30 C
Phnom Penh

ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ចេញពី​បញ្ជី​ដោយសារ​បញ្ហា​ស្នាមមេដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ សម្រេច​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ តាម​បទប្បញ្ញត្តិ​ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ ក្រោយ​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រមូល​ស្នាមមេដៃ​ដើម្បី​ស្នើសុំ​ចុះបញ្ជី​នា​ពេល​កន្លងមក។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​យល់ព្រម​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ បន្ទាប់ពី​គណបក្ស​នេះ​រង​ការ​ចោទប្រកាន់​ថា​បាន​ក្លែង​បន្លំ​ស្នាម​ផ្ដិត​មេដៃ​នៅពេល​ដែល​បាន​សុំ​បង្កើត​គណបក្ស​នយោបាយ​កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លងមក។

កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ស្នាមមេដៃ​សមាជិក​ជាង ៤​ពាន់​នាក់​របស់​គណបក្ស​បេះដូង​ជាតិ ចំនួន ២០​រូប គឺ​ខុស​ពី​ស្នាមមេដៃ​ក្នុង​អត្តសញ្ញាណប័ណ្ណ និង ២០​រូប​ផ្សេង​ទៀត​បាន​ផ្ដិត​ជំនួស​ឈ្មោះ​មនុស្ស​ក្នុង​បញ្ជី​ដល់​ទៅ​ជាង ៥០​នាក់ ខណៈ​ស្នាមមេដៃ ៧៤​នាក់​ទៀត​ជា​ស្នាមមេដៃ​ក្លែង​បន្លំ​ទាំងអស់។

ក្រសួង​មហាផ្ទៃ មិន​ត្រឹម​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ​ទេ តែ​ថែមទាំង​ប្តឹង​មន្ត្រី​គណបក្ស​នេះ​ទៅ​តុលាការ​ផង​ដែរ​ពី​បទ​ក្លែង​បន្លំ​ស្នាមមេដៃ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​បង្គាប់​ក្រសួង​មហាផ្ទៃ ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ តែ​ត្រូវ​តុលាការ​កំពូល​ច្រានចោល។ លោក​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ក្រសួង​នោះ​ឡើយ។ លោក​ថា ករណី​នេះ​ជា​រឿង​នយោបាយ ហេតុ​នេះ​គេ​រក​វិធី​គ្រប់​ល្បិច​កល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​គណបក្ស​បេះដូង​ជាតិ​អាច​លេច​ចេញ​ជា​រូបរាង​ឡើង។

លោក សៀម ភ្លុក កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ កន្លងទៅ បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​នាំគ្នា​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ គ្រាន់តែ​បម្រើ​ល្បែង​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​គេ​រៀប​ខ្សែ​ញាក់​តាម​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​សម្រេច​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​នេះ ជា​រឿង​គ្មាន​តម្លាភាព ព្រោះ​អ្នក​ដែល​អះអាង​ថា​គណបក្ស​នីមួយៗ​មាន​ស្នាមមេដៃ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ស្ថិត​លើ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​តែ​មួយ​ប៉ុណ្ណោះ។

របាយការណ៍​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​គណបក្ស​នយោបាយ ៤៥​ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ​ជា​កំហិត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស