31 C
Phnom Penh

តុលាការ​កំពូល​តម្កល់​សាលក្រម​សាលាដំបូង​ក្នុង​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ បាន​ប្រកាស​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ទាក់ទង​នឹង​រឿង​ប្រវត្តិ​ថ្ងៃ​៧ មករា និង​ការ​សង់​ស្តូប​មិត្តភាព​វៀតណាម នៅ​ប្រទេស​កម្ពុជា ទុក​ជា​បានការ​ដដែល។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​តុលា ឆ្នាំ​២០២៣ បាន​ផ្ដន្ទាទោស​លោក​ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ដោយ​យោង​តាម​មាត្រា​៤៩៤, ៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

លោក​ត្រូវ​បាន​តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន កាត់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​ហើយ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល (ប្រមាណ ១០០០​ដុល្លារ​អាមេរិក)។

កាលពី​ខែ​មករា ឆ្នាំ​២០២៣ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បាន​និយាយ​ទៅ​កាន់​កម្មករ​ខ្មែរ​នៅ​ទីនោះ ដោយ​រិះគន់​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃទី​៧ ខែ​មករា ជា​ថ្ងៃ​បុណ្យ​ជាតិ។ ទិវា​នេះ ត្រូវ​បាន​សមាជិក​គណបក្ស​ប្រឆាំង​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​វៀតណាម ឈ្លានពាន​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ យក​ស្រុក​ខ្មែរ​ធ្វើ​ជា​អាណានិគម​ថ្មី ដែល​បន្សល់​បញ្ហា​ធំៗ​ដូចជា​អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ បូរណភាព​ដែនដី អព្យាក្រឹតភាព រហូត​ដល់​សព្វថ្ងៃ។

ក្រៅពី​ជាប់​ពន្ធនាគារ​រឿង «ញុះញង់» កាលពី​ខែ​ឧសភា តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន កាត់ទោស​លោក ថាច់ សេដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​អត់​ប្រាក់» តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

លើស​ពី​នេះ តុលាការ​បង្គាប់​ឱ្យ​លោក​ទូទាត់​បំណុល​ដល់​ហាង​បញ្ចាំ​ឈ្មោះ រិន ឆាយ ជាង ៣​ម៉ឺន​ដុល្លារ (៣៣៤០០​ដុល្លារ) ឬ​ស្មើ​នឹង​ប្រមាណ ១១៣,៦​លាន​រៀល​ផង​ដែរ រួម​ទាំង​ត្រូវ​បង់​លុយ​សំណង​ជំងឺចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន ៥​លាន​រៀល ឬ​ប្រហែល ១២៥០​ដុល្លារ​ថែម​ទៀត ប៉ុន្តែ​សំណុំរឿង​នេះ​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុក​ថា​ជា​រឿង​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស