ្ឈប់​ការ​ផលិត និង​ការ​រីក​រាលដាល​នៃ​គ្រឿងញៀន ដូចជា​មេតំហ្វេតាមីន កេតាមីន (Ketamine) MDMA និង​ច្រើន​ប្រភេទ​ទៀត។

លោក​បាន​បន្ថែម​ទៀត​ថា ទីតាំង​របស់​ប្រទេស​កម្ពុជា​ដែល​តភ្ជាប់​យ៉ាង​ងាយស្រួល​ទៅ​កាន់​សមុទ្រ និង «ត្រីកោណ​មាស» បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ឆ្លងកាត់​ដ៏​សំខាន់​មួយ ដែល​ករណី​នេះ​បណ្តាល​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​គ្រឿងញៀន​ក្នុង​ប្រទេស​នេះ​កាន់តែ​ច្រើន។

ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​បាន និង​កំពុង​បង្កើន​យុទ្ធនាការ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ការ​បង្កើន​ការ​អនុវត្ត​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ និង​ការ​បង្កើត​គោលនយោបាយ​ភូមិ​ឃុំ​ស គ្មាន​គ្រឿងញៀន​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន​១៧។

លោក មាស វិរិទ្ធ បញ្ជាក់​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់​ដែល​កំណត់​បាន​ដោយ​អាជ្ញាធរ ដែល​ភាគច្រើន​អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ​ទៅ ៣៥​ឆ្នាំ។ ចំណែក​មណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​មាន​ចំនួន ៤៧២​កន្លែង រួម​មាន​មជ្ឈមណ្ឌល​បណ្ដោះអាសន្ន​រដ្ឋ ឯកជន និង​អង្គការ កន្លែង​ផ្តល់​សេវា​សុខាភិបាល​តាម​មូលដ្ឋាន មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​បង្អែក​រាជធានី-ខេត្ត ក្រុង-ស្រុក និង​មណ្ឌល​សុខភាព។

នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​ការ​ដឹកនាំ​ប្រតិភូ និង​សហការី​កាកបាទ​ក្រហម​កម្ពុជា​ចុះ​ជួប​សំណេះសំណាល សួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មាន​កូន​ច្រើន កុមារ​កំព្រា ជន​ពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិត​នៅ​ភូមិ​ចារធំ ឃុំ​ចុងជាច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី ប៊ុន រ៉ានី បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់។

អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកស្រី​ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន។ អ្នកស្រី​ក៏​បាន​ជំរុញ​ឲ្យ​យុវជន ជាពិសេស​យុវជន​កាកបាទ​ក្រហម​កម្ពុជា​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដទៃ ខិតខំ​សិក្សា​រៀនសូត្រ និង​ជួយ​អូសទាញ​មិត្តភក្ដិ​ដែល​ដើរ​ផ្លូវ​ខុស​មក​ធ្វើ​អំពើ​ល្អ​វិញ។

ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន​នៅ​ស្រុក​ខ្មែរ ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន ដូចជា បាត់ដំបង ព្រះសីហនុ និង​ខេត្ត​សៀមរាប ជាដើម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅ​តាម​ភូមិ​ឃុំ​របស់​ពួកគេ​សព្វថ្ងៃ​នេះ​មាន​ការ​ចែកចាយ​គ្រឿងញៀន​ព្រោងព្រាត​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​ដែល​ចែកចាយ​គ្រឿងញៀន​ទាំងនោះ​គ្មាន​នរណា​ផ្សេង​ទេ គឺ​កូន​របស់​មេ​ប៉ុស្តិ៍​នៅ​ក្នុង​ឃុំ​របស់​ពួកគេ​តែម្តង ខណៈ​ពលរដ្ឋ​ក៏​មិន​ហ៊ាន​រាយការណ៍​ពី​បញ្ហា​នេះ​ដែរ ព្រោះ​ពួកគេ​សុទ្ធតែ​ដឹង​ថា​ទោះ​ជា​រាយការណ៍​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។ ជាង​នេះ​ទៀត អាច​នឹង​មាន​បញ្ហា​ដល់​ខ្លួន​ថែម​ទៀត។

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ និង​កម្លាំង​ចម្រុះ រឹបអូស​បាន​គ្រឿងញៀន​ជាង ១​តោន និង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០​នាក់​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅឡើយ។ លោក​បន្ថែម​ថា ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក បញ្ញើ​ប្រៃសណីយ៍ និង​ផ្លូវអាកាស ជាពិសេស​ករណី​រក្សា​ទុក កែច្នៃ​ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន​សព្វថ្ងៃ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើក​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ ថា គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​យុវជន​នៅ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ពេល​ដែល​បទល្មើស​ជួញដូរ ចែកចាយ និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​មិន​ថយ​ចុះ​ទាល់តែសោះ គឺ​មាន​តែ​កើតឡើង​ខ្លាំង​ជាង​មុន។

លោក ស ខេង កត់សម្គាល់​ថា សារធាតុ​ជាច្រើន​ដែល​ប្រើ​សម្រាប់​កែច្នៃ​ថ្នាំញៀន​ត្រូវ​បាន​នាំចូល​ដោយ​ស្រប​ច្បាប់ ដោយ​ថា​ជា​សារធាតុ​គីមី​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ថែទាំ​សុខភាព។ លោក​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នូវ​សារធាតុ​ណា​ដែល​អាច​ប្រើ​ផលិត​គ្រឿងញៀន​បាន។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស​ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន។

លោក ស ខេង អះអាង​ថា បញ្ហា​គ្រឿងញៀន​នៅតែ​កើតមាន​ច្រើន​នៅ​កម្ពុជា ខណៈ​ករណី​ទាំងនេះ​ជា​បញ្ហា​ប្រឈម និង​បង្ក​ជា​ក្ដី​បារម្ភ​ដ៏​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​កិច្ចប្រជុំ​បូក​សរុប​សុវត្ថិភាព​ចរាចរណ៍​ប្រចាំ​ឆ្នាំ​នៅ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ទាក់ទិន​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជិត ១​តោន​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២២។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​ចាប់​បាន​ជនជាតិ​ចិន​ចំនួន ៦​នាក់ តៃវ៉ាន់​ម្នាក់ និង​ខ្មែរ ៣​នាក់ រួម​ជាមួយ​នឹង​វត្ថុ​តាង​សារធាតុ​ញៀន សារធាតុ​គីមី និង​សារធាតុ​គីមី​ផ្សំ ព្រមទាំង​សារធាតុ​ផ្សំ​ជាច្រើន​ផ្សេង​ទៀត។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ​ថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី និង​បាន​ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ១៥​តោន។

ជុំវិញ​បញ្ហា​នេះ អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) កាលពី​ចុងឆ្នាំ​២០២១ បាន​បង្ហាញ​សេចក្តី​រាយការណ៍​ថ្មី​មួយ​ដែល​គេ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​គោលដៅ​ចម្បង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និង​ចែកចាយ​បន្ត ហើយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់។ កម្ពុជា​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​ប្រភព​ធំ​បំផុត​ទី​ពីរ​សម្រាប់​ថ្នាំញៀន​ហេរ៉ូអ៊ីន​ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​មួយ​នៅ​ខេត្ត​កណ្តាល បាន​ផ្ទុះ​អាវុធ​រវាង​ក្រុម​ឧក្រិដ្ឋជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ជាមួយ​នឹង​សមត្ថកិច្ច​ស្រុក​អង្គស្នួល។ ក្នុង​ហេតុការណ៍​នោះ​បាន​បណ្តាល​ឱ្យ​មន្ត្រី​នគរបាល ២​នាក់​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ជនល្មើស​ចំនួន ៥​គ្រាប់​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។

សមត្ថកិច្ច​ចុះ​បង្ក្រាប​អំពើ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក (Rock) កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (រូប​ឯកសារ)

ទាក់ទិន​នឹង​ការ​ចរាចរ​គ្រឿងញៀន​នេះ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចាប់​ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត Rock ត្រូវ​ជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ដោយ​ចោទប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ដែល​តុលាការ​បាន​សម្រេច​ដាក់​ពន្ធនាគារ PJ រយៈពេល ៤​ឆ្នាំ​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ។ យ៉ាងណា​ក៏ដោយ ឧកញ៉ា គិត ធាង នៅតែ​អាច​ដើរហើរ​សេរី​ក្រៅ​ច្បាប់​ដដែល​នៅ​ពេល​នោះ ដោយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បន្ធូរបន្ថយ​ទោស​ដល់​ឧកញ៉ា​រូប​នេះ ដែល​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី និង​សម្រេច​ឲ្យ​ព្យួរ​ទោស​រយៈពេល ២​ឆ្នាំ។

ឧកញ៉ា គិត ធាង ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក (Rock)។

បញ្ហា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ចុងឆ្នាំ​២០២២ ត្រូវ​បរាជ័យ​ដោយសារ​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​មិន​បាន​ថយ​ចុះ​ទេ ផ្ទុយទៅវិញ​បែរ​ជា​បន្ត​កើនឡើង​ទ្វេដង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កាលពី​ឆ្នាំ​២០១២ កាសែត The Sydney Morning Herald និង​កាសែត The Age បាន​ចុះផ្សាយ​ដោយ​ដកស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី ថា អាជ្ញាធរ​អូស្ត្រាលី​បាន​តាមដាន​ការ​ផ្ទេរ​លុយ​ដោយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់ពន្ធ​គ្រឿងញៀន​ចេញពី​បនល្បែង​កាស៊ីណូ Crown នៅ​ទីក្រុង​ម៉ែលប៊ន ដែល​គេ​សង្ស័យ​ថា​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក ហ៊ុន តូ

ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រតិបត្តិការ​តាមដាន​សំដៅ​លើ​លោក ហ៊ុន តូ រក​ឃើញ​ការ​ដឹក​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីន​ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​ដែល​បាន​អារ​រួច។ គ្រឿងញៀន​ដែល​ដឹក​ចូល​ប្រទេស​អូស្ត្រាលី មាន​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ការ​តាមដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើឡើង​បន្ទាប់ពី​តុលាការ​អូស្ត្រាលី​ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០១៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។ លោក ថៃ ផែនី គឺជា​បងប្អូន​ជីដូនមួយ​របស់​ភរិយា​លោក ហ៊ុន តូ គឺ​លោកស្រី Jackie Thai។

