អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រកាសត្រៀមខ្លួនចាកចេញពីតួនាទី និងទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីមានការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភយកដីធ្លីរបស់ពលរដ្ឋក្នុងស្រុកបន្ទាយស្រី ប្រមាណជិត ១៥០ហិកតារ។
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៧ ខែកុម្ភៈ ដោយបដិសេធចោលទាំងស្រុងរាល់ការចោទប្រកាន់ថាលោកបានរំលោភលើកម្មសិទ្ធិឯកជន ឬបានផ្លាស់ប្ដូរទីតាំងភូមិនៅក្នុងស្រុកបន្ទាយស្រី ជាដើម។ លោកថា ការចោទប្រកាន់ទាំងនោះសុទ្ធតែជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាប់ប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា តំបន់ដែលមានវិវាទដែលលោកបានដោះស្រាយ និងរងការចោទប្រកាន់ថាបានរំលោភយកដីធ្លីរបស់ពលរដ្ឋនោះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ២០០២ ដែលតំបន់នោះនៅតែជាដីសាធារណៈរបស់រដ្ឋ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។
លោក ឃឹម ហ្វីណង់ អះអាងថា ការដោះស្រាយវិវាទលើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឱ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះឡើយ គឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការតែប៉ុណ្ណោះ។ ជាងនេះទៅទៀត តុលាការក៏មិនអាចសម្រេចប្រគល់កម្មសិទ្ធិដីរដ្ឋទៅឱ្យបុគ្គលណាម្នាក់នោះដែរ គឺមានតែការធ្វើអនុបយោគ ឬការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែប៉ុណ្ណោះ ទើបមានសិទ្ធិកាន់កាប់ដីនោះដោយស្របច្បាប់។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកស្រី លី អ៊ុំអេង បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានចោទប្តឹងអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ពីបទញុះញង់ ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ និងការរំលោភលើកម្មសិទ្ធិឯកជនផងដែរ។
ប្រភពដដែលអះអាងថា ខ្លួនគឺជាម្ចាស់កម្មសិទ្ធិលើដីទំហំ ២០០ហិកតារស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានទិញពីពលរដ្ឋជាច្រើននាក់តាំងពីឆ្នាំ២០០៣ មក ក្នុងនោះក៏បានចុះហត្ថលេខាទទួលស្គាល់ដោយអតីតអភិបាលស្រុកបន្ទាយស្រី លោក អ៊ន់ វង្ស និងបានចេញបង្កាន់ដៃកាន់កាប់ដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាលស្រុកបន្ទាយស្រី ផងដែរ។
ពាក្យបណ្តឹងខាងលើរៀបរាប់ថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានចេញសេចក្តីជូនដំណឹងឱ្យក្រុមការងារចុះវាស់វែងលើដីរបស់អ្នកស្រី និងអនុញ្ញាតឱ្យពលរដ្ឋដែលមិនមែនជាម្ចាស់កម្មសិទ្ធិ ធ្វើរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិអស់ជិត ១៥០ហិកតារ ក្នុងភូមិរវៀងតាទុំ និងភូមិរំចេក ដោយមិនមានការយល់ព្រមពីអ្នកស្រីដែលជាម្ចាស់ដីទាល់តែសោះ។
លិខិតដដែលនោះបញ្ជាក់ថា លោក ឃឹម ហ្វីណង់ បានដាក់ទីតាំងដីរបស់អ្នកស្រីឱ្យទៅនៅក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី វិញ ប៉ុន្តែការពិត ដីរបស់អ្នកស្រី គឺស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ប៉ុណ្ណោះ។ បញ្ហានេះ អ្នកស្រីសង្កត់ធ្ងន់ថា កាលពីឆ្នាំ២០១៩ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងអតីតអភិបាលខេត្ត លោក ស៊ូ ភារិន្ទ កាលពីឆ្នាំ២០១១ ក៏បានចុះហត្ថលេខាលើលិខិតបញ្ជាក់ប្រវត្តិដីរបស់អ្នកស្រីផងដែរ ថាដីរបស់អ្នកស្រី គឺស្ថិតក្នុងភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី យ៉ាងពិតប្រាកដ។
យ៉ាងណាក៏ដោយ កាលពីដើមខែមករា ឆ្នាំ២០២២ រដ្ឋបាលស្រុកបន្ទាយស្រី បានចេញសេចក្តីជូនដំណឹងស្ដីពីការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងស្រុកបន្ទាយស្រី ដែលស្ថិតក្នុងភូមិស្រះខ្វាវ ភូមិរវៀងតាទុំ និងភូមិរំចេក ជាដើម ដែលសុទ្ធសឹងតែជាដីស្ថិតក្នុងគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីដោះស្រាយបញ្ចប់វិវាទ។
ដីគម្របព្រៃឈើនៅឃុំខ្នារសណ្ដាយ និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទំហំជាង ១ពាន់ហិកតារ និងមានចម្ងាយជាង ៨គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី ក្នុងនោះ ៥០% នៃផ្ទៃដីសរុប គឺជាកម្មសិទ្ធិរបស់ពលរដ្ឋនៅតំបន់នោះ ដែលពួកគេបានកាន់កាប់អស់រយៈពេលប្រមាណជា ២០ឆ្នាំមកហើយ។
ជុំវិញការចោទប្តឹងនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ឃឹម ហ្វីណង់ ដើម្បីសុំការបំភ្លឺបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