32.5 C
Phnom Penh

គ.ជ.ប៖ យ៉ាង​ហោច​ណាស់​មាន​គណបក្ស​នយោបាយ​១៧​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា យ៉ាងហោចណាស់​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ ដែល​នឹង​ត្រូវ​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បា​ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ដាក់​បញ្ជី​បេក្ខភាព​មេឃុំ-ចៅសង្កាត់​បម្រើ​ឱ្យ​ការបោះឆ្នោត​ឆ្នាំ​២០២២។

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​អំពី​ចំនួន​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​នឹង​ត្រូវ​ចូលរួម​ការបោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ១៦៥២​ឃុំ គណបក្ស​ភ្លើង​ទៀន​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន ១៦៣២​ឃុំ គណបក្ស ១៥​ផ្សេង​ទៀត​មាន​បេក្ខជន​ឈរ​ឈ្មោះ​យ៉ាង​ច្រើន​ត្រឹមតែ​ជាង ៦០០​ឃុំ-សង្កាត់​ប៉ុណ្ណោះ។

គ.ជ.ប អះអាង​ថា បន្ទាប់ពី​ថ្ងៃ​បញ្ចប់​នៃ​ការ​ទទួលពាក្យ​សុំ​ចុះបញ្ជី​បេក្ខជន គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការបោះឆ្នោត នឹង​ពិនិត្យ​ពាក្យ​សុំ​ចុះបញ្ជី​បេក្ខជន​រយៈពេល ១ថ្ងៃ។ ក្រោយ​មក គណៈកម្មាធិការ​នេះ​នឹង​យក​ទៅ​បិទផ្សាយ​ជា​សាធារណៈ​រយៈពេល ៣​ថ្ងៃ ដើម្បី​ឱ្យ​ពលរដ្ឋ​ផ្តល់​មតិ​យោបល់​ចំពោះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នីមួយៗ មុន​នឹង​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត​សម្រេច​បដិសេធ ឬ​យល់ព្រម​ការ​សុំ​ចុះបញ្ជី​បេក្ខជន​របស់​គណបក្ស​ទាំងនោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៧ មីនា នេះ​ថា ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​បេក្ខជន​ជិត​ស្មើ​នឹង​គណបក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ គ្រាន់តែ​ជា​ការ​ជួយ​កំដរ​ដំណើរការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ដោយ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក គឹម សុខ រិះគន់​ថា ការ​ចូលរួម​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ដោយ​មិន​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​នីតិវិធី​នៃ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ខ្លួន​ចូលរួម​បោះឆ្នោត​នោះ គឺជា​ការ​ជួយ​ឱ្យ​បក្ស​កាន់​អំណាច​អាច​បន្លំ​ភ្នែក​អន្តរជាតិ ដើម្បី​បន្ត​កាន់​អំណាច​ផ្ដាច់មុខ​បាន​យូរអង្វែង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​ប៉ុណ្ណោះ មិនមែន​ជា​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

លោក ថាច់ សេដ្ឋា មន្ត្រី​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​របស់​លោក​ទទួល​រង​ការ​យាយី​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​នៃ​ការ​ដាក់​បញ្ជី​បេក្ខភាព​មេឃុំ-ចៅសង្កាត់។ លោក​បន្ត​ថា ការ​គំរាមកំហែង​ទៅលើ​បេក្ខជន​មេឃុំ-ចៅសង្កាត់​ដែល​ឈរ​ឈ្មោះ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​នេះ តាម​រូបភាព​ផ្សេងៗ​ដូចជា ឈប់​ផ្ដល់​អំណោយ បើ​មាន​ទុក្ខធុរៈ​ក្នុង​មូលដ្ឋាន​នឹង​មិន​ដោះស្រាយ​ជូន និង​មិន​ចេញ​ប័ណ្ណ​គ្រួសារ ជាដើម។

គួរ​បញ្ជាក់​ថា កន្លងមក លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​ដែល​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច ដោយ​គ្មាន​ការ​គំរាមកំហែង​ណា​មួយ​ពី​អាជ្ញាធរ​មូលដ្ឋាន។

គិត​ត្រឹម​ដំណាច់​ខែ​មករា ឆ្នាំ​២០២២ នេះ កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន ៤៥​ហើយ​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ សម្រេច​ចុះបញ្ជី​ផ្លូវការ​ទៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ និង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស