នៅមុនការបើកទ្វារសង្គ្រាម រុស្ស៊ីពង្រាយទ័ពជាង ១០ម៉ឺននាក់ឡោមព័ទ្ធអ៊ុយក្រែន។ ជាមួយនឹងការដាក់ពង្រាយយ៉ាងសន្ធឹកសន្ធាប់នេះ គ្រឿងសព្វាវុធរបស់រុស្ស៊ីមានសម្បើមណាស់ គឺមានទាំងកាំជ្រួច S-400 ដែលពិភពលោកខ្លបខ្លាចបំផុត មានយន្តហោះចម្បាំង មានរថក្រោះរថពាសដែក មានកាំភ្លើងធំ ដែលជាការកំញើញដោយព្រមានថា បើរុស្ស៊ីសម្រេចបើកទ្វារសង្គ្រាម គឺនឹងវាយកាន់កាប់ឱ្យបានតែ ៤៨ម៉ោងយ៉ាងយូរ។
សារព្រមានរបស់រុស្ស៊ី គឺជាការប្រាប់ទៅអ៊ុយក្រែនចុះចាញ់មុនការប្រយុទ្ធ។ តែយ៉ាងណា សង្គ្រាមឈ្លានពានរបស់មហាអំណាចមួយនេះទៅលើប្រទេសទន់ខ្សោយមួយដែលធ្លាប់ចំណុះនឹងខ្លួន បានប្រព្រឹត្តទៅ ៦ថ្ងៃមកហើយ ដែលកងទ័ពប្រទេសដ៏ខ្លាំងមួយនេះរុលចូលទៅរដ្ឋធានីដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី ហ្សេឡិនស្គី (Volodymyr Zelenskiy) ពុំដូចការរំពឹងទុក។
តើមានចំណុចខ្សោយអ្វីខ្លះ បានជាមហាអំណាចយោធាមួយនេះវាយលើប្រទេសតូចមួយមិនដូចការរំពឹងទុក?
១–ចំណុចខ្សោយដែលមហាអំណាចមួយនេះកំពុងជួបផលវិបាកមានដូចជា៖
- កងទ័ពវាយលុកអ៊ុយក្រែនមិនដូចការរំពឹងទុក ទោះជាវាយជិតដល់រដ្ឋធានីក៏ដោយ ក៏តំបន់មួយចំនួនវាយសឹងមិនទៅមុខ ហើយត្រូវបានទ័ពអ៊ុយក្រែនវាយបកវិញ។
- ការខូចខាតច្រើន ដោយស្លាប់កងទ័ព ៥៣០០នាក់។ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ ត្រូវបានទ័ពអ៊ុយក្រែនបាញ់ទម្លាក់ជិត ៦០គ្រឿង។ រថក្រោះ ១៩១គ្រឿង និងរថពាសដែក ៨១៦គ្រឿង ត្រូវបានបាញ់ឆេះ និងកាំភ្លើងធំ ៧៤គ្រឿង។ រថយន្តដឹកប្រេងឥន្ធនៈ ៦០គ្រឿងរបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែនបាញ់កម្ទេច។ រថយន្តហ្សិប ២៩១គ្រឿង និងយន្តហោះដ្រូន ៣គ្រឿងរបស់រុស្ស៊ី ត្រូវបានបំផ្លាញ។ នៅតំបន់ខ្លះ រុស្ស៊ីអាចវាយកាន់កាប់បាន តែកងទ័ពខ្វះស្បៀង ដោយទ័ពអ៊ុយក្រែននៅតែលួចបាញ់ឆេះតាមផ្លូវ។ នេះគឺជាតួលេខតែម្ខាងរបស់អ៊ុយក្រែន ដែលអនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន បានប្រកាស ហើយចុះផ្សាយដោយសារព័ត៌មាន The Kiyv Independent នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៨ កុម្ភៈ។
- ការបាញ់ទៅលើសហគមន៍ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន រងការថ្កោលទោស។ សូម្បីផ្ទៃក្នុងមិនគាំទ្រ គឺសមាជិកសភា Duma ក៏បានជំទាស់ ហើយប្រជាជនរុស្ស៊ីធ្វើបាតុកម្មប្រឆាំងការលើកទ័ពឈ្លានពានអ៊ុយក្រែន។
- ប្រជាជនអ៊ុយក្រែនមានស្មារតីតស៊ូប្រឆាំងរុស្ស៊ីដាច់ខាត ដោយមានការគាំទ្រពីប្រទេសសម្ពន្ធមិត្ត។ ប្រទេសរុស្ស៊ី ធ្លាក់ក្នុងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិយ៉ាងធ្ងន់ធ្ងរលើច្រើនវិស័យ។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានថ្កោលទោស។
- មើលឃើញជំនួយសព្វាវុធរបស់បស្ចិមប្រទេសកាន់តែច្រើនទៅឱ្យអ៊ុយក្រែន។
- ចិន ឥណ្ឌា និងតួកគី ប្រាប់ឲ្យចរចាជាមួយអ៊ុយក្រែន មានន័យថាប្រទេសធំ៣ ដែលមានទំនាក់ទំនងយូរអង្វែងនឹងរុស្ស៊ី មិនច្បាស់នៅជាមួយរុស្ស៊ីនោះទេ។
- រុស្ស៊ី បារម្ភខ្លាចចាញ់សង្គ្រាម ប្រសិនបើសង្គ្រាមជាមួយអង្គការយោធាណាតូ ហើយយោធាណាតូ យ៉ាងហោចណាស់ក៏មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦០៩០គ្រាប់ ជាមួយកងកម្លាំងសម្ព័ន្ធមាន ៣០ប្រទេស។
- រុស្ស៊ីបារម្ភពីភាពឯកោនៅលើពិភពលោក គឺសម្ពន្ធមិត្តចាស់មិនសូវឱ្យតម្លៃ ហើយពុំអាចមានសម្ពន្ធមិត្តថ្មី។
២–ចំណុចខ្លាំងរបស់រុស្ស៊ី៖
- ជាមហាអំណាចយោធាខ្លាំងទីពីររបស់ពិភពលោក មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេដល់ទៅ ៦២៥៥គ្រាប់។
- បើកការចរចាផង វាយអ៊ុយក្រែនផង។
- ចាប់អ៊ុយក្រែនជាចំណាប់ខ្មាំងដើម្បីមហិច្ឆតា និងដាក់សម្ពាធលើណាតូ។ ដូចករណីនេះបន្ទាប់ពីការចរចាមិនបានសម្រេចលទ្ធផល លោក ពូទីន បន្តបញ្ជាឱ្យរំកិលកងទ័ពចូលកាន់កាប់រដ្ឋធានីគៀវ ឱ្យបានឆាប់ៗបំផុត។
- វាយយកតំបន់ដុនបាស់ មកនៅក្រោមចំណុះរបស់ខ្លួនក្រោយពីសភាអនុម័ត និងលោក ពូទីន ចុះហត្ថលេខាទទួលស្គាល់ខេត្តធំពីរអមសងខាងដុនបាស់ ជារដ្ឋឯករាជ្យពីអ៊ុយក្រែន គឺជាការរំលោភឈ្លានពានដែនដីរបស់អ៊ុយក្រែន បានសម្រេច។
យ៉ាងណា អ៊ុយក្រែនក៏មានចំណុចខ្សោយផងដែរ៖
១–ចំណុចខ្សោយរបស់អ៊ុយក្រែនមានដូចជា៖
- សមត្ថភាពយោធាធៀបនឹងរុស្ស៊ី គឺនៅមានកម្រិតទាបបំផុត ដោយសារកងទ័ពមានចំនួនតិច។ អាវុធមិនសូវទំនើប ហើយអាវុធភាគច្រើនជារបស់សហភាពសូវៀត។
- សម្ពន្ធមិត្តបស្ចិមប្រទេសមិនលើកទ័ពចូលជួយ ព្រោះអ៊ុយក្រែនមិនមែនជាសមាជិកអង្គការណាតូ និងបារម្ភជម្លោះរីករាលដាលខ្លាំងអាចផ្ទុះសង្គ្រាមពាសពេញអឺរ៉ុប។
២–ចំណុចខ្លាំងរបស់អ៊ុយក្រែនក៏មានដែរ៖
- មេដឹកនាំក្លាហាន មិនរត់ចោលសមរភូមិ មិនដូរដីដើម្បីសន្តិភាព និងមិនសុខចិត្តកាន់អំណាចរណបគេ។
- ស្មារតីកងទ័ពស្មោះស្ម័គ្រនឹងជាតិមានភាពពុះកញ្ជ្រោល។ ប្រជាជនទាំងប្រុសទាំងស្រីភាគច្រើនជាយុវជនសម្រេចកាន់អាវុធការពារទឹកដី។
- ប្រជាជនគោរពស្រឡាញ់ស្មារតីមេដឹកនាំដោយស្មោះស្ម័គ្រ។
- សហគមន៍អន្តរជាតិជួយគាំទ្រ និងលើកទឹកចិត្តខ្លាំង។
- ពួកបស្ចិមប្រទេសសម្រុកផ្ដល់សព្វាវុធ ស្បៀង និងថ្នាំពេទ្យ។
យោងតាមការរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយដូចនេះ បើរុស្ស៊ីឈ្នះសង្គ្រាមលើប្រទេសអ៊ុយក្រែន គឺបានត្រឹមពាក្យថា ឈ្លានពាន។ យកទឹកដីគេបាន តែគេហៅថាអ្នកឈ្លានពាន។ ឈ្នះសង្គ្រាមមែន តែមិនឈ្នះទឹកចិត្តប្រជាជនអ៊ុយក្រែន។
ទោះបីរុស្ស៊ីអាចលើកបន្តុប ឬដូរមេដឹកនាំថ្មីបានមែន តែមិនអាចដូរឆន្ទៈប្រជាជនអ៊ុយក្រែនបានឡើយ ហើយការងើបឡើងដែលគេហៅថាកម្លាំងប្រឆាំងនឹងធ្វើការវាយបកដើម្បីដណ្ដើមទឹកដី និងរដ្ឋាភិបាលមកវិញក្រោមជំនួយអាវុធពីបស្ចិមប្រទេស។
ចំណែកប្រធានាធិបតី Volodymyr Zelenskiy អាចត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រពិភពលោកថាជាមេដឹកនាំប្រទេសមួយដែលមិនរត់ចោលប្រទេស និងប្រជាជន គឺមិនទម្លាក់អាវុធសុំសន្តិភាពពីសត្រូវឈ្លានពាន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់របាយការណ៍របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រយៈពេល ៦ថ្ងៃមកនេះ បានបណ្ដាលឱ្យមានជនភៀសខ្លួនកើនឡើង ៥០ម៉ឺននាក់។
ប្រទេសដែលទទួលជនភៀសខ្លួនមានប្រទេស Moldova, Romania, Hungary, Slovakia និងប្រទេស Poland ដែលជាប្រទេសមានព្រំដែនជាប់អ៊ុយក្រែន៕