សារព័ត៌មាន​ដដែល​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​អូស្ត្រាលី​មាន​គម្រោង​ចាប់​ខ្លួន​ឧកញ៉ា ហ៊ុន តូ ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន​ទៅវិញ ដោយសារតែ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ផ្តល់​ទិដ្ឋាការ​ដល់​លោក ហ៊ុន តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី។

កាសែត​នោះ​ក៏​បាន​បញ្ជាក់​ថា ក្នុង​ពេល​នោះ លោក គិត ម៉េង ក៏​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​លោក ហ៊ុន តូ ដែរ ប៉ុន្តែ​មិន​បាន​លើកឡើង​ថា លោក គិត ម៉េង ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ឧក្រិដ្ឋ​នោះ​ទេ។

ក្រោយពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ​ក្នុង​ឆ្នាំ​២០១៥ លោក ហ៊ុន តូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អត្ថបទ​របស់​សារព័ត៌មាន The Sydney Morning Herald និង​កាសែត The Age ថា​ជា​ការ​ផ្សព្វផ្សាយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​ច្បាស់លាស់។

លោក​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី​មាន​ច្បាប់ ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់ ដូច្នេះ​បើ​លោក​ពាក់ព័ន្ធ​ដូច​ការ​ចុះផ្សាយ​មែន នោះ​មិន​ចាំបាច់​អាជ្ញាធរ​អូស្ត្រាលី​ចាប់​នោះ​ទេ គឺ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់​ជា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាត់​ទៅ​ហើយ។

អតីតមន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ក្នុង​ការ​រកស៊ី​គ្រឿងញៀន​នោះ​ទេ សូម្បីតែ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្វែងរក​ការ​សប្បាយ​ជាមួយ​ស្រី​ផ្សេង​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន​នៅ​តាម​ក្លឹប​កម្សាន្ត​ជា​ញឹកញាប់ និង​ចូលចិត្ត​ប្រើ​ថ្នាំញៀន​ដើម្បី​ពង្វក់​អារម្មណ៍​ជា​ប្រចាំ​ផង​ដែរ​រាល់​ពេល​ដែល​គាត់​ចេញ​ទៅ​សប្បាយ​នៅ​តាម​ក្លឹប​ម្តងៗ។

ការ​ផលិត និង​ចែកចាយ​គ្រឿងញៀន ត្រូវ​គេ​រក​ឃើញ​ថា កំពុងតែ​ចរាចរ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ចំណោម​សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​អ្នកជំនួញ​ធំៗ ដូចជា​ក្រុម​ឧកញ៉ា ជាដើម ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​គ្រួសារ​នៃ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ពេល​កន្លងទៅ​ថា កំណើន​ផលិតកម្ម និង​ចលនា​គ្រឿងញៀន​ក្នុង​ស្រុក​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ខ្វះ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហើយ​វា​កំពុង​រីក​រាលដាល​ដល់​សហគមន៍​ជនបទ​ដាច់ស្រយាល។

លោក សន ជ័យ បន្ត​ថា រដ្ឋាភិបាល​គួរ​បង្កើត​យន្តការ​គណនេយ្យភាព​ទៅវិញ​ទៅមក ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​អាជ្ញាធរ​ដើម្បី​រួម​គ្នា​ដោះស្រាយ​សកម្មភាព​ខុស​ច្បាប់​នោះ។ លោក​ថា គ្រឿងញៀន​ជា​បញ្ហា​ស្មុគស្មាញ ដោយសារ​កង្វះ​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ហើយ​ក៏​ជា​ទម្រង់​នៃ​អំពើពុករលួយ​ធ្ងន់ធ្ងរ។ លោក​បារម្ភ​ថា អំពើពុករលួយ​អាច​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បាន​ពេញលេញ។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​មាត្រា​៤៤ ចែង​ថា ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ២០​លាន​រៀល។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​មេដឹកនាំ​ត្រូវ​មាន​កាតព្វកិច្ច ជាពិសេស​ក្នុង​ការ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ខុស​ច្បាប់​នានា ដូចជា​ការ​ជួញដូរ​មនុស្ស ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បង្កើត​បនល្បែង​ស៊ីសង​ខុស​ច្បាប់ ការ​លាង​លុយ​កខ្វក់ និង​ការ​ចរាចរ​គ្រឿងញៀន ជាដើម ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ជិត ៤០​ឆ្នាំ​របស់​គាត់ ត្រូវ​គេ​រក​ឃើញ​ថា គាត់​ជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ល្មើស​ទាំងនោះ​ទៅវិញ។ ជាង​នេះ​ទៀត គាត់​ក៏​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កូនៗ ក្មួយៗ ព្រមទាំង​ភរិយា​របស់​គាត់ គឺ​អ្នកស្រី ប៊ុន រ៉ានី តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស