27 C
Phnom Penh

តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា ទុក​ជា​បានការ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ឬ​ចេញ​សែក​ដែល​គ្មាន​ប្រាក់» ទុក​ជា​បានការ​ដដែល​នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​កំពូល​បើក​សវនាការ​លើ​សំណុំរឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​តុលាការ​ថ្នាក់​កណ្តាល​ពី​បទ ចេញ​សែក​ស្អុយ ទុក​ជា​បានការ​ដដែល។

ការ​សម្រេច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ គឺ​ស្ថិត​ក្នុង​របៀបវារៈ​នយោបាយ​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បោស​សម្អាត​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ឧសភា នេះ​ថា ការ​កាត់ទោស​លោក ថាច់ សេដ្ឋា គឺជា​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​មាន​បំណង​កម្ចាត់​បក្ស​ប្រឆាំង​កុំ​ឱ្យ​តវ៉ា​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ច្បាប់​ដែល​កំពុង​គ្រប់គ្រង និង​អនុវត្ត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ប្រើ​ស្តង់ដា​ពីរ មួយ​ផ្នែក​គឺ​ដើម្បី​រឹត​បន្តឹង​ទៅ​លើ​បក្ស​ប្រឆាំង សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដែល​មិន​ស្រប​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

ចំណែក​មួយ​ផ្នែក​ទៀត គឺ​ប្រើ​ដើម្បី​ការពារ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ដូចជា​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​កាលពី​អំឡុង​ឆ្នាំ​២០២៣ កន្លង​ទៅ ក្រោយ​ការ​ប្រកាស​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ខ្លួន​នោះ ជាដើម ដូច្នេះ​ច្បាប់​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​ពលរដ្ឋ និង​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ពី​បទ “មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន” ឬ​ចេញ​សែក​ស្អុយ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

ចំពោះ​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ​លើ​លោក ថាច់ សេដ្ឋា កាលពី​ឆ្នាំ​២០២៣ ក៏​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទុក​ជា​បានការ​ដែរ។ រហូត​ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ តុលាការ​កំពូល​ក៏​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បានការ​បន្ថែម​ទៀត។

ក្រោម​បទ​ចោទ ចេញ​សែក​ស្អុយ នេះ លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន ១៨​ខែ ឬ ១​ឆ្នាំ ៦​ខែ ព្រមទាំង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ៣​លាន​រៀល។ ជាង​នេះ​ទៀត ក៏​ត្រូវ​ទូទាត់​បំណុល​ដល់​ហាង​បញ្ចាំ​ឈ្មោះ រិន ឆាយ ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក (៣៣៤០០​ដុល្លារ) ឬ​ស្មើ​នឹង​ប្រមាណ ១១៣,៦​លាន​រៀល​ផង​ដែរ រួម​ទាំង​ត្រូវ​បង់​លុយ​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន ៥​លាន​រៀល ឬ​ប្រហែល ១២៥០​ដុល្លារ​អាមេរិក​ថែម​ទៀត។

អំឡុង​ពេល​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ​ចាប់តាំងពី​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ មេធាវី​របស់​លោក ថាច់ សេដ្ឋា គឺ​លោក សឺន ជុំជួន បាន​ដាក់​សំណើ​ទៅ​តុលាការ​ស្នើសុំ​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ ក្រោម​ហេតុផល​សុខភាព​មិន​ប្រក្រតី​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវ​តុលាការ​ច្រានចោល​រហូត។

ជុំវិញ​បញ្ហា​នេះ លោក ថាច់ សេដ្ឋា មិន​ត្រឹមតែ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​នៅ​ក្រៅ​ឃុំ​ទេ ថែមទាំង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​លើ​សំណុំរឿង​មួយ​ករណី​ទៀត​ដែរ គឺ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។

ចំពោះ​សំណុំរឿង​ដែល​តុលាការ​បាន​ចោទ​ពី​បទ «ញុះញង់» នេះ លោក ថាច់ សេដ្ឋា ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់​លោក​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០២៣ ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រវត្តិ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស